ប្រភព ដើមអម្ពិល
- ចន្លោះប្រហោង របស់មន្រ្តីអនុវត្តច្បាប់ ធ្វើឲ្យពលរដ្ឋអស់ជំនឿ យកជើងដៃកាត់ក្តីជំនួស
ភ្នំពេញ៖ នៅក្នុងវីដេអូឃ្លីបរយៈពេលជាង ៨នាទី បង្ហាញពីការចប់ជនសង្ស័យមួយរូប ដែលក្រុមប្រជាពលរដ្ឋអះអាង ថា ជាចោរគាស់ផ្ទះនោះ និងស្វាគមន៍ដោយជើង ដៃយ៉ាងដំណំនោះ ត្រូវបាន ចែកចាយជាបន្តបន្ទាប់នៅព្រឹកថ្ងៃ ទី០១ ខែ មីនា ឆ្នាំ២០១៤ នេះ ហើយបានក្លាយជាចំណីចក្ខុដ៏ទាក់ទាញ និងទទួលបានការចាប់អារម្មណ៍យ៉ាង ច្រើនពីអ្នកនិយមគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
វីដេអូឃ្លីបបង្ហាញសកម្មភាពប្រជាពលរដ្ឋចាប់បានបុរសម្នាក់ ដែលសង្ស័យជាចោរគាស់ផ្ទះនេះ តាមការនិយាយ របស់ប្រជាពលរដ្ឋនៅក្នុងវីដេអូ បានបញ្ជាក់ថា ធ្លាប់បានធ្វើសកម្មភាពជាញឹកញាប់ និងលួចទ្រព្យសម្បត្តិប្រជា ពលរដ្ឋអស់ជាច្រើនផងដែរ តែមិនដែលចាប់បាននោះទេ។ តែពេលនេះត្រូវភ្លាត់ស្នៀត ពេលដែលបម្រុងធ្វើសកម្ម ភាពគាស់ផ្ទះជាថ្មីទៀត ក៏ត្រូវប្រជាពលរដ្ឋចាប់បានតែម្តង។
តាមរយៈវីដេអូនេះ ក្រោយការចាប់បាន ក្រុមប្រជាពលរដ្ឋ បានស្វាគមន៍យ៉ាងចាស់ដៃ ដោយប្រើកណ្តាប់ដៃ និង រន្ទះជើងវាយតប់ទៅលើជនសង្ស័យរូបនេះ។
តែអ្វីដែលធ្វើឲ្យអ្នកបានមើលវីដេអូឃ្លីបមួយនេះ ចាប់អារម្មណ៍នោះ បុរសជាជនសង្ស័យក្រោយប្រជាពលរដ្ឋចាប់ បានហើយ ហាក់មិនមានអារម្មណ៍ក្លាចរអានោះឡើយ មិនតែប៉ុណ្ណឹងគេបានបោះពាក្យសម្តីយកអំណាចបងរបស់ គេមកគំរាមប្រជាពលរដ្ឋ ដែលវាយតប់គេនោះថែមទៀត។
ទោះបីជាយ៉ាងណា អ្នកបង្ហោះវីដេអូឃ្លីបលើបណ្តាញសង្គមហ្វេសប៊ុក មិនបានបញ្ជាក់ថា រឿងហេតុនេះ បានកើត ឡើងនៅទីណា ហើយនៅពេលណានោះទេ។
តាមរយៈវីដេអូឃ្លីបនេះ ក៏បានឆ្លុះបញ្ចាំងផងដែរ អំពីភាពសកម្មភាពរបស់មន្រ្តីសមត្ថកិច្ចមូលដ្ឋាន។
ចំណុចអស កម្មរួមមាន៖ ជនសង្ស័យរូបនេះ តាមប្រជាពលរដ្ឋអះអាងថា បានធ្វើសកម្មភាពច្រើនលើកច្រើនសារ តែហេតុអ្វី ក៏ គ្មានចំណាត់ការពីមន្រ្តីមូលដ្ឋាន បង្កឲ្យប្រជាពលរដ្ឋរស់ទាំងអារម្មណ៍ភ័យព្រួយ។
តើមន្រ្តីនគរបាលមូលដ្ឋានមិន បានទទួល និងស្តាប់នូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលទេរឺ?
ចំណុចសកម្មមួយទៀតនោះ ក្នុងនាមជាសមត្ថកិច្ចមិនត្រឹមតែចាប់ចោរមិនបាននោះទេ នៅពេលប្រជាពលរដ្ឋចាប់ បានជនសង្ស័យហើយ ទូរស័ព្ទទៅកាន់សមត្ថកិច្ចមកទទួលជនសង្ស័យ សមត្ថកិច្ចនៅមានភាពយឺតយ៉ាវទៅ ទៀត។
ជាក់ស្តែងក្នុងវីដេអូឃ្លីបនេះ ប្រជាពលរដ្ឋបានទូរស័ព្ទទៅសមត្ថកិច្ចជាច្រើននាទី តែមិនឃើញវត្តមានសមត្ថកិច្ចមក កាន់កន្លែងកើតហេតុនោះទេ ប្រសិនបើកំហឹងប្រជាពលរដ្ឋពុះកញ្ជ្រោលខ្លាំងវាយជនសង្ស័យរហូតស្លាប់ តើនរ ណាទទួលខុសត្រូវចំពោះមុខច្បាប់។
បើបុរស ដែលប្រជាពលរដ្ឋចាប់ និងវាយតប់ជាចោរពិតប្រាកដវិប្បដិសារី មិនសូវមាននោះទេ តែផ្ទុយទៅវិញ រូបគេជាជនរងគ្រោះ ដែលប្រជាពលរដ្ឋចាប់ច្រឡំ តើក្រុមគ្រួសាររបស់បុរស រូបនេះ នឹងត្រូវឈឺចាប់យ៉ាង?
មួយវិញទៀត តាមរយៈវីដេអូនេះ វាឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌យកអំពើហិង្សា ជំនួសការអនុវត្តន៍ច្បាប់របស់ប្រ ទេសកម្ពុជា ដែលជាប្រទេសហត្ថលេខីនៃកិច្ចចរចា ទីក្រុងប៉ារីស និងជាសមាជិក នៃអង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់នូវការគោរពសិទ្ធិ របស់មនុស្សជាតិ ហើយសកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់ថា បានរំលោភទៅលើសិទ្ធិមនុស្សជាតិ ហើយក៏ពី ច្បាប់របស់ប្រទេសកម្ពុជាផងដែរ។
តើហេតុអ្វី បានប្រជាពលរដ្ឋតែប្រើអំពើហិង្សា និងចង់ផ្តាច់ជីវិតរាល់ជនសង្ស័យ ដែលពួកគេចាប់បាននោះ?
ការសម្រេចវិនិច្ឆ័យទោសដោយច្បាប់សាធារណជននេះ បង្កឡើងដោយបញ្ហាធំបំផុត គឺប្រជាពលរដ្ឋអស់ជំនឿ ជាក់ទៅលើការអនុវត្តន៍ច្បាប់របស់មន្រ្តី ដែលជារឿយមន្រ្តីអនុវត្តន៍ច្បាប់ តែងតែយកវប្បធម៌នីទណ្ឌភាពមកអនុវត្ត ជារឿយៗ ជាថ្នូរនឹងលាភសក្ការៈ។
ជាញឹកញាប់គេតែងបានឮការរអ៊ូរទាំចេញពីមាត់ប្រជាពលរដ្ឋមិនថា តែនៅទីក្រុង ឬទីជនបទក៏ដូចគ្នាដែរ ក្រុមបង តូចបងធំ ឬក្រុមចោរហារយលួចគោក្របី លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជាដើម នៅក្រោយពេលចាប់ខ្លួនបាន ហើយមិនយូរប៉ុន្មាន ក៏ឃើញជននោះមានសេរីភាពឡើងវិញ ហើយបោះពាក្យសម្តីឌឺដងឲ្យប្រជាពលរដ្ឋថែម ទៀត។
ការរួចទុក្ខទោសរបស់ជនទាំងនោះ ត្រូវបានប្រជាពលរដ្ឋអះអាងថា ដោយសារតែពួកគេជាអ្នកមានលុយ ហើយ សូកទៅឲ្យមន្រ្តីសមត្ថកិច្ចទាំងអស់នោះទៅ ជាការស្រេច។
អាស្រ័យហេតុនេះហើយ ទើបប្រជាពលរដ្ឋតែង សម្រេចចិត្តកាត់ក្តីទៅលើបុគ្គល (ជនសង្ស័យ) ដែលខ្លួនចាប់បាន ដោយកណ្តាប់ដៃ រន្ទះជើង ដំបងវាយដំ មាន ពេលខ្លះភ្លាត់រហូតដល់ស្លាប់ក៏មាន។
រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី រួមនិងមន្រ្តីអ្នកអនុវត្តន៍ច្បាប់ផ្ទាល់ ត្រូវតែគិតគូរឡើងវិញ ពីបញ្ហានៃការអនុវត្តន៍ ច្បាប់ទាំងអស់នេះ បើមិនដូច្នេះទេ ជំនឿជាក់លើប្រព័ន្ធច្បាប់របស់ពលរដ្ឋកម្ពុជា នឹងលែងមាន។
ប្រទេសដែល ពលរដ្ឋលែងគោរពច្បាប់ វានឹងបង្កជាភាពអណាធិបតេយ្យ ហើយក៏ប្រហែលជាងនឹងឈានដល់ការនិយាយលែង ស្តាប់គ្នានៅក្នុងជាតិសាសន៍តែមួយផងដែរ៕
Blogger Comment
Facebook Comment