ឡាន​ដឹក​ដី​បើក​លឿន​កៀរ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​រួច​បើក​រថយន្ដ​គេច​បាត់​

ប្រភព៖ កម្ពុជាថ្មី
​ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ដោយ​សារ​រថយន្ដ​ដឹក​ដី​មួយ​គ្រឿង​បើកបរ​លឿន​ពេក​មក​កៀរ​អ្នក​ជិះ​ម៉ូតូ​ពី​ក្រោយ​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​អ្នក​អង្គុយ​ពី​ក្រោយ​ ខណៈ​ពេល​បើកបរ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ តែ​អ្វី​ដែល​គេ​ហួស​ចិត្ត​នោះ​គឺ​ប៉ូលិស​មិនអាច​តាម​រក​រថយន្ដ​នោះ​ឃើញ​ឡើយ​ទោះបី​ខំ​តាម​ទៅដល់​កន្លែង​ការដ្ឋាន​ជីកដី​នោះ​ហើយ​ក្ដី​ មិន​តែ​ប៉ុណ្ណោះ​រថយន្ដ​ធុន​ធំ​ប៉ុណ្ណាប៉ុណ្ណី​បែរជា​បើក​គេច​លឿន​ដូច​ព្រួញ​ទុក​ឲ្យ​ជន​រងគ្រោះ​ស្លាប់​ដោយ​អាសាបង់​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​០៩ ​ខែ​ឧសភា ​ឆ្នាំ​២០១៤ ​នៅ​មុង​វត្ត​អង្គ​តា​គាត ​ស្ថិត​ក្នុង​ភូមិ​អង្គ​តា​គាត ​សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​។ ​ជន​រងគ្រោះ​ដែល​ស្លាប់​មាន​ឈ្មោះ ​គង់​ រី​ដា ​ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​អំពិល ​ឃុំ​ព្រែក​ដំបូក ​ស្រុក​ស្រី​សន្ធរ​ ខេត្ត​កំពង់ចាម​ជា​អ្នក​ជិះ​ពី​ក្រោយ​។

 ​អ្នក​បើក​ម៉ូតូ​មាន​ឈ្មោះ​ ប៉េង​ សុខលាភ​ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ​ស្នាក់នៅ​ឃុំ​បែក​ចាន ​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម​។ ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​ពណ៌​ទឹក​ប៊ិច ​ពាក់​ស្លាក​លេខ ​កណ្ដាល​1A-3190 ។ ​រីឯ​រថយន្ដ​បង្ក​ត្រូវ​បាន​គេ​គ្រាន់តែ​ដឹង​ថា ​មាន​ពណ៌​ស​មិន​ចាំ​ស្លាក​លេខ​ជា​ប្រភេទ​រថយន្ដ​ដឹក​ដី​ ក្រោយ​ពេល​កើតហេតុ​រថយន្ដ​បាន​បើក​គេចខ្លួន​បាត់ស្រមោល​។​

​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​គោលបំណង​ទៅ​ចូលរួម​ពិធី​មង្គលការ​មិត្ត​ភក្តិ​នៅ​ឯ​ខេត្ត​កំពត​ ខណៈ​ពេល​កំពុង​បើកបរ​សុខៗ​មាន​រថយន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ស្រប​ទិស​គ្នា​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​រថយន្ដ​នេះ​បាន​បើក​កៀរ​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​អ្នក​ជិះ​ពី​ក្រោយ​។​

​ភ្លាមៗ​នោះ​ដែរ​រថយន្ដ​បង្ក​បាន​បន្ថែម​ល្បឿន​បើក​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​មួយ​រំពេច​ទោះបី​ប៉ូលិស​ខំប្រឹង​ស្វែងរក​យ៉ាង​ណា​ក៏​មិន​ឃើញ​ដែរ​រហូត​តាម​​ទៅ​រក​ដល់​កន្លែង​ការដ្ឋាន​រណ្ដៅ​ដី​នៅ​ឯ​សង្កាត់​ភ្លើង​ឆេះ​រទេះ​ក៏​រក​មិន​ឃើញ​ផង​ឡាន​នោះ​ហាក់​ឆេះ​បំបាំងកាយ​ពី​ភ្នែក​ប៉ូលិស​មិន​ឲ្យ​មើល​ឃើញ​ឡើយ​។​

​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទាំងមូល​គេ​សង្កេតឃើញ​រថយន្ដ​ដឹក​ដី​ទាំង​តូច​ទាំង​ធំ​បើកបរ​លឿនៗ​ប្រដេញ​គ្នា​តាម​បណ្ដោយ​ផ្លូវជាតិ​និង​បេតុង​ក៏​ដូច​ផ្លូវលំ​ក្នុងភូមិ​មួយចំនួន​បណ្ដាល​ឲ្យ​ខូចខាត​ជា​អន្លើៗ​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ​៕​

Share on Google Plus
    Blogger Comment
    Facebook Comment