អាជ្ញាធរភ្នំពេញ ថ្កោលទោស ចំពោះក្រុម អនាធិបតេយ្យ បិទផ្លូវដែលបង្ក ឲ្យមានបញ្ហាវឹកវរ

ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤នេះ បានចេញសេចក្តីថ្លែង ការណ៍ មួយដោយបានថ្កោលទោសទៅលើក្រុមអនាធិបតេយ្យ ដែលបានប្រើប្រាស់អំពើហិង្សា ដោយបិទផ្លូវ ដុតបំផ្លាញទ្រព្យសម្បត្តិឯកជន គំរាមកំហែងដល់អ្នកវិនិយោគ ស្ថិតនៅក្នុងបុរីសួន កាណាឌីយ៉ា និងបុរីសួនវឌ្ឍនៈ ព្រមទាំងគំរាមដុតបំផ្លាញរោងចក្រនៅក្នុងតំបន់ទាំងនោះទៀតផង។

សេចក្តីថ្លែងការណ៍ខាងលើបន្តថា “សាលារាជធានីភ្នំពេញសូមធ្វើការថ្កោលទោស ចំពោះសកម្មភាព យ៉ាងកម្រោលនេះ និងសូមអំពាវនាវជនរួមជាតិ ជាពិសេសបងប្អូនកម្មករ-កម្មការិនី រក្សាភាពស្ងប់ ស្ងៀម និងចូលធ្វើការងារតាមរោងចក្រ សហគ្រាស ក្នុងជីវភាពធម្មតាឡើងវិញ ដើម្បីទុកពេលជូន រាជរដ្ឋាភិបាលរួមជាមួយ សហជីព កម្មករ និងសមាគមកាត់ដេរធ្វើការពិគ្រោះពិភាក្សា ដោះស្រាយ បញ្ហាពាក់ព័ន្ធប្រាក់ឈ្នួលគោលអប្បបរមាបន្តទៀត”។

ប្រភពខាងលើបន្តថា នៅថ្ងៃទី២-៣ខែមករា នេះ មានក្រុមអនាធិបតេយ្យមួយចំនួនបានដើរបង្កការ អុកឡុក ញុះញង់ អូសទាញ និងប្រើអំពើហិង្សាទៅលើកម្មករ-កម្មការិនី នៅតាមរោងចក្រ សហគ្រាស និងបិទផ្លូវសាធារណៈមួយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

សេចក្តីថ្លែងការណ៍បន្ថែមថា សកម្មភាពខាងលើនេះ មិនមែនផ្តើមចេញពីកម្មករ ទេ ធាតុពិតមានការ ឆ្លៀតឱកាសរបស់មជ្ឈដ្ឋានពីខាងក្រៅ ពិសេសអ្នកនយោបាយឆ្លៀតប្រើប្រាស់ឆន្ទៈរបស់កម្មករ ដើម្បីអុជអាលញុះញង់ បង្កើតឲ្យមានភាពវឹកវរចលាចល និងអំពើហិង្សា ប៉ះពាល់ដល់ផលប្រយោជន៍ ស្របច្បាប់របស់កម្មករ អ្នកវិនិយោគនិងសន្តិសុខ សណ្តាប់ធ្នាប់សង្គម៕













Share on Google Plus
    Blogger Comment
    Facebook Comment