ប្រភព៖ CEN
ភ្នំពេញ: ស្ត្រីឡង់សេស្រាបៀរម្នាក់ត្រូវប៉ូលិសប៉ុស្តិ៍ចោមចៅឃាត់ខ្លួន កាលពីវេលាម៉ោង២រំលងអាធ្រាត្រថ្ងៃទី៨មេសា២០១៤ នៅក្លឹបហ្វាយនែន ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីបុរសម្នាក់យកនាងទៅដេកមួយយប់ ហើយលួចយកទូរស័ព្ទ iPhone ២ គ្រឿង និងលុយ ១០០ ដុល្លារ គេចបាត់តាំងពីថ្ងៃទី២៤មីនាមកម្ល៉េះ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះគឹម ស្រីរ័ត្ន អាយុ២០ឆ្នាំ ជាស្ត្រីឡង់សេស្រាបៀរ មានស្រុកកំណើតឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះឈ្មោះប៉ូ រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនទេសចរណ៍ ស្នាក់នៅភូមិ១៩សង្កាត់ស្រះចក ខណ្ឌដូនពេញ។ បាត់បង់ ទូរស័ព្ទ iPhone ២ គ្រឿងនិងលុយ ១០០ ដុល្លារ។
ប៉ូ រ៉ាវី បានបំភ្លឺប្រាប់ប៉ូលិសថា កាលពីយប់ថ្ងៃទី២៤មីនា២០១៤ គឹម ស្រីរ័ត្ន បានទូរស័ព្ទហៅគាត់ទៅផឹកស៊ីនៅក្លឹបហ្វាយនែន។ ពេលផឹកស្រាបៀរអស់២កេស ស្រវឹងក៏នាំនាងទៅដេកនៅផ្ទះសំណាក់យូស៊ីធី ក្នុងតម្លៃ៥០ដុល្លារ។ បន្ទាប់ពីរួមរ័ក្សអស់កម្លាំងក៏ដេកលក់ ហើយនាងក៏លួចយកទូរស័ព្ទ និងលុយទៅបាត់។ លុះនៅយប់ថ្ងៃទី៨មេសានេះ ឃើញនាងមកក្លឹបក៏ឃាត់ខ្លួនឲ្យប៉ូលិសតែម្តង៕L
Blogger Comment
Facebook Comment