ស្លាប់​៣២​នាក់​និង​របួស​២៥២​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​

ប្រភព CEN
-------------
ភ្នំពេញ: នៅក្នុង​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​១៤.១៥.១៦ ខែមេសា នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស បានសម្លាប់​មនុស្ស​ចំនួន​៣២​នាក់ និង​២៥២​នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល​។ 

​យោងតាម​របាយការណ៍​តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ដែល​បង្ហាញ​ដោយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៤ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទាំង​ប្រទេស ២៥​លើក (​យប់ ១៦​លើក​), មាន​មនុស្ស​ស្លាប់ ៧​នាក់ និង មាន​មនុស្ស​រងរបួស​ស្រាល ១៧​នាក់​(​ស្រី ៣​នាក់​),​របួសធ្ងន់​៣៤​នាក់ (​ស្រី ១០​នាក់​)​។

ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៤ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស ៤៦​លើក (​យប់ ២៤​លើក​), មាន​មនុស្ស​ស្លាប់ ១៦​នាក់ និង មាន​មនុស្ស​រងរបួស​ស្រាល ២១​នាក់​(​ស្រី ៤​នាក់​) , របួសធ្ងន់ ៦១​នាក់ (​ស្រី ៦​នាក់​)​។ នៅ​ថ្ងៃទី​១៦ ខែមេសា ចំនួន​មនុស្ស​ស្លាប់​ដោយ​ចរាចរណ៍​មាន​៩​នាក់ និង​របួស​១១៩​នាក់​ក្នុង​ហេតុការណ៍​កើតឡើង​ចំនួន​៥០​លើក​។​

 ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៤៦​លើក បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ៧៥​គ្រឿង ក្នុងនោះ​ម៉ូតូ ៦១​គ្រឿង , រថយន្ត​ធុន​តូច ១២​គ្រឿង​, យាន​ផ្សេងៗ ២​គ្រឿង និង​ថ្មើរជើង​៦​នាក់​។​ ​គួរ​បញ្ជាក់ថា ចំនួន​គ្រោះថ្នាក់​រយៈពេល​៣​ថ្ងៃ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​២០១៤​នេះ មាន​ចំនួន​តិចជាង​ឆ្នាំ​២០១៣ ដែល​កាលពី​ឆ្នាំមុន​នោះ មាន​មនុស្ស​ស្លាប់​៦៧​នាក់ និង​របួស​៣០៣​នាក់​ដោយសារ​ករណី​ចរាចរណ៍​។ ​

ការថយចុះ​នៃ​ចំនួន​មនុស្ស​ស្លាប់​និង​រងរបួស ត្រូវគេ​និយាយថា​ដោយសារតែ​ការធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ខ្លាំងក្លា ជុំវិញ​ការគោរព​ច្បាប់​ចរាចរណ៍​និង​សុ​វត្តិភាព​ធ្វើដំណើរ​នៅមុន​ពេល​បុណ្យ ចូលឆ្នាំ​ខ្មែរ​បានមក​ដល់​៕T/L
គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​

Share on Google Plus
    Blogger Comment
    Facebook Comment