អាមេរិកបញ្ឈប់លែងឲ្យចរាចរក្រដាសប្រាក់ ៥០០$ ១.០០០$ ៥.០០០$ ១០.០០០$ និង ១០០.០០០ $ ក្នុងឆ្នាំ ១៩៦៩
រូបិយវត្ថុដែលមានខ្នាតតម្លៃខ្ពស់ (ក្រដាសប្រាក់ធំ) បានត្រូវគេស្គាល់ទូទៅចាប់តាំងពីការចេញផ្សាយដំបូង របស់រដ្ឋាភិបាល អាមេរិកក្នុងឆ្នាំ ១៨៦០ ។ ក្រដាសប្រាក់ដែលគេនិយមកាន់គឺក្រដាស ៥០០ ដុល្លារ ១.០០០ ដុល្លារ ៥.០០០ ដុល្លារ និង ១០.០០០ ដុល្លារ បានចេញផ្សាយក្នុងឆ្នាំ ១៨៦១ ក្នុងនោះក្រដាស ៥.០០០ និង ១០.០០០ ដុល្លារអាមេរិកបានត្រូវដាក់ឲ្យចរាចរក្នុងឆ្នាំ ១៨៧៨ ។ មានម៉ូដ និងប្រភេទខុសៗគ្នាជាច្រើននៃក្រដាសប្រាក់ដែលមានខ្នាតតម្លៃខ្ពស់ ។
ក្រដាសប្រាក់ដែលមានខ្នាតតម្លៃខ្ពស់ (រួមទាំងក្រដាសដែលមានខ្នាតតម្លៃ ១ ដុល្លារ រហូតដល់ ១០០ ដុល្លារ) បានត្រូវចេញផ្សាយ (លើកទីពីរ) ក្នុងឆ្នាំ ១៩២៩ ក្នុងទំហំតូចជាងមុន ដែលនៅរក្សាទម្រង់រហូតដល់សព្វថ្ងៃនេះ ៖
- ក្រដាស ៥០០ ដុល្លារ ($) : រូបលោក វីលៀម ម៉ាកគីនឡេ (William McKinley) ប្រធានាធិបតីអាមេរិកទី ២៥ (ឆ្នាំ ១៨៩៧-១៩០១)
- ក្រដាស ១.០០០ ដុល្លារ ($) : រូបលោក ហ្គ្រូវើ ក្លេវើលែន (Grover Cleveland) ប្រធានាធិបតីអាមេរិកទី ២៤ (ឆ្នាំ ១៨៨៥-៨៩ និង ឆ្នាំ ១៨៩៣-៩៧)
- ក្រដាស ៥.០០០ ដុល្លារ ($) : រូបលោក ជេមស៍ ម៉ាឌីសុន (James Madison) ប្រធានាធិបតីអាមេរិកទី ៤ (ឆ្នាំ ១៨០៩-១៧)
- ក្រដាស ១០.០០០ ដុល្លារ ($) : រូបលោក សាលម៉ុន ភី ឆេស (Salmon P. Chase) រដ្ឋមន្ត្រីយុត្តិធម៌ទី ៦ (ឆ្នាំ ១៨៦៤-៧៣)
- ក្រដាស ១០០.០០០ ដុល្លារ ($) : រូបលោក វូដរ៉ូវ វីលសុន (Woodrow Wilson)
ប្រធានាធិបតីអាមេរិកទី ២៨ (ឆ្នាំ ១៩១៣-២១)
ម៉ូដក្រដាសប្រាក់ទាំងសងខាងគឺជាការងារវិចិត្របែបអរូបីដែលមាន កំណត់សម្គាល់ខ្នាតតម្លៃដ៏ស្រស់ស្អាត ។ ក្រដាសប្រាក់ទាំងអស់ត្រូវបានបោះពុម្ពជាពណ៌បៃតង លើកលែងតែស៊េរីក្រដាសប្រាក់មាសឆ្នាំ ១៩៣៤ ដែលត្រូវបានបោះពុម្ពជាពណ៌ទឹកក្រូចនៅផ្នែកម្ខាងទៀត ។ ប្រភេទក្រដាសប្រាក់ឆ្នាំ ១៩៣៤ ទាំងអស់នេះ (១០០ $, ១០០០$, ១០.០០០$, និង ១០០.០០០$) បានត្រូវចេញផ្សាយ បន្ទាប់ពីស្តង់ដារមាសបានត្រូវច្បាប់ហាមឃាត់ ហើយមាសត្រូវបានរឹបអូសជាដាច់ខាតដោយបទបញ្ជារបស់ប្រធានាធិបតី លោក ហ្វ្រែងគ្លីន រូសេវែល (Franklin Roosevelt) នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩៣៣ ហេតុនេះហើយទើបក្រដាសប្រាក់ទាំងនេះត្រូវបានប្រើប្រាស់សម្រាប់តែ ប្រតិបត្តិការក្នុងជួររដ្ឋាភិបាលប៉ុណ្ណោះ និងមិនត្រូវបានចេញផ្សាយដល់សាធារណៈជននោះទេ ។
ក្នុងចំណោមក្រដាសប្រាក់ទាំងនេះ មានតែក្រដាស ១០០.០០០ ដុល្លារប៉ុណ្ណោះមើលទៅរាងចម្លែកខុសគេបន្តិច ខណៈដែលវាជាក្រដាសប្រាក់មាសតែមួយគត់បោះពុម្ពក្នុងឆ្នាំ ១៩៣៤ ។ ក្រដាសប្រាក់ ១០០.០០០ ដុល្លារនេះលែងបន្តបោះពុម្ពនៅឆ្នាំ ១៩៤០ ។
ក្រដាសប្រាក់ដទៃទៀតក៏ត្រូវបានបោះពុម្ពជាពណ៌ខ្មៅ និង បៃតងវិញ ។
ទោះបីជាក្រដាសប្រាក់ទាំងនេះតាមន័យបច្ចេកទេសនៅតែមានតម្លៃខាង ផ្លូវច្បាប់ក្នុងសហរដ្ឋអាមេរិកក៏ដោយ ក៏ក្រដាសប្រាក់ដែលមានខ្នាតតម្លៃខ្ពស់ទាំងនេះ (៥០០$ ១.០០០$ ៥.០០០$ ១០.០០០$ និង ១០០.០០០ $) បានត្រូវបោះពុម្ពលើកចុងក្រោយបំផុតក្នុងឆ្នាំ ១៩៤៥ និង ឈប់ត្រូវបានប្រើជាផ្លូវការនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ១៩៦៩ ដោយប្រព័ន្ធរតនាគារអាមេរិក ។ មានក្រដាសប្រាក់ ១០.០០០ ដុល្លារ តែ ១០០ សន្លឹកប៉ុណ្ណោះបានត្រូវរក្សាទុកបានយ៉ាងល្អជាច្រើនឆ្នាំដោយលោក Benny Binion ជាម្ចាស់កាស៊ីណូ Binion’s Horseshoe ក្នុងទីក្រុងឡាសវ៉េសហ្គាស រដ្ឋណេវ៉ាដា ជាទីដែលក្រដាសប្រាក់ទាំងនេះបានត្រូវតាំងបង្ហាញនៅក្នុងកញ្ចក់ជ័រ ដែលស្រោបជិតមួយ ។
ក្រោយពីការប្រកាសឈប់ប្រើក្រដាសប្រាក់ទាំងនេះមក រតនាគារអាមេរិកបានចាប់ផ្តើមប្រមូលយកក្រដាសប្រាក់ធំ ឬក្រដាសប្រាក់ដែលមានខ្នាតតម្លៃខ្ពស់ទាំងនេះចេញពីចរាចរណ៍ក្នុង ឆ្នាំ ១៩៦៩ ។ គិតត្រឹមថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០០៩ មានក្រដាសប្រាក់ ១០.០០០ ដុល្លារតែ ៣៣៦ សន្លឹកតែប៉ុណ្ណោះដែលនៅសេសសល់ ចំណែកក្រដាសប្រាក់ ៥០០០ ដុល្លារនៅសល់ ៣៤២ សន្លឹក និងក្រដាសប្រាក់ ១.០០០ ដុល្លារ នៅសល់ ១៦៥.៣៧២ សន្លឹក ។
ដោយសារតែភាពកម្ររបស់ប្រាក់ទាំងនេះ ក្រុមអ្នកប្រមូលរបស់របរដេញថ្លៃអាចនឹងពិចារណាទិញយកក្រដាសប្រាក់ ទាំងនេះក្នុងតម្លៃថ្លៃជាងតម្លៃពិតនៅលើក្រដាសប្រាក់ទាំងនេះទៀត ។ ក្រដាសប្រាក់ទាំងនេះមួយចំនួនបានស្ថិតនៅក្នុងសារៈមន្ទីរជាច្រើននៅ ជុំវិញពិភពលោក ។
សម្រាប់បណ្តារដ្ឋជាច្រើន ក្រដាសប្រាក់ទាំងនេះធ្លាប់បានត្រូវប្រើដោយធនាគារ និង រដ្ឋាភិបាលសហព័ន្ធសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុទ្រង់ទ្រាយធំពី ឆ្នាំ ១៨៦៥ ដល់ ១៩៣៤ ។ ទោះយ៉ាងណា ការណែនាំនូវប្រព័ន្ធរូបិយវត្ថុតាមប្រព័ន្ធអេឡិចត្រូនិចបានធ្វើ ឲ្យប្រតិបត្តិការទូទាត់ជាសាច់ប្រាក់ទ្រង់ទ្រាយធំក្លាយជាហួសសម័យ ។
នៅពេលគួបផ្សំគ្នាជាមួយនឹងក្តីបារម្ភអំពីការក្លែងបន្លំក្រដាសប្រាក់ និង ការប្រើប្រាស់ក្នុងសកម្មភាពខុសច្បាប់ដូចជាការជួញដូរថ្នាំញៀន ខុសច្បាប់ និង ការលាងលុយ អាមេរិកទំនងនឹងមិនចេញរូបិយវត្ថុដែលមានខ្នាតតម្លៃធំរបៀបនេះឡើងវិញ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះទេ ថ្វីបើចំនួនអតិផរណាបានកើនឡើងចាប់តាំងពីឆ្នាំ ១៩៦៩ ក៏ដោយ ។ យោងតាមវេបសាយរបស់ក្រសួងរតនាគារអាមេរិកបានឲ្យដឹងថា “ខ្នាតតម្លៃរូបិយវត្ថុបច្ចុប្បន្នរបស់យើងក្នុងផលិតកម្មគឺ $១, $២, $៥, $១០, $២០, $៥០, និង $១០០ ។ ទាំងក្រសួងរតនាគារ និង ប្រព័ន្ធរតនាគារគ្មានផែនការណាមួយដើម្បីផ្លាស់ប្តូរខ្នាតតម្លៃដែល កំពុងប្រើប្រាស់សព្វថ្ងៃនេះទេ” ៕
ប្រភព៖ នាយកដ្ឋានឧត្ដមសិក្សា / Department of Higher Education
Blogger Comment
Facebook Comment