ក្រឡាប់គោយន្ដ ធ្លាក់ចូលស្ទឹង ស្លាប់ និងរបួសធ្ងន់ ស្រាល ១៥នាក់

ប្រភព ដើមអម្ពិល
បាត់ដំបង ៖ គ្រោះថ្នាក់បើកគោយន្ដ ក្រឡាប់ធ្លាក់ពីលើស្ពាន ចូលស្ទឹងនៅភូមិ ជ្រៃ១ ព្រំប្រទល់ភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្ដបាត់ដំបង កាលពី វេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៤ បានផ្ដាច់ជីវិត មនុស្សជិះនៅលើគោយន្ដចំនួន ៥នាក់ ដែល ជាសាច់ញាតិនឹងគ្នា និងរបួស ធ្ងន់ស្រាល១០ នាក់ ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា គ្រោះថ្នាក់ក្រឡាប់គោយន្ដ ធ្លាក់ពីលើស្ពានចូលស្ទឹងខាងលើនេះ បាន បង្កឱ្យមានការភ្ញាក់ផ្អើល ខណៈ ដែលជនរង គ្រោះទាំងអស់ កំពុងធ្វើដំណើរតាមគោ យន្ដ ចេញពីហូបការនៅភូមិម្រះព្រៅ ហើយអ្នកបើកគោយន្ដ រាងស្រវឹងផងនោះ បើកលឿនដល់ផ្លូវកែង ក៏បុកនឹងបង្កាន់ដៃ ស្ពាន ក្រឡាប់ធ្លាក់ចូលស្ទឹងបណ្ដាលឱ្យស្លាប់ និងរបួសរដួករណែលលើដី ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា អ្នក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុមាន២នាក់ ហើយ ៣នាក់ផ្សេងទៀត បានស្លាប់ពេល បញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯអ្នករងរបួស ធ្ងន់មានចំនួន ៦នាក់ និងរបួសស្រាលមាន ៤នាក់ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុនោះ ជួយដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរ ពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

សេចក្ដីរាយការណ៍ ពីជនរងគ្រោះនៅ ក្នុងហេតុការណ៍ក្រឡាប់យន្ដ ធ្លាក់ចូលស្ទឹង ដែលបានប្រាប់សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ ថា មុនពេលកើតហេតុពួកគេទាំង អស់គ្នា បានធ្វើដំណើរតាមគោយន្ដ ចេញពីហូបការ បងប្អូននៅភូមិម្រះព្រៅ លុះពេលធ្វើ ដំណើរជិតដល់ស្ពាន ជនរងគ្រោះជាម្ដាយ អ្នកបើកគោយន្ដ បានប្រាប់ឱ្យ កូនរបស់ខ្លួន បន្ថយល្បឿន ដោយសារតែនៅខាងមុខជា ផ្លូវកែង ប៉ុន្ដែ អ្នកបើកគោយន្ដបែរជាមិន ស្ដាប់ និងមានអាការៈស្រវឹងផងនោះ ក៏នៅ បន្ដបើកលឿន ជ្រុល ទៅបុកបង្កាន់ដៃស្ពាន ក្រឡាប់ចូលទៅក្នុងស្ទឹងស្លាប់ និងរបួសតែម្ដងទៅ ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជន រងគ្រោះដែលស្លាប់ទាំង ៥នាក់ រួមមាន ទី១ ឈ្មោះ ច្រឹង វិន អាយុ ៥៧ឆ្នាំជាប្ដី ទី២ ឈ្មោះ រ៉ាយ ឆាយ ជាប្រពន្ធអាយុ ៦៣ឆ្នាំ ដែលជនរងគ្រោះទាំងពីរនាក់នេះ គឺជាឪពុក ម្ដាយអ្នកបើកគោយន្ដ ហើយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯជនរងគ្រោះ ៣នាក់ ផ្សេងទៀត ដែលស្លាប់ពេល បញ្ជូនទៅកាន់ មន្ទីរពេទ្យនោះ រួមមាន ឈ្មោះ រ៉េត សារ៉ូត អាយុ ៨ឆ្នាំ ឈ្មោះ វិន សា អាយុ ១២ឆ្នាំ និងទី៣ ឈ្មោះ ប៉ះ ចក់ អាយុ ៣៣ឆ្នាំ។

រីឯ អ្នករងរបួសទាំង ១០នាក់ គឺជាសាច់ញាតិ និងបងប្អូនរបស់ជនរងគ្រោះ ហើយបច្ចុប្បន្ន កំពុងសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។ ក្រោយកើតហេតុកម្លាំង សមត្ថកិច្ច និងកម្លាំងសមត្ថកិច្ចមូលដ្ឋានបាន ចុះទៅជួយអន្ដរាគន៍ភ្លាមៗ និងជួយដឹកជន រងគ្រោះទៅកាន់មន្ទីរពេទ្យ ៕




Share on Google Plus
    Blogger Comment
    Facebook Comment