ភ្នំពេញ: សីតុណ្ហភាពអតិបរិមា បានឡើងដល់កម្រិត ចន្លោះពី ៣៨ ទៅ ៣៩ អង្សាសេ នៅខេត្តភាគពាយព្យ នៃប្រទេសកម្ពុជា ដោយសារនៅក្នុងរដូវប្រាំង កន្លងទៅនេះ គ្មានភ្លៀងកក់ខែសោះ។ ភ្លៀងកក់ខែ អាចនឹងកើតមានក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី២១ ឬ ២២ ខែមីនា។ ពេលភ្លៀង អាចនាំមកជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំង។
លោកអ៊ុំ រីណា ប្រធាននាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក បាននិយាយថា សីតុណ្ហភាពអតិបរិមា បានឡើងដល់កម្រិតចន្លោះពី ៣៨ ទៅ ៣៩ អង្សាសេ នៅបណ្តាខេត្ត ភាគពាយព្យ នៃប្រទេសកម្ពុជា ដោយសារនៅក្នុងរដូវប្រាំងនេះ គ្មានភ្លៀងកក់ខែសោះ។ ភាពរាំងស្ងួត នៅក្នុងរដូវប្រាំង បានកើតមានឡើងទូទាំងតំបន់អាស៊ី។
ប្រភពដដែល បានឲ្យដឹងទៀតថា សីតុណ្ហភាពអាចនឹងចុះបន្តិចមកវិញ ក្រោយពីមានភ្លៀងកក់ខែ ធ្លាក់ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី២១ ឬ ២២ ខែមីនា ភ្លៀងអាចនឹងមានច្រើន រហូតដល់ដក់ទឹក។ តែកន្លែងដែលមានភ្លៀងតិច អាចនឹងមានខ្យល់កន្ត្រាក់បោកបក់ខ្លាំង បង្កឲ្យមានមហន្តរាយដល់ផ្ទះសម្បែង របស់ប្រជាពលរដ្ឋ។
តាមប្រភពដដែល បញ្ជាក់ថា ចូលដល់ខែមេសា អាចនឹងមានភ្លៀងកក់ខែ ធ្លាក់ញឹកញាប់ តែមិនច្រើន ដូចខែមេសា ឆ្នាំ២០១៣នោះទេ។ អាកាសធាតុក្តៅខ្លាំង ពេលមានភ្លៀង គឺមានខ្យល់ខ្លាំង ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត។
អាកាសធាតុ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ត្រូវបានគេសង្កេតឃើញថា មានការប្រែប្រួលខ្លាំង ដូចជានៅក្នុងរដូវវស្សា មានភ្លៀងធ្លាក់ មកម្តងៗ មានកម្រិតច្រើន ព្យុះកើតមានច្រើន និងខ្លាំងៗ សីតុណ្ហភាពអប្បរិមា ចុះទាបមិនធ្លាប់ មានអ័ព្ទច្រើន និងពេលនេះ សីតុណ្ហភាពក្តៅខ្លាំង ចាប់តាំងពីព្រឹកព្រលឹម រហូតដល់ថ្ងៃលិច៕V/s
Blogger Comment
Facebook Comment