ព្រះសីហនុៈ បុរសចំណាស់ ជនជាតិ កាណាដាម្នាក់ ជាថៅកែអាហារដ្ឋាន និងផ្ទះសំណាក់ បានដាច់ខ្យល់ ស្លាប់ ខណៈដែលប្រពន្ធ បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ បង្អែកខេត្ត ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់មានឈ្មោះ FOX REBERT AITKEN អាយុ៧២ឆ្នាំ សញ្ជាតិកាណាដា កាន់លិខិតឆ្លងដែនលេខ GG325426 ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៣ ផុតកំណត់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ទិដ្ឋាការលេខ EI00588529 ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ផុតកំណត់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ មុខរបរ ជាថៅកែអាហារដ្ឋាន និងផ្ទះសំណាក់ ដាយវ៉ឺ អ៊ីន DIVERS INC ស្ថិតក្នុងក្រុម២៥ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ចូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ប្រភពពីសាក្សីឈ្មោះ ម៉េង សុធារី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិអំពិល ឃុំអំពិល ស្រុក កំពង់សៀម ខេត្តកំពង់ចាម ដែលត្រូវជាប្រពន្ធ របស់ជនរងគ្រោះបានបញ្ជាក់ប្រាប់ថា ប្តីរបស់គាត់ (សព) មានអាការៈបេះដូងមិនប្រក្រតី ហើយនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្រាប់តែប្តីរបស់គាត់មាន អាការៈញ័រទ្រូង ភ្លាមនោះគាត់ក៏បានបញ្ជូនប្តីរបស់គាត់ទៅកាន់គ្លីនិកឯកជន ប៉ុន្តែដោយអាការៈធ្ងន់ធ្ងរពេក គាត់ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែពេលដែលបញ្ជូនទៅដល់លោកគ្រូពេទ្យ ដែល ប្រចាំការនៅទីនោះ បានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ ស្លាប់បាត់ទៅហើយ
លោកវេជ្ជបណ្ឌិត សែជូ សិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា តាមការសន្និដ្ឋានជំហានដំបូង ជនរងគ្រោះអាច ស្លាប់ដោយគាំងបេះដូង ។ បច្ចុប្បន្នសពកំពុងតម្កល់ទុក ក្នុងហាងរបស់ខ្លួន រង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតសាម៉ី ៕




Blogger Comment
Facebook Comment