ពលរដ្ឋ​អាមេរិក​ម្នាក់​ក្នុងចំណោម ១០ នាក់​ជឿថា “​មនុស្ស​ក្រៅ​ភព​” ជាប់​ពាក់ព័ន្ធ​នឹង​ការបាត់​ខ្លួន​របស់​យន្តហោះ MH370

ប្រភព៖ CEN
​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ៧ ខែឧសភា ពលរដ្ឋ​អាមេរិក​ម្នាក់​ក្នុងចំណោម ១០ នាក់​គិតថា “​មនុស្ស​ក្រៅ​ភព​” ជាប់​ពាក់ព័ន្ធ​នឹង​ការបាត់​ខ្លួន​របស់​យន្តហោះ​ម៉ាឡេស៊ី​អ៊ែ​រឡាញ​ជើងហោះហើរ MH370​។

​ការ​ស្ទាបស្ទង់​មួយ​បាន​រកឃើញថា​ប្រជាជន​អាមេរិក ៩ ភាគរយ​ជឿថា “​មនុស្ស​ក្រៅ​ភព ឬ ភាវៈ​មានជីវិត​មកពី​ភព​ដទៃទៀត​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​”​។

​ពួក​អ្នកស៊ើប​អង្កេត​នៅតែ​បន្ត​ការស្វែងរក​របស់ខ្លួន​ចំពោះ​យន្តហោះ​បាត់​ខ្លួន​នេះ និង មនុស្ស​ចំនួន ២៣៩ នាក់​ជិះ​លើ​នោះ ដែល​បាន​បាត់ដាន​ពី​រ៉ា​ដា​កាលពី​ថ្ងៃទី ៨ ខែមីនា​។

យន្តហោះ​ម៉ាឡេស៊ី​អ៊ែ​រឡាញ​ជើងហោះហើរ MH370​
​ការស្ទង់មតិ​មួយ​ដោយ CNN និង ORC International បាន​រកឃើញថា ខណៈ​ប្រជាជន​ភាគច្រើន​ក្នុង​សហរដ្ឋអាមេរិក​ជឿថា​ការស្វែងរក​យន្តហោះ MH370 គួរតែ​បន្តទៀត​នោះ ប្រជាជន​ចំនួន​ពាក់កណ្តាល​ជឿថា​ពួក​អាជ្ញាធរ​កំពុង​ស្វែង​ខុស​កន្លែង​ហើយ​។

​លទ្ធផល​ស្ទង់​មតិ​នេះ​ក៏បាន​រកឃើញ​ដែរ​ថា ប្រជាជន​ភាគច្រើន​លើសលុប (៧៩ %) ជឿថា​គ្មាន​អ្នក​នៅរស់​នោះទេ​។ មនុស្ស​តែ​ជាង​ពាក់កណ្តាល​ប៉ុណ្ណោះ (៥២ %) គិតថា ទីបំផុត​យើង​នឹង​ដឹងថា​អ្វី​បាន​កើតឡើង​ចំពោះ​ជើងហោះហើរ​នេះ​។ ទោះយ៉ាងណា មនុស្ស​ចំនួន ៤៦ % និយាយថា​យើង​នឹង​មិនដឹង​នោះឡើយ​។

​ការ​ស្ទាបស្ទង់​នេះ​ធ្វើ​ឡើងខណៈ​ភេរវ​ករ​ចំនួន ១១ នាក់​ដែលមាន​ទំនាក់ទំនង​ជាមួយ​ពួក​អាល់​កៃ​ដា​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ និង ទីក្រុង​កេ​ដា (Kedah) និង​កំពុង​ត្រូវបាន​សាកសួរ​អំពី​ការជាប់​ព័ន្ធ​ក្នុង​ការបាត់​ខ្លួន​របស់​យន្តហោះ​នេះ​។

​មាន​អាយុ​ចន្លោះ ២២ និង ៥៥ ឆ្នាំ ជនសង្ស័យ​ទាំង ១១ នាក់​ត្រូវគេ​ជឿថា​ជា​និស្សិត អ្នកជំនាញ​ធុរកិច្ច និង អ្នកធ្វើការងារ​ចម្លែកៗ​។

​អំពើ​ភេរវកម្ម​ត្រូវបាន​ពលរដ្ឋ​អាមេរិក​មើលឃើញថា​ជា​មូលហេតុ​អាចទៅរួច​មួយ​នៃ​ការបាត់​ខ្លួន​យន្តហោះ ដោយ​ប្រជាជន​ដែល​ត្រូវបាន​ស្ទាបស្ទង់​ចំនួន ៥៧ % និយាយថា​ពួក​ភេរវ​ករ​ទំនង​ជាប់​ពាក់ព័ន្ធ​ផងដែរ បើទោះបីជា​មិនទាន់មាន​ក្រុម​ណា ឬ ស្ថាប័ន​ណា​ចេញមក​ទទួលខុសត្រូវ​នៅឡើយ​ក៏ដោយ​។

​ជាងនេះទៅទៀត ៤២ % នៃ​សាធារណជន​អាមេរិក​ជឿថា ពួក​ចាប់ពង្រត់​អាច​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​បាត់​យន្តហោះ​នេះ ខណៈ ៥២ % ទៀត​និយាយថា​កំហុស​បច្ចេកទេស​ប្រហែល​ជាប់​ពាក់ព័ន្ធ​។ មនុស្ស​តែ ១ ភាគ ៤ ប៉ុណ្ណោះ​និយាយថា អ្នកបើក​យន្តហោះ និង​នាវិក​ទំនងជា​ជាប់​ពាក់ព័ន្ធ​នឹង​ការបាត់​ខ្លួន​របស់​យន្តហោះ​៕
Share on Google Plus
    Blogger Comment
    Facebook Comment