តាកែវ: បុរសវ័យចំណាស់ ៣នាក់បានជិះម៉ូតូទៅបុកឡានដឹកដែកចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យ ២នាក់បានស្លាប់កៀបជាប់ជាមួយនឹងឡាន និងម្នាក់ទៀតផ្លោងចេញពីម៉ូតូប្រហែល១០ម៉ែត្ររងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តតាកែវ។ ហេតុការណ៍បានកើតឡើង នៅតាមបណ្តោយផ្លូវវាង លេខ២១ ស្ថិតក្នុងភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី៣ ឧសភា ២០១៤។
គ្រួសារជនរងគ្រោះ បាននិយាយ អ្នកទាំងបីទើបតែចេញពីកន្លែងផឹកស៊ី ក្នុងពិធីភ្ជាប់ពាក្យក្មួយនៅភូមិជ្រៃ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកអធិការក្រុងដូនកែវ បានឱ្យដឹងថា រថយន្ដដែលបុកជាមួយម៉ូតូនោះម៉ាក Nissan ភ្លៅប្រាំ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ តាកែវ 3A-0289 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ ដោយបន្សល់រថយន្តនៅកន្លែងកើតហេតុ។
ចំណែកជនរងគ្រោះឈ្មោះ ម៉ម លី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិជ្រៃ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ បើកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខតាកែវ 1B-1786 និងមានឌុបអ្នករួមដំណើរជាមួយពីរនាក់ ឈ្មោះ ជា ជិន ភេទប្រុស អាយុ៧៥ឆ្នាំ រស់នៅភូមិអង្គតាចាន់ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ កែវ សឿន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវរងរបួសធ្ងន់ នៅសល់តែដង្ហើមចង្រិតតែប៉ុណ្ណោះ។ វត្ថុតាង ត្រូវបានកងកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ យកមករក្សាទុក៕ L
Blogger Comment
Facebook Comment