ភ្នំពេញៈ នាពេលខាងមុខឆាប់ៗនេះ លិខិតឆ្លងដែនដែលចេញឲ្យពលរដ្ឋកម្ពុជានឹងមានសុពលភាពរយៈពេល ១០ ឆ្នាំខុសពីលិខិតឆ្លងដែនបច្ចុប្បន្នដែលមានសុពលភាពត្រឹមតែ ៣ ឆ្នាំ។ នេះបើតាមការឲ្យដឹងពីមន្រ្តីក្រសួង មហាផ្ទៃ កាលពីម្សិលមិញ។
ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួង មហាផ្ទៃ បាននិយាយកាលពីម្សិលមិញថា ត្រឹម ខែកក្កដា នេះអគ្គនាយកដ្ឋាននឹងចាប់ផ្តើមចេញលិខិតឆ្លងដែន ដែលមានសុពលភាពរយៈពេលយូរ។
លោកថ្លែងបន្តថា៖ «យើងកំពុងស្ថិតនៅក្នុងដំណើរការបញ្ចប់គម្រោងហើយវានឹងរួចរាល់នៅខែក្រោយ ឬពីរបីខែទៀតដើម្បីឲ្យវាស្របទៅនឹងស្តង់ដារអន្តរជាតិ»។
បច្ចុប្បន្នពលរដ្ឋ កម្ពុជា អាចដាក់ពាក្យសុំលិខិតឆ្លងដែនបានសម្រាប់ ៣ ឆ្នាំនិងសុំពន្យារបានពីរឆ្នាំចំនួនពីរលើក។
ក្រសួង មហាផ្ទៃ ថ្មីៗនេះបានយកការចេញលិខិតឆ្លងដែនធម្មតាពីក្រសួង ការបរទេស ចំណែកក្រសួង ការបរទេស មានសមត្ថកិច្ចចេញលិខិតឆ្លងដែនផ្លូវការ និងការទូត។
លោក អាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាស្វាគមន៍ការប្រកាសនេះ ដោយថ្លែងថា ការប្រកាសនេះ ជាការលើកទឹកចិត្តដល់វិស័យទេសចរណ៍នៅក្នុងអាស៊ាន និងធ្វើឲ្យប្រជាពលរដ្ឋចំណេញពេលវេលា។
លោកថ្លែងបន្តថា៖ «នៅពេលយើងធ្វើសមាហរណកម្មទៅក្នុងសហគមន៍អាស៊ានប្រជាជនមិនចាំបាច់ត្រូវការលិខិតឆ្លងដែនទេ។ អត្តសញ្ញាណប័ណ្ណនឹងត្រូវប្រើសម្រាប់នៅក្នុងស្រុក ហើយលិខិតឆ្លងដែននឹងនៅតែប្រើសម្រាប់បរទេស»។
សហគមន៍សេដ្ឋកិច្ចអាស៊ានជាក្រុមសេដ្ឋកិច្ចដែលគ្រោងនឹងបង្កើតក្នុង ឆ្នាំ២០១៥ ដើម្បីជំរុញពាណិជ្ជកម្មក្នុងតំបន់។
លោក គឹមអៀង លើកពីក្តីបារម្ភលើតម្លៃនៃលិខិតឆ្លងដែនថ្មីនិងរយៈពេលដែលរដ្ឋត្រូវចេញឲ្យដោយលោកថ្លែងថា លិខិតឆ្លងដែនកម្ពុជាមានតម្លៃថ្លៃបំផុតនៅក្នុងតំបន់។
ការិយាល័យលិខិតឆ្លងដែនបានរើពីទីតាំងបច្ចុប្បន្ននៅផ្លូវ ម៉ៅ សេទុង ក្នុង ខណ្ឌចំការមន ទៅ សង្កាត់និរោធ ក្នុង ខណ្ឌមានជ័យ ដើម្បីសម្រួលដល់លំហូរនៃចរាចរណ៍ក្នុងក្រុង។
លោក ឡឹប ទូលាស់ មន្រ្តីលិខិតឆ្លងដែនបានថ្លែងថា៖ «ទីតាំងថ្មីមានទំហំធំជាងមុន។ ប្រជាពលរដ្ឋនឹងនៅតែអាចរកឃើញកន្លែងថ្មីដោយងាយ»។
កាលខែមុន កម្ពុជា បានបើកការិយាល័យលិខិតឆ្លងដែនតាមព្រំដែន កម្ពុជា‑ថៃ ដើម្បីកាត់បន្ថយការចំណាកស្រុកខុសច្បាប់។ ពី ខែធ្នូ ឆ្នាំ២០១២ ប្រទេសថៃ បានគំរាមដេញពលករ កម្ពុជា ១៦៥ ពាន់នាក់ដែលគ្មានលិខិតស្នាមត្រឹមត្រូវចេញពីប្រទេសខ្លួន៕ PS
លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា។ រូបថត សហការី
Blogger Comment
Facebook Comment