កំពង់ឆ្នាំង: រថយន្តដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនកាពីតូល ពាក់ស្លាកលេខភ្នំពេញ ៣A-៩៤១២ បានឆេះនៅកំណាត់ខាងក្រោយ បណ្តាលអោយអ្នកជិះនៅលើរថយន្តនេះ ជាច្រើននាក់នាំគ្នាលោតចេញទាំងព្រលឹងចុងសក់។ មូលហេតុដែលបណ្តាលអោយរថយន្តនេះឆេះ គឺដោយសារធ្លាយទុយោប្រេង ហើយហូរទៅប៉ះនិងម៉ាស៊ីន ដែលកំពុងតែក្តៅ បណ្តាលអោយឆេះតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តដែលឆេះនេះ ដឹកអ្នកដំណើរពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់រាជធានីភ្នំពេញ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែឆេះនៅផ្នែកខាងក្រោយហុយផ្សែងទ្រលោមតែម្តង។ អ្នកដំណើរដែលជិះនៅលើរថយន្តនេះ មានការភិតភ័យយ៉ាងខ្លាំង និងបាននាំគ្នាលោតចេញពីលើរថយន្តទាំងព្រលឹងចុងសក់។ ក្រោយពេលកើតហេតុ អ្នកដំណើរទាំងនោះ ត្រូវបានគេយករថយន្តមួយគ្រឿងទៀត មកផ្ទេរដឹកទៅកាន់រាជធានីភ្នំពេញ៕T/L



Blogger Comment
Facebook Comment