ជំនួប​លោក​ហ៊ុន សែន និង​លោកស៊ូបេឌី នឹង​​បន្ធូរ​ភាព​អាប់អ៊ួរ​នៃ​បញ្ហា​​សិទ្ធិមនុស្ស​​នៅ​កម្ពុជា

ប្រភព គេហទំព័រថ្មីថ្មី
គម្រោង​ជួបពិភាក្សា​គ្នា​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​សូ​រី​យ៉ា ប្រាសាទ ស៊ូ​បេ​ឌី អ្នករាយការណ៍​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ ត្រូវបាន​មន្ត្រី​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​អ្នកវិភាគ​មើលឃើញថា វា​ជាស​ញ្ញា​ដ៏​ល្អ​ក្នុងការ​បន្ធូរ​បរិយាកាស​អាប់អួរ​នៅ​កម្ពុជា។ អ្នកវិភាគ និង​មន្ត្រីជាន់ខ្ពស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​ហៅ​ការជួបគ្នា​នោះ ថា​ជា​ឱកាស​ដែល​រដ្ឋាភិបាល​និង​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​UN អាច​ជជែក​អំពី​អំពើហិង្សា និង​បញ្ហា​ទំនាស់​ផ្នែក​នយោបាយ​នៅ​កម្ពុជា​ផងដែរ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោក​សាស្ត្រាចារ្យ​ស៊ូ​រិ​យ៉ា ប្រាសាទ ស៊ូ​បេ​ឌី អ្នករាយការណ៍​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​នឹង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី១០របស់លោក​នៅ​កម្ពុជា​នៅ​សប្តាហ៍​ក្រោយនេះ។

គម្រោង​​​ជំនួប​រវាង​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ក្លាយជា​ករណី​ពិ​សេសមួយ​នៅពេលនេះ ដោយសារតែ នៅក្នុង​ដំណើរ​ទស្សនកិច្ច​មុនៗ លោក​ស៊ូ​បេ​ឌី​មិនដែល​បាន​ជួប​លោកនាយក​រដ្ឋមន្ត្រី បើ​ទោះ​មានការ​ស្នើសុំ​ជួប​ក៏ដោយ។

តើ​ជំនួប​អ្នក​ទាំងពីរ​នៅពេលនេះ​មាន​អត្ថន័យ​ដូចម្តេច?
ក្រុម​អ្នកដឹកនាំ​អង្គការសិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​និយាយដូចៗគ្នា​ថា វា​ជាស​ញ្ញា​ល្អ។ ជា​សញ្ញា​ល្អ​នៃ​ការផ្សះផ្សារ​ស្នាម​នៃ​ការប៉ះទង្គិច​គ្នា​រវាង​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​ភ្នំពេញ​ផង និង​ជា​ឱកាស​ដែល​ការទូត​ទាំងពីរ​ត្រូវ​លើកឡើង​អំពី​ករណី​ហិង្សា​កន្លងមក​រវាង​សមត្ថកិច្ច និង​បាតុករ ដែល​បានធ្វើអោយ​មនុស្ស​ស្លាប់​ជា​បន្ទាប់។ ជាហេតុ​ការណ៍​ហិង្សា​នៅក្រោយ​ការបោះឆ្នោត​នីតិកាល​ទី៥នៅ​កម្ពុជា។

«វា​ជា​ឱកាស​ដែល​រដ្ឋាភិបាល ត្រូវ​ពន្យល់​ប្រាប់​តំណាង​អង្គការសហប្រជាជាតិ ដើម្បី​បន្ថយ​ភាព​តានតឹង​បន្ទាប់ពី​ខ្លួន​បាន​ប្រើប្រាស់​ការបង្ក្រាប​យ៉ាងធ្ងន់ធ្ងរ ទៅលើ​ក្រុមអ្នកតវ៉ា​នៅ​ក្រោយ​​ការបោះឆ្នោត»។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោក​ធន់ សា​រ៉ា​យ ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក។ លោក​ធន សា​រ៉ា​យ បាន​អះអាងថា៖«វា​ជា​រឿង​ចាំបាច់ ដែល​លោកនាយក​រដ្ឋមន្ត្រី​ត្រូវ​ជួប​លោក​ស៊ូ​បេ​ឌី ព្រោះ​រដ្ឋាភិបាល​អាចមាន​ឱកាស​ដើម្បី​បញ្ជាក់ប្រាប់​ពិភពលោក​ពី​ការបង្ក្រាប​របស់ខ្លួន​កាលពី​ប៉ុន្មាន​ថ្ងៃមុន ដែល​រង​ការរិះគន់​ពី​អន្តរជាតិ»។

លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​មានជំនឿថា ការជួបគ្នា​រវាង​លោក​ហ៊ុន សែន និង​អ្នករាយការណ៍​ពិសេស​នាពេល​ខាងមុខនេះ នឹង​អាចធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​ដែល​កំពុង​តានតឹង​មាន​ភាព​ធូរស្រាល​ជាមុន។ លោក​បញ្ជាក់ថា៖« បញ្ហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង ការបង្ក្រាប​លើ​បាតុករ និង​ការបាញ់សំលាប់​អ្នក​តវ៉ា​កន្លងមកនេះ នឹងត្រូវ​បាន​យកមក​ជជែក​ឲ្យ​ជាក់លាក់​រវាង​រដ្ឋាភិបាល និង​តំណាង​អង្គការសហប្រជាជាតិ»។ យ៉ាងណាក៏ដោយ​លោក​អ៊ូ វីរៈ បាន​អះអាងថា​សង្គម​ស៊ីវិល​នឹង​តាមដាន​លទ្ធផល​នៃ​ជំនួប​នោះ។

ការ​ជាប់គាំង​នៃ​ការដោះស្រាយ​បញ្ហា​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ លើ​យន្តការ​កែទម្រង់​ការបោះ​ឆ្នោត​នោះ ត្រូវបាន​លោក​កែម ឡី​អ្នកវិភាគ​ឯករាជ្យ​នៅ​កម្ពុជា មានជំនឿថា អាច​នឹងត្រូវ​បាន​លោក ហ៊ុន សែន លើក​យកមក​ជជែក​ជាមួយ​លោក​ស៊ូ​បេ​ឌី។ បើតាម​លោក​កែម ឡី ការកែទម្រង់​ការបោះឆ្នោត គឺជា​ប្រធានបទ​ដ៏​សំខាន់​ដែល​អាចជួយ​បន្ថយ​សម្ពាធ​នយោបាយ​ដែល​កំពុងពុះ​កញ្ជ្រោល។ លោក​បញ្ជាក់ថា៖« គាត់​អាច​ជំរុញ​ឲ្យ​ប្រមុខ​បក្ស​ជាប់ឆ្នោត​ទាំងពីរ​កសាង​ទំនុកចិត្ត​ដល់​គ្នា ដើម្បី​ឈានទៅ​ធ្វើ​កំណែរ​ទម្រង់ការ​បោះឆ្នោត​ដ៏​ជាក់លាក់» ទោះយ៉ាងណា​ក៏ដោយ គេ​ត្រូវ​នៅ​រង់​ចាំមើល និង​ស្តាប់​លទ្ធផល​នៃ​ជំនួប​ដ៏​កម្រ​នោះ​៕

Screen Shot 2014-01-10 at 9.35.07 AM
Share on Google Plus
    Blogger Comment
    Facebook Comment