ការកែព្រហ្មចារីមិនមែនជារឿងមួយដែលអាក្រក់នោះទេ ផ្ទុយទៅវិញវាជារឿងមួយដែលល្អសម្រាប់ស្ដ្រីដែលបានបាត់បង់ នូវភាពបរិសុទ្ធដោយប្រការណាមួយ។
ស្ដ្រីដែលបានបាត់បង់នូវភាពបរិសុទ្ធតែងតែមានការព្រួយបារម្ភជាខ្លាំង ជាពិសេសចំពោះអនាគតស្វាមីតែម្ដង។ ដូច្នេះហើយទើបធ្វើឱ្យស្ដ្រីមួយចំនួនបានសម្រេចចិត្ដកែព្រហ្មចារី សាជាថ្មីម្ដងទៀត ព្រោះតែការយល់ថាភាពបរិសុទ្ធគឺជាវត្ថុដ៏មានតម្លៃបំផុតសម្រាប់បុរស ដែលជាអនាគតស្វាមី។
លោកវេជ្ជបណ្ឌិត រីដ សេហ្វផល ប្រធានវះកាត់ជម្ងឺទូទៅ និងវះកាត់កែសម្ផស្ស នៅគ្លីនិក ឌីប្រេស លោកនឹងធ្វើការពន្យល់ អំពីវិធីកែព្រហ្មចារី។
ព្រហ្មចារីជាអ្វី?
ព្រហ្មចារីគឺជាសន្ទះស្បែកស្ដើង នៅក្នុងទ្វារមាសស្ដ្រី ហើយមានរន្ធប្រហោង ដើម្បីឱ្យឈាមរដូវធ្លាក់ចេញមក។ គេអាចនិយាយបានម្យ៉ាងទៀតថា ព្រហ្មចារីគឺសំដៅទៅលើ ភាពស្អាតបរិសុទ្ធទាំង ផ្លូវកាយទាំងផ្លូវចិត្ដ ដែលមិនមានដាច់រហែក និងមិនធ្លាប់បានឆ្លងកាត់ការរួមភេទ ទោះក្នុងករណីណាក៏ដោយ។
តើអ្វីទៅគឺជាការកែព្រហ្មចារី?
ការកែព្រហ្មចារីគឺជា ការកែសន្ទះព្រហ្មចារី ដែលដាច់រហែកមកជិត ដូចដើមវិញ។ ការដាច់រហែកសន្ទះព្រហ្មចារី គឺបណ្ដាលមកពីកត្ដាច្រើនយ៉ាង ដែលទាក់ទង ទៅនឹងសកម្មភាពប្រចាំថ្ងៃ ដូចជាដើរ ដេក ឈរ អង្គុយកន្ធែកជើង ការធ្វើការងារធ្ងន់ និងហាត់កីឡាជាដើម។ រាល់ស្ដ្រីឱ្យតែបានឆ្លងកាត់ការរួមភេទ ចំពោះសន្ទះព្រហ្មចារីសុទ្ធតែ ទទួលការធ្លុះរហែកទាំងអស់។ ចំពោះក្មេងស្រីដែលទើបនឹងពេញវ័យ ងាយនឹងទទួលរងនូវការដាច់រហែកសន្ទះ ព្រហ្មចារីណាស់ ជាក់ស្ដែងដូចជាការប្រើប្រាស់ថ្នាំសុល ចូលទៅដល់ទ្វារមាសជាដើម។
វិធីកែព្រហ្មចារី
ព្រហ្មចារីមិនអាចកែបានទាំងអស់ ឬទាំងស្រុងនោះទេ អាចកែបានតែចំពោះស្ដ្រី ដែលមានសល់បំណែកខ្លះៗរបស់សន្ទះ ក្រដាសព្រហ្មចារីតែប៉ុណ្ណោះ ដោយការដេរភ្ជាប់គ្នាឱ្យដូចដើមវិញ។ តែបើសិនជាស្ដ្រី ដែលមិនមានបំណែកសល់ នៃសន្ទះក្រដាស ព្រហ្មចារីគឺមិនអាចកែបាននោះទេ។ នៅពេលដែលកែព្រហ្មចារីហើយ មានស្ដ្រី ៩០ភាគរយ ដែលមានធ្លាក់ឈាមដូចជា ក្រមុំបរិសុទ្ធនៅពេលដែលរួមភេទ ជាមួយដៃគូឬក៏ជាស្វាមី ជាលើកដំបូងបន្ទាប់ពីកែហើយ។
សារៈប្រយោជន៍នៃការកែព្រហ្មចារី
ការកែព្រហ្មចារីគឺ ពិតជាផ្ដល់សារៈប្រយោជន៍ យ៉ាងច្រើនចំពោះស្ដ្រី ដែលបានបាត់បង់នូវភាពបរិសុទ្ធ ហើយក៏មិនមែនជារឿងមួយ ដែលអាក្រក់នោះដែរ។ ផ្ទុយទៅវិញវាជារឿងមួយល្អ សម្រាប់សុភាពនារី ដើម្បីបញ្ជាក់ថា ខ្លួននៅតែមានភាពបរិសុទ្ធទុក ជូនបុរសដែលជាអនាគត ស្វាមី ដើម្បីឱ្យស្វាមីមានភាពសប្បាយចិត្ដ និងទុកចិត្ដចំពោះនារី ដែលជាភរិយារបស់ខ្លួន និងអាចរស់នៅជាមួយគ្នាយ៉ាង មានភាពកក់ក្ដៅ និងមានសេចក្ដីសុខបំផុត។
ផលប៉ះពាល់នៃការកែព្រហ្មចារី
ជាធម្មតានៅពេលដែលកែព្រហ្មចារី អាចធ្វើឱ្យហើមប្រដាប់ភេទ និងមានការឈឺចាប់បន្ដិចបន្ដួចតែប៉ុណ្ណោះ មិនមានអ្វីធ្ងន់ធ្ងរនោះទេ។ តែបើសិនជាអ្នកនាងកញ្ញា ទៅធ្វើការកែព្រហ្មចារីនៅកន្លែងដែលមិនមាន សុវត្ថិភាព ឬគ្មានមិនមានជំនាញច្បាស់លាស់ អាចបង្កឱ្យអ្នកនាងកញ្ញា មានផលប៉ះពាល់ជាច្រើន ដូចជាឆ្លងនូវមេរោគផ្សេងៗ នៅក្នុងទ្វារមាស ដែលធ្វើឱ្យកើតមានបញ្ហាដែល មិនអាចស្មានដល់។ ដូចនេះស្ដ្រីគ្រប់រូប ដែលចង់កែព្រហ្មចារី ឱ្យមានសាជាថ្មីម្ដងទៀតនោះ គឺត្រូវតែទៅកន្លែងដែលមានសុវត្ថិភាព និងមានជំនាញខ្ពស់បំផុត ព្រោះកន្លែងដែលមានសុវត្ថិភាព និងមានជំនាញច្បាស់លាស់ គឺអាចឱ្យអ្នកនាងកញ្ញាចៀសផុត ពីការឆ្លងនៅមេរោគផ្សេងៗ ជាច្រើនដែល បង្កឱ្យមាន បញ្ហាចំពោះសុខភាព។
វិធីការពារក្រោយពេលកែព្រហ្មចារី
វិធីការពារនៅក្រោយពេលកែព្រហ្មចារី វាជារឿងមួយសំខាន់ណាស់សម្រាប់ សុភាពនារី ដូចនេះនៅក្រោយពេលដែលកែ ហើយមិនត្រូវធ្វើការរួមភេទភ្លាមៗនោះទេ គឺត្រូវតមការរួមភេទរយៈពេល ១ខែ ការធ្វើបែបនេះ គឺដើម្បីឱ្យមុខរបួសឆាប់ជាសះស្បើយ។ ម្យ៉ាងទៀតនៅមុនពេល ដែលរួមភេទត្រូវតែទៅឱ្យ អ្នកជំនាញពិនិត្យមើល សាជាថ្មីម្ដងទៀត និងទទួលការណែនាំ ពីអ្នកជំនាញនៅពេលរួមភេទ ជាលើកដំបូងបន្ទាប់ពីកែហើយ។ នៅក្រោយពេលដែលរួមភេទជាលើកដំបូង គឺតែងតែមានការឈឺចាប់ និងមានឈាមដូចជានារីក្រមុំបរិសុទ្ធ។ ម្យ៉ាងទៀតបើសិនជាមានបញ្ហា អ្វីមួយនៅក្រោយពេលដែលរួមភេទហើយ ដូចជាមានការឈឺចាប់យូរថ្ងៃ គួរតែប្រញាប់មកពិភាក្សាជាមួយអ្នកជំនាញ មិនត្រូវបណ្ដោយទុកយូរថ្ងៃពេកនោះទេ។ ត្រូវមកជួបជាមួយអ្នកជំនាញ ដើម្បីឱ្យអ្នកជំនាញពិនិត្យរកមូលហេតុ ចៀសវាងកើតមានដំណាក់កាលធ្ងន់ធ្ងរ។
ដំបូន្មានអ្នកជំនាញ
សុភាពនារីគ្រប់រូបគួរតែយល់ដឹងថា ព្រហ្មចារីគឺមានតែម្ដងគត់ សម្រាប់មួយជីវិត បើសិនជាសុភាពនារីចង់ថែរក្សាសន្ទះ ព្រហ្មចារីកុំឱ្យដាច់រហែក ត្រូវតែមានការប្រយ័ត្នប្រយែងជានិច្ច ព្រោះសន្ទះព្រហ្មចារីស្ដើងណាស់។ គួរចៀសវាងចំពោះការងារធ្ងន់ មិនត្រូវអង្គុយចោងហោងឬកន្ធែកជើង មិនត្រូវប្រើប្រាស់ថ្នាំសុល និងធ្វើលំហាត់ប្រាណ ខ្លាំងៗពេកនោះទេ។ ជាពិសេសសុភាពនារីគ្រប់រូប មិនត្រូវរួមភេទមុនរៀបការនោះទេ ព្រោះធ្វើឱ្យសុភាពនារី បាត់បង់នូវវត្ថុដ៏មានតម្លៃ ដែលអនាគតស្វាមីគិតថា ព្រហ្មចារីមានសារៈសំខាន់ណាស់ សម្រាប់កាត់បុរសដែលជាស្វាមី។ បើសិនជាសុភាពនារីចង់ធ្វើការកែព្រហ្មចារី គួរតែស្វែងរកកន្លែងដែលមានជំនាញ ហើយមានសុវត្ថិភាព ដើម្បីការពារកុំឱ្យកើតមាន បញ្ហាមិនល្អសម្រាប់សុខភាព។
ប្រភព: healthcambodia
Blogger Comment
Facebook Comment