សាលារាជធានីភ្នំពេញ ក្លាយជាចំណាប់ខ្មាំង ពេញមួយថ្ងៃ របស់ក្រុមតវ៉ា រឿងដីធ្លី

ប្រភព៖ ដើមអម្ពិល
ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានក្លាយជា ចំណាប់ខ្មាំង ពេញមួយថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០១៣ របស់ក្រុមតវ៉ា រឿងដីធ្លី ដោយពួកគេបាននាំគ្នា បិទមួយកំណាត់ផ្លូវ ព្រះមុនីវង្ស មុខសាលារាជធានី ភ្នំពេញតែម្តង ហើយបន្ទាប់មកទៀត មានការដុតកង់រថយន្ត បណ្តាលឲ្យ ឆេះចេញជាអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅ មុនពេលដែលពួកគេ បានយកមេសោរទៅចាក់ របងទ្វារកណ្តាល និងខាងជើង ក្នុងគោលបំណង មិនឲ្យថ្នាក់ដឹកនាំ និងមន្រ្តីសាលា រាជធានីភ្នំពេញ អាចធ្វើដំណើរ ចេញចូលបាន។

សកម្មជនតវ៉ារឿងដីធ្លី ខាងលើ ដែលមកបិទផ្លូវព្រះមុនីវង្ស ចាប់តាំងពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ នោះ គឺមកពី តំបន់បឹងកក់ មួយចំនួនតូច ដឹកនាំដោយ ឈ្មោះ ទេព វ៉ាននី មកពីបូរីកីឡា និងព្រះសង្ឃប្រមាណ៥០នាក់ ។

ក្រុមតវ៉ាទាំងនេះបាននាំឈរ និងដាក់រាំង បិទផ្លូវព្រះមុនីវង្ស មិនអាចធ្វើដំណើរ បានឡើយ ពីសំណាក់ប្រជាពលរដ្ឋ ដែលឆ្លងកាត់ មុខសាលារាជធានីភ្នំពេញ ហើយថែមទាំងធ្វើឲ្យ ថ្នាក់ដឹកនាំ និងមន្រ្តីសាលារាជធានី ភ្នំពេញ មិនអាចចេញ និងចូល បានទៀតផង រហូតដល់ម៉ោង ៧៖៣០នាទី យប់ថ្ងៃដដែល ទើបរឿងរ៉ាវត្រូវបានបញ្ចប់ ។

ចំពោះសកម្មភាពតវ៉ា ទាំងនេះកម្លាំង សមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ មិនត្រូវបានឲ្យ មានវិធានការណ៍ បំបែកនោះឡើយពោល គ្រាន់តែជួយសម្រួលចរាចរណ៍ និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋប៉ុណ្ណោះ។

ជុំវិញបញ្ហានេះអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ៧៖៣០នាទី យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ទើបថ្នាក់ដឹកនាំ និងមន្រ្តីសាលារាជធានី ភ្នំពេញ អាចធ្វើដំណើរចេញពីសាលារាជធានីភ្នំពេញបាន ក្រោយពីមាន សម្របសម្រួល និងដោះស្រាយ រវាងថ្នាក់ដឹកនាំ សាលារាជធានីភ្នំពេញ និងក្រុមតវ៉ា ព្រមទាំង លោក ហូរ វ៉ាន់ អ្នកតំណាងរាស្រ្ត មណ្ឌលភ្នំពេញ គណបក្សសង្គ្រោះជាតិ ។

បើតាមលោក ឡុង ឌីម៉ង់ បានថ្លែងថា ថ្នាក់ដឹកនាំ និងមន្រ្តីសាលារាជធានីភ្នំពេញ ប្រមាណ ១០០នាក់ ត្រូវបានឃុំជាប់នៅ ក្នុងសាលារាជធានីភ្នំពេញ មិនអាចចេញមកក្រៅបានឡើយ ដោយសារតែក្រុមតវ៉ា នាំគ្នាបិទពីមុខនោះ។

យ៉ាងណាក៏ដោយ នេះជាការអត់ធ្មត់ របស់រាជរដ្ឋាភិបាល និងអាជ្ញាធរ រាជធានីភ្នំពេញ ចំពោះសកម្មភាពតវ៉ា របស់ក្រុមបាតុករ ដោយមិនមានការបំបែក ពីកងកម្លាំងប្រដាប់អាវុធនោះឡើយ ហើយក៏គ្មាន ការប៉ះទង្គិចគ្នានោះទេ៕

Photo by DAP-NEWS
Photo by DAP-NEWS
មន្រ្តីសាលារាជធានីភ្នំពេញ នាំគ្នាហូបនំប័ង នៅពេលជាប់គាំង ចេញក្រៅអត់រួច
Photo by DAP-NEWS
Photo by DAP-NEWS
CH-0761


Share on Google Plus
    Blogger Comment
    Facebook Comment