វិធី ៨យ៉ាងដើម្បីចងជើងភរិយា

ការ​សម្រេច​ចិត្ត​ ​ជ្រើស​រើស​យក​នារី​ណា​មួយ​ ​មក​ធ្វើ​ជា​ដៃ​គូ​ជីវិ​ត​ជា​រឿង​ពិបាក​ពេក​ទៅ​ហើយ​។​ ​ប៉ុន្តែ​ក្រោយ​ពេល​បាន​ដូច​បំណង​ប្រាថ្នា​នោះ​ ​ការ​ថែ​រក្សា​មិន​ឲ្យ​របូត​បាត់​ទៅ​វិញ​វា​រឹត​តែ​ពិបាក​ទៅ​ទៀ​ត​ ​បើ​ដូច្នេះ​តើ​មាន​វិធី​ណា​អាចចងជើងនាងបានឬទេ? ចម្លើយឆ្លើយថាគឺពិតជាមាន។ បើចង់ជ្រាបច្បាស់សូមតាមដាននៅក្នុងទំព័រនេះ នោះលោកអ្នកនឹងទទួលបាន នូវចំណេះដឹងថ្មី នៃការចងជើងមនុស្សដែលខ្លួនស្រឡាញ់យ៉ាងច្បាស់។ ឥឡូវនេះយើងសូមលើកយកវិធីសាស្រ្ត ចងជើងភរិយាមកធ្វើការផ្សាយជូនប្រិយមិត្តអ្នកអានជាពិសេសអស់លោកដែលជាសុភាពបុរសវិញម្តង ទុកគ្រាន់ជាចំណេះដឹងនិងអនុវត្តនៅក្នុងគ្រួសារ ដើម្បីបង្កើននូវរសជាតិស្នេហាយ៉ាងផ្អែមល្ហែមប្រកបទៅដោយសុភមង្គល។ មន្តស្នេហ៍របស់ស្វាមី គ្រប់វិធីសាស្រ្តនៅក្នុងការទាក់ទាញទឹកចិត្តភរិយាឲ្យបាក់ចិត្តស្រឡាញ់ស្លុងមកលើរូបបុរសដែលជាស្វាមីនោះ គឺវាពុំមានអ្វីដែលពិបាកធ្វើនោះទេ គ្រាន់តែអនុវត្តនិងប្រកាន់ខ្ជាប់នូវចំណុចមួយចំនួនដូចខាងក្រោមនេះ នោះក្តីស្រមៃរបស់បុរសទាំងឡាយនឹងបានទទួលផ្លែផ្កាជាក់ជាមិនខានឡើយ។

១. ត្រូវមានទំនួលខុសត្រូវលើគ្រួសារៈ បុគ្គលជាស្វាមីគឺជាមនុស្សម្នាក់ដែលមានតួនាទីសំខាន់បំផុតនៅ ក្នុងគ្រួសារហើយក៏ជាទីពំនឹងមួយរបស់ភរិយានិងកូនៗទាំងអស់។ ក្នុងនាមជាបង្គោលមេគ្រួសារត្រូវចេះប្រមើលមើលឲ្យគ្រប់ជ្រុងជ្រោយអំពីស្ថានភាពគ្រួសារនិងសេចក្តីត្រូវការរបស់គ្រួសារ ហើយជាពិសេសត្រូវគិតថាតើប្រពន្ធត្រូវការអ្វីកូនត្រូវការអ្វីនិងថាតើត្រូវធ្វើយ៉ាងណាដើម្បីបំពេញនូវតម្រូវការទាំងអស់នោះ។

២. ត្រូវយកចិត្តទុកដាក់ចំពោះភរិយាៈ ធម្មតាស្រ្តីជាភរិយាមានសេចក្តីសុខបំផុតនៅពេលដែលបុរសជាស្វាមី យកចិត្តទុកដាក់ថ្នាក់ថ្នមនិងផ្តល់ភាពកក់ក្តៅ។ ស្វាមីត្រូវចេះយកចិត្តភរិយាព្រោះស្ត្រីជាភរិយានាងមានភារកិច្ចជាច្រើន ដើម្បីបំពេញចំពោះគ្រួសារ។ ភរិយាមានការពេញចិត្តនិងរឹតតែស្រឡាញ់ប្តីខ្លួនទ្វេដងកាលណាបើប្តីចេះដឹងពីទុក្ខធុរៈ យល់ពីអារម្មណ៍ចេះដឹងពីអ្វីគួរធ្វើនិងអ្វីដែលមិនគួរធ្វើចំពោះភរិយាព្រមទាំងគ្រួសារ។ ការព្រួយបារម្ភចំពោះភរិយាក៏ជាកត្តាមួយសំខាន់ផងដែរ។ នៅពេលដែលភរិយាមានរឿងអ្វីមួយស្រាប់តែបុរសជាប្តីមិនសួរនាំអ្វីទាំងអស់អំពីសុខទុក្ខប្រពន្ធ នេះជាទង្វើមួយដែលធ្វើឲ្យប្រពន្ធមានការអាក់អន់ចិត្តនិងមានអារម្មណ៍ថាប្តីមិនស្រឡាញ់ខ្លួនជាដើម។ ភាពអាក់អន់ចិត្តនេះចេះតែកើនឡើងជារៀងរាល់ថ្ងៃ ហើយចេះតែរក្សាទុកនូវទង្វើខុសរបស់ស្វាមីរហូតដល់ថ្ងៃណាមួយនឹងធ្វើឲ្យអ្នកទាំងពីរអាចមានការរកាំរកូសដាក់គ្នាឈ្លោះប្រកែកគ្នាឬអាចឈានទៅរកការលែងលះគ្នាក៏ថាបាន។

៣. ត្រូវមានភាពស្មោះត្រង់ៈ ស្វាមីនិងភរិយាត្រូវរួមរស់រួមទុក្ខលំបាកជាមួយគ្នាអស់មួយជីវិត។ ដើម្បីឲ្យភរិយាយល់ចិត្តស្រឡាញ់និងមានភក្តីភាព លុះត្រាតែបុរសជាស្វាមីមានភក្តី ភាពនិងភាពស្មោះត្រង់ចំពោះភរិយាជាមុន។ មិនត្រូវមានចិត្តផិតក្បត់ប្រពន្ធទៅធ្វើរឿងអ្វីមួយដែលមិនគប្បីចំពោះប្រពន្ធនោះទេ។ ជាពិសេសមិនត្រូវមានលាក់លៀម ភូតកុហក សូម្បីតែរឿងតូចតាចយ៉ាងណាក៏ដោយ។ មានរឿងអ្វី មួយត្រូវចេះពិភាក្សាគ្នារកចំណុចមួយដែលត្រឹមត្រូវបំផុត រកមធ្យោបាយមួយដែលអាចដោះស្រាយទៅបាន ដោយសន្តិវិធីដោយមិនមានជម្លោះកើតឡើង។

៤. ត្រូវមានការអធ្យាស្រ័យៈ គ្រួសារដែលមានសុភមង្គលទៅ បាន លុះ ត្រាតែចេះគោរពគ្នាទៅ វិញទៅ មក និងចេះអធ្យាស្រ័យចំពោះគ្នាទៅ វិញទៅមក។ ភាពអធ្យាស្រ័យរបស់ស្វាមីចំពោះភរិយាគឺជានិន្នាការមួយដែលប្រកបទៅដោយសុឆន្ទៈដ៏ប្រសើរបំផុតនៅក្នុងជីវិតជាភរិយាស្វាមី។ ធម្មតា អណ្តាតនិងធ្មេញនៅជាមួយគ្នារាល់ថ្ងៃនៅតែមានប៉ះទង្គិចគ្នា ដូចគ្នានឹងការរស់នៅជាមួយគ្នា ជាប្តីប្រពន្ធតែងតែមានទាស់សម្តីគ្នាចៀសមិនផុត។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ បុគ្គលជាស្វាមីមិនត្រូវសម្តែងចេញ នូវកំហឹងទាំងកម្រោលដាក់ភរិយានោះទេ។ មិនត្រូវគិតថា ខ្លួនជាអ្នកត្រូវជានិច្ចនោះទេ ការស្គាល់ពីកំហុសខ្លួននិងរកដំណោះស្រាយដើម្បីសុភមង្គលគ្រួសារគឺប្រសើរបំផុត។ បែបនេះភរិយាច្បាស់ជាស្រឡាញ់លោកអ្នកទ្វេដងបាត់មុខមិនបានជាមិនខានឡើយ។

៥. ត្រូវផ្តល់សិទ្ធសេរីភាពឲ្យភរិយាៈ ទោះបីលោកអ្នកជាបង្គោលដ៏រឹងមាំជាអ្នកទ្រទ្រង់គ្រួសារ ជាអ្នកទទួលបន្ទុកគ្រួសារ យ៉ាងណាក៏ដោយដាច់ខាតមិនត្រូវមានភាពផ្តាច់ការចំពោះភរិយានោះឡើយ។ លើសពីនេះទៅទៀត ត្រូវផ្តល់នូវសិទ្ធិសេរីភាពដល់ភរិយាខ្លះទើបប្រសើរព្រោះភរិយារបស់លោកអ្នកគឺជាមនុស្សម្នាក់ដែលជាដៃគួមួយរូបសាងអនាគតជាមួយលោកអ្នកអស់មួយជីវិត។ ដូច្នេះគប្បីត្រូវឲ្យតម្លៃ និងគោរពសិទ្ធិគ្នាទៅវិញទៅមក និងត្រូវសំយោគរាល់មតិគំនិតរបស់ភរិយាដែលបានផ្តល់យកមកគិតពិចារណា។ ជាការពិតណាស់ ជាទូទៅបុរសជាស្វាមីមិនដែលចង់ឲ្យភរិយារបស់ខ្លួនមានសិទ្ធិសេរីភាពស្មើខ្លួនឡើយ។ ប៉ុន្តែយើងត្រូវតែដឹងថា ធម្មតាសេរីភាពរបស់បុរសវាច្រើនហួសពីស្រ្តីពេកទៅហើយ។ បើដូ ច្នេះត្រូវឲ្យសេរីភាពទៅលើភរិយាខ្លះក៏មិនថ្វី ដែរ។

៦. ត្រូវរៀបចំខ្លួនឲ្យបានសមរម្យ ក្នុងនាមខ្លួនជាអ្នកដឹកនាំទ្រទ្រង់គ្រួសារ គប្បីត្រូវចេះរៀបចំ ខ្លួនឲ្យបានត្រឹមត្រូវទោះបីនៅចំពោះមុខគេឯង ឬភរិយារបស់ខ្លួនក៏ដោយទាំងសម្លៀកបំពាក់ទាំងកាយវិការ។ មិនត្រូវធ្វើខ្លួនដូចជាស្តេច ឬអ្នកបម្រើចំពោះ ភរិយាជ្រុលពេកនោះទេ។ ទោះបីជាលោកអ្នកមានភាពមមាញឹកជាមួយការងារយ៉ាងណាក្តី ក៏ត្រូវមានពេលវេលាខ្លះក្នុងការថែរក្សារូបរាងរបស់ខ្លួនដែរ។ នៅពេលចេញដំណើរទៅណាមកណាតែងតែចង់បាននូវការសរសើរពី សំណាក់ខាងក្រៅថាដៃគូរបស់ខ្លួនស្រស់ស្អាតសមសួន។

៧. ត្រូវឈ្លាសវៃៈ គ្រប់ស្រ្តីទាំងអស់គឺចង់បានបុរសដែលមានភាពក្លាហានឈ្លាសវៃមកធ្វើជាគូអនាគត។ ដូច្នេះនៅពេលលោកអ្នកក្លាយខ្លួនទៅជាស្វាមីរបស់គេបើចង់ឲ្យភរិយាគោរពស្រឡាញ់ ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ចេះបត់បែនតាមកាលៈទេសៈ។ មិនត្រូវធ្វើជាបុរសដែលចាំតែស្រ្តីជាប្រពន្ធដឹកមុខដើរនោះទេ។ ប្តីត្រូវតែមានមេគំនិតមួយយ៉ាងសំខាន់សម្រាប់ដោះស្រាយហេតុការណ៍អ្វីមួយជាក់ស្តែង។ ស្រ្តីគ្រប់រូបមិនចូលចិត្តស្វាមីណាដែលល្ងង់ជាងខ្លួន មិនចេះធ្វើអ្វីទាំងអស់ចេះតែអឺអើតាមភរិយាដោយគ្មានការគិតពិចារណាអ្វីបន្តិចសោះ នោះទេ។ បុរសជាស្វាមីដាច់ខាតត្រូវតែមានភាពវៃឆ្លាតប៉ិនប្រសប់ចំពោះកិច្ចការផ្សេងៗ ដែលទាមទារឲ្យមានការទំនាក់ទំនង ជាមួយសង្គមខាងក្រៅជាចាំបាច់។

៨. ត្រូវមានសមត្ថភាពទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ចំណុចនេះគឺជាប្រការមួយយ៉ាងសំខាន់បំផុតដែលបុរសជាប្តីចាំបាច់ត្រូវតែមានដែលខានពុំបាន។ ស្វាមីត្រូវមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់ស្ថានភាពគ្រួសារទាំងស្រុង។ ទោះបីជាភរិយាមានចំណូលហើយក្តី ក៏បុរសជាស្វាមីត្រូវមានកាតព្វកិច្ចទំនុកបម្រុងរាល់ចំណូលចំណាយរបស់គ្រួសារ។ ត្រូវមានទំ នួលខុសត្រូវចំពោះសេចក្តីត្រូវការ និងសេចក្តីចង់បានរបស់គ្រួសាររួមមានតម្រូវការរបស់ភរិយានិងតម្រូវការរបស់កូន។

បណ្តាំផ្ញើ
ប្រសិនបើលោកអ្នកអនុវត្តទៅតាមចំណុច ដូចដែលបានជម្រាបជូនខាងលើនេះនោះភរិយារបស់លោកអ្នកពិតជាមិនអាច ឃ្លាតចាកចេញឆ្ងាយបានឡើយ។ លើសពីនេះទៅទៀតរឹតតែមានចិត្តគោរពស្រឡាញ់លោកអ្នកជាប្តីខ្លាំងឡើងទ្វេដងថែមទៀតជាមិនខានឡើយ។

ប្រភពពី ភូមិ​អច្ឆរិយៈ


Share on Google Plus
    Blogger Comment
    Facebook Comment