កូនកំលោះ​ចិន ៧ នាក់​ខូចចិត្ត​ឥតឧបមា​បន្ទាប់ពី​កូនក្រមុំ​រកបាន​តាម​អ៊ីមែល​របស់​ពួកគេ​រត់ចោលស្រុក​បន្ទា​ប់​ពី​ការ​បាន ៧ ថ្ងៃ​

ប្រភព CEN
ដោយ​បន្ទរ​តាម​ភាពយន្ត​ដ៏​ល្បី​រឿង Runaway Bride (​កូនក្រមុំ​រត់ចោល​កូនកំលោះ​) កសិករ​ចិន​ចំនួន ៧ នាក់​មកពី​តំបន់​ដូចគ្នា​ឥឡូវ​ត្រូវបាន​ពួកនាង​ធ្វើ​ឲ្យ​នៅ​លីវ​បន្ទាប់ពី​កូនក្រមុំ​រកបាន​តាម​អ៊ីមែល​របស់​ពួកគេ​ទាំងអស់​បាន​ចាក​ចេញពី​ចិន​ជាមួយគ្នា​។

​ទោះយ៉ាងណា ពួកគេ​ព្រាត់​គ្នា​រាង​ល្អមើល​ជាង​បុរស​ក្នុង​ភាពយន្ត​ឆ្នាំ ១៩៩៩ នេះ​ទៅទៀត ដែល​ក្នុង​រឿងនេះ​តួ​ស្រី Maggie Carpenter សម្តែង​ដោយ​នាង Julia Roberts បាន​រត់ចោល​កូនកំលោះ​ជាច្រើន​នាក់​នៅ​ព្រះវិហារ​។

​កសិករ​ទាំងនេះ​យ៉ាងហោចណាស់​ក៏បាន​រៀបការ​ជាមួយ​ស្រីៗ​ដែល​ពួកគេ​ទិញ​ពី​វៀតណាម​ដែរ​។ ប៉ុន្តែ​ចំណងអាពាហ៍ពិពាហ៍​រប​ស់​ពួកគេ​មិនមាន​រយៈពេល​យូរ​នោះទេ ដោយ​ពួកនាងៗ​បាន​រត់ចោល​បន្ទាប់ពី​រៀបការ​ទើបតែ​បាន ៧ ថ្ងៃ​។

​ការរត់​ចោល​ដ៏​អាម៉ាស​នេះ​បានធ្វើ​ឲ្យ​កសិករ​ទាំង ៧ នាក់​អស់​លុយ​រលីង​ពី​ខ្លួន ខណៈ​ពួកគេ​ម្នាក់ៗ​បាន​ឲ្យ​លុយ​ទៅ​ប្រពន្ធ​ម្នាក់ ៥ ម៉ឺន​យ័ន (៨.៤៣៤,៥០ ដុល្លារ​)​។​

​យោងតាម​អាជ្ញាធរ​មូលដ្ឋាន បុរសៗ​ដែល​ងាយ​ចាញ់បោក​គេ​ទាំងនេះ​គឺជា​ករណី​ចុងក្រោយ​បំផុត​នៃ​បុរស​ដែល​ចង់បាន​ប្រពន្ធ​ជាខ្លាំង ភាគច្រើន​មកពី​តំបន់​ជនបទ ដែល​ជឿថា​ពួកគេ​អាច​ទិញ​ស្នេហា​បាន​តាម​អ៊ី​ន​ធឺ​ណេ​ត​។

​វេ​ប​សាយ​ទាំងនោះ​បង្ហាញ​នូវ​នារី​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន​នាក់ និង​សន្យា​ផ្តល់នូវ​ជំនាញ​មើល​ផ្ទះ និង​ចំអិន​អាហារ ប៉ុន្តែ​ពួក​មន្ត្រី​ចិន​បាន​ព្រមាន​ថា​នៅ​ទីបញ្ចប់ ពួក​ស្រីៗ​ទាំងអស់នោះ​គឺ​សុទ្ធតែ​ត្រូវបាន​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​ពាណិជ្ជកម្ម​លោភលន់ ដែល​ឲ្យ​ប្រាក់​កំរៃជើងសារ​សម្រាប់​ចំនួន​បុរស​ដែល​ពួកនាង​បាន​រៀបការ​ជាមួយ​។​

​បុរស​ឈ្មោះ ហ៊ូ ផេង អាយុ ៤៦ ឆ្នាំ គឺជា​បុរស​ម្នាក់​ស្ថិតក្នុង​ចំណោម ៧ នាក់​ក្នុង​ខេត្ត​ជាំ​ង​ស៊ី​ភាគខាងត្បូង​ប្រទេស​ចិន ដែល​បាន​ធ្លាក់ខ្លួន​ជា​ជនរងគ្រោះ​របស់​ពួក​ស្រី​កញ្ជ្រោង​ញីរ​វៀតណាម​ទាំងនេះ​។ ហើយ​ឥឡូវនេះ ប្រពន្ធ​ថ្មី​របស់លោក​ក៏ដូចជា​កូនក្រមុំ​ដទៃទៀត​បាន​បាត់ស្រមោល​អស់ហើយ​។

​លោក​ផេង​និយាយថា "​ការយក​ស្រី​ពី​វៀតណាម​គឺ​ពេញនិយម​ខ្លាំងណាស់​នៅទីនេះ​។ ស្រីៗ​ទាំងនោះ​ត្រូវគេ​ចាត់ទុកថា​ស្មោះត្រង់ ចិត្តល្អ សុភាពរាបសា និង ពូកែ​ការងារ​ផ្ទះ​ណាស់​។ វា​លំបាក​ណាស់​ក្នុង​ការរក​នារី​ចិន​ម្នាក់​។ គោលនយោបាយ​កូន​មួយ​ដ៏​តឹងតែង​មានន័យថា​គ្រួសារ​ចិន​ភាគច្រើន​ចង់បាន​តែ​កូនប្រុស​ប៉ុណ្ណោះ​"​។

​គោលនយោបាយ​នេះ​បាន​បណ្តាល​ឲ្យ​មាន​ចំនួន​នៃ​ការសម្លាប់​កូនស្រី​ទើប​កើត​កើនឡើង​យ៉ាងខ្លាំង និង​បង្ខំ​ឲ្យ​មានការ​រំលូតកូន​ក្នុងប្រទេស​នេះ​ចាប់តាំងពី​គោលនយោបាយ​នេះ​ត្រូវបាន​ណែនាំ​ក្នុង​ឆ្នាំ ១៩៧៩ មក​។​

​លោក​ផេង​បាន​បន្តថា "​ខ្ញុំ​រកបាន​នារី​ទាំងនេះ​តាមរយៈ​ទីភ្នាក់ងារ​មួយ ហើយ​ខ្ញុំ​គិតថា​នាង​គឺ​គួរ​ឲ្យ​ស្រឡាញ់​ណាស់​។ យើង​បាន​រៀបការ​ជាមួយគ្នា​ក្រោយពី​នាង​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​ទើបបាន​ពីរ​ថ្ងៃ​។ ខ្ញុំ​បាន​ខ្ចីលុយ​គេ​ដើម្បី​បង់​ឲ្យ​ទីភ្នាក់ងារ​នេះ​ចំនួន ៥ ម៉ឺន​យ័ន​"​។

"​ក្នុងពេល​តែ​ប៉ុន្មាន​ថ្ងៃ​អ្វីៗ​គឺ​ពោរពេញ​ដោយ​ក្តី​រីករាយ​ណាស់​។ ខ្ញុំ​បានចេញ​ទៅធ្វើ​ការ ហើយ​ទុក​នាង​នៅផ្ទះ​ឲ្យ​ដេរ​ប៉ាក់ សម្អាតផ្ទះ និង​រៀបចំ​អាហារ​ពេល​ល្ងាច​។ ខ្ញុំ​គិតថា​អ្វីៗ​គឺ​កើតឡើង​ដូច​សព្វមួយដង​អ​ញ្ជឹ​ង​។ ខ្ញុំ​ដឹងថា​ប្រពន្ធ​របស់ខ្ញុំ​រួសរាយ​រាក់ទាក់​ជាមួយ​កូនក្រមុំ​ដទៃទៀត​ក្នុង​តំបន់​នេះ​។ នាង​បាន​និយាយថា នៅ​ថ្ងៃ​ជួបជុំគ្នា​របៀបនេះ​ពួកនាង​នឹង​ចេញទៅ​ទិញ​ឥ​វ៉ាន់​ជាមួយគ្នា​។ ប៉ុន្តែ​នៅថ្ងៃនោះ​នាង​មិនដែល​វិល​ត្រឡប់មកផ្ទះ​វិញ​ទេ​ព្រមទាំង​កូនក្រមុំ​ដទៃទៀត​ផងដែរ​"​។​

​លោក និង​កូនកំលោះ​ដទៃទៀត​ដែល​ចាញ់បោក​ពួកនាងៗ​ឥឡូវ​បាន​រាយការណ៍​អំពី​ការបាត់បង់​ទ្រព្យសម្បតិ្ត​របស់​ពួកគេ​ដល់​ប៉ូលិស​ហើយៗ​ពួកគេ​កំពុង​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត​៕



Share on Google Plus
    Blogger Comment
    Facebook Comment