បើយោងតាមតួលេខរបស់អាជ្ញាធរ ជនស៊ីវិល ៤២១ នាក់ និងភ្នាក់ងារប៉ូលិស ៤៣ នាក់បានស្លាប់នៅក្នុងថ្លុកឈាមនៅក្នុងព្រឹត្តិការណ៍បង្ក្រាបដោយហិង្សា កាលពីថ្ងៃពុធ។ សាកសពបានស្លាប់រដូករណែលនៅពាសពេញទីលានដែលក្រុមបាតុករបោះទីតាំង។ ក្រុមភាតរអ៊ីស្លាមដែលគាំទ្រលោកមហាម៉េដ ម៉រស៊ី បានប្រកាសតួលេខអ្នកស្លាប់រហូតដល់ ២ ២០០ នាក់ និងអ្នករបួសជាង ១ម៉ឺននាក់។ អ្នកស្លាប់ទាំងនោះសុទ្ធតែត្រូវគ្រាប់កាំភ្លើងក្នុងនោះក៏មានកុមារផងដែរ។
ប្រឈមមុខនឹងស្ថានការណ៍នេះ លោក Mohamed ElBaradei ជ័យលាភីពានរង្វាន់ ណូបែលសន្តិភាព បានលាឈប់ពីមុខតំណែងជាអនុប្រធានាធិបតី ដោយសារតែលោកមិនយល់ស្របចំពោះវិធានការរបស់រដ្ឋាភិបាល ដែលសម្រេចចិត្តបង្ក្រាបក្រុមបាតុករធ្វើឲ្យកើតអំពើហិង្សាយ៉ាងបង្ហូរឈាមបែបនេះ។
បន្ទាប់ពីអំពើហិង្សានេះបានកើតឡើង អាជ្ញាធរបានប្រកាសដាក់ប្រទេសទៅក្នុងភាពអាសន្ន និងបានដាក់បម្រាមគោចរនៅទីក្រុងគែរ និងក្នុងទីក្រុងនិងខេត្តមួយចំនួនទៀត។ ក្រោយពីបម្រាមគោចរចូលជាធរមាន ស្ថានភាពស្ងប់ស្ងាត់បានវិលមកវិញបណ្តើរៗហើយ។ ប៉ុន្តែភាព ស្ងប់ស្ងាត់នេះត្រូវគេមើលឃើញថា ប្រហែលជាមានរយៈពេលខ្លីតែប៉ុណ្ណោះ។
ក្រុមភាតរអ៊ីស្លាមបានអំពាវនាវឲ្យមានមហាបាតុកម្មជាថ្មី ខណៈដែលក្រុមសមត្ថកិច្ចប្តេជ្ញាមិនឲ្យពួកបាតុករចូលមកបោះជំរំសារជាថ្មីបានទៀតឡើយ។ សហគមន៍អន្តរជាតិដែលបានខិតខំយ៉ាងខ្លាំងក្នុងការបញ្ចៀសអំពើហិង្សា បាននាំគ្នាថ្កោលទោសយ៉ាងខ្លាំងចំពោះការបង្ហ្រាបរបស់អាជ្ញាធរអេហ្ស៊ីប។ ពីទីក្រុងវ៉ាស៊ីនតោន លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្កោលទោសអំពើហិង្សាបង្ហូរឈាមនេះ ខណៈដែលលោកស្រី Catherine Ashton ប្រមុខការទូតសហភាពអឺរ៉ុបបានស្នើឲ្យដកចេញនូវបម្រាមគោចរក្នុងប្រទេសឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ទីក្រុងប៉ារីសឯណោះវិញ បានអំពាវនាវឲ្យបញ្ឈប់ការបង្ក្រាបនេះជាបន្ទាន់។ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតដែរ ចំពោះអំពើហិង្សានេះ។ ប្រទេសតួគី និងអ៊ីរ៉ង់ព្រមទាំងពួកហាម៉ាស់ប៉ាឡេស្ទីន ដែលគាំទ្រលោកម៉រស៊ីវិញ បានហៅព្រឹត្តិការណ៍នេះ ថាជាការសម្លាប់មនុស្សយ៉ាងរង្គាល ខណៈដែលទីក្រុងប៊ែរឡាំងបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់នៅក្នុងប្រទេសអេហ្ស៊ីប។
សូមបញ្ជាក់ថា ចាប់តាំងពីការទម្លាក់លោក មហាម៉េដ ម៉រស៊ី ចេញពីតំណែងដោយពួកយោធាកាលពីដើមខែកក្កដាមក អំពើហិង្សាជាបន្តបន្ទាប់បានសម្លាប់មនុស្ស ២៥០ នាក់រួចហើយ។ ជនរងគ្រោះគឺក្រុមភាតរអ៊ីស្លាមដែលគាំទ្រអតីតប្រធានាធិបតី ម៉រស៊ី៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ

Blogger Comment
Facebook Comment