-------------------
បន្ទាយមានជ័យ ៖ ទណ្ឌិត និងពិរុទ្ធជនប្រមាណជិត៩០០នាក់ ដែលនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យរីករាយសប្បាយ និងបានធ្វើបុណ្យដាក់បាត្រឧទ្ទិសកុសល លេងល្បែងប្រជាប្រិយរយៈពេល៣ថ្ងៃដូចប្រជាពលរដ្ឋទូរទៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆស័ក ព,ស ២៥៥៨។
លោក ហ៊ិន សុផល ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ដោយមានការអនុញ្ញាតពីនាយកដ្ឋានពន្ធនាគារ លោកបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ជនជាប់ឃុំទាំងអស់ឲ្យមានឱកាសធ្វើបុណ្យឧទ្ទិសកុសល លេងល្បែងប្រជាប្រិយដូចប្រជាពលរដ្ឋដទៃទៀត តែគ្រាន់តែពួកគាត់គ្មានសិទ្ធិដើរហើរចេញក្រៅពីរង្វង់ដែលបានកំណត់ក្នុងពន្ធនាគារឡើយ។
កម្មវិធីដែលបានរៀបចំគឺមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់១៦ មេសា ២០១៤ ដោយថ្ងៃទី១៣ លោកបាននិមន្តព្រះសង្ឃសូត្រមន្តបង្សុកូល រាប់បាត្រ ដែលពិធីនេះមានការចូលរួមពីលោក ឈុំ វណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ មន្ត្រីអនុរក្ស ទណ្ឌិតនិងពិរុទ្ធជនទាំងអស់សុទ្ធតែបានចូលរួមឧទ្ទិសមគ្គផលជូនដល់បុព្វការីជនរៀងៗខ្លួន។
ក្រៅពីថ្ងៃទី១៣ នេះនៅថ្ងៃទាំង៣ នៃថ្ងៃបុណ្យចូលឆ្នាំលោក បានឲ្យអ្នកជាប់ឃុំទាំងអស់ប្រកួតកីឡាបាល់ទះ លេងល្បែងប្រជាប្រិយ មានរត់បាវ វាយឆ្នាំងដី បូមទឹកដាក់ដប បោះអង្គញ់ ចោលឈូង រាំងកម្សាន្តតាមក្បាច់ប្រពៃណី។
លោក ឈុំ វណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជារៀងរាល់ពិធីបុណ្យធំៗ ប្រពៃណីខ្មែរ ដូចជាបុណ្យភ្ជុំ ចូលឆ្នាំ ពន្ធនាគារខេត្តបន្ទាយមានជ័យតែងរៀបចំពិធីតាមបែបសាសនា និងមានការរៀបចំលេងល្បែងកម្សាន្ត។ ជាមួយគ្នានោះ លោកក៏បានផ្តាំផ្ញើដល់ទណ្ឌិតនិងពិរុទ្ធជនទាំងអស់ ត្រូវខិតខំកសាងខ្លួនធ្វើជាមនុស្សល្អ ពេលដែលចេញពីពន្ធនាគារ និងត្រូវខិតខំរៀនសូត្រ នូវវិជ្ជាវគ្គផ្សេងៗ ដែលពន្ធនាគារបង្ហាត់បង្រៀន។
ជាមួយនឹងការរៀបចំកម្មវិធីខាងលើ ធ្វើឲ្យទណ្ឌិតនិងពិរុទ្ធជនទាំងអស់មានភាពសប្បាយរីករាយយ៉ាងពន់ពេកដូចជាប្រជាពលរដ្ឋដទៃ៕




Blogger Comment
Facebook Comment