ភ្នំពេញៈ ជនជាតិ ចិន ភាគច្រើនដែលភៀសខ្លួនពី វៀតណាម សម្រុកមក កម្ពុជា ចាប់ពីកុបកម្មផ្ទុះឡើងក្នុងប្រទេសនេះ កាលពីដើមសប្តាហ៍មុននៅបន្តរហូតទាល់តែមានសុវត្ថិភាពទើបត្រឡប់ទៅវិញ ដោយប៉ូលិសអន្តោប្រវេសន៍ប្រមាណថា ជនជាតិ ចិន យ៉ាងតិច ១៦០០ នាក់បានឆ្លងព្រំដែន។ នេះបើតាមការឲ្យដឹងពីមន្រ្តីស្ថានទូត ចិន។
លោក Yang Qing Lian ប្រធានផ្នែកកុងស៊ុលនៅស្ថានទូត ចិន ឲ្យដឹងថា មានជនជាតិចិនប្រមាណ ១០០ នាក់ប៉ុណ្ណោះដែលភៀសខ្លួនពីការតវ៉ាប្រឆាំងចិននៅ វៀតណាម ចាកចេញពី ប្រទេសកម្ពុជា តាមជើងយន្តហោះទៅស្រុកវិញ។ ប៉ុន្តែលោកបញ្ជាក់ថា តួលេខនេះគឺគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ។
លោកថ្លែងថា៖ «នៅពេលនេះ ខ្ញុំទទួលព័ត៌មានថា ជនជាតិ ចិន មិនច្រើនទេ បានត្រឡប់ទៅចិន…ប៉ុន្តែជនជាតិចិនភាគច្រើន កំពុងស្នាក់នៅ កម្ពុជា រង់ចាំស្ថានការណ៍នៅ វៀតណាម ប្រសើរឡើងវិញ។ មានជនជាតិ ចិន ភាគច្រើនបានត្រឡប់ទៅ វៀតណាម វិញហើយ»។
លោកបន្តថា ក្នុងចំណោមអ្នកភៀសខ្លួនមក កម្ពុជា មានតែ ៣០០ នាក់ប៉ុណ្ណោះបានទាក់ទងមកស្ថានទូត ដែលជាការលំបាកក្នុងការតាមដានពួកគេ ខណៈភាគច្រើនគេជឿថា កំពុងស្នាក់នៅរាជធានីភ្នំពេញ។
លោក ម៉ម យ៉យ អនុប្រធាននគរបាលអន្តោប្រវេសន៍ច្រកព្រំដែនអន្តរជាតិ បាវិត ខេត្តស្វាយរៀង បានឲ្យដឹងថា ជនជាតិ ចិន ជាង ១ ៦០០ នាក់បានឆ្លងកាត់ព្រំដែនពី វៀតណាម ចូលមកក្នុង ប្រទេសកម្ពុជា ចាប់ពីថ្ងៃ ១៣ ខែឧសភា មក។ លោកបញ្ជាក់ថា ភាគច្រើនជាជនជាតិ ចិន ដីគោក ប៉ុន្តែក៏មាន ចិន តៃវ៉ាន់ ប្រមាណ ១០០ នាក់ផងដែរ។
លោកបន្តថា៖ «ប៉ុន្តែនៅថ្ងៃនេះ (អាទិត្យ) មានតែប្រមាណ ៣០ នាក់ប៉ុណ្ណោះដែលបានឆ្លងកាត់ព្រំដែន ដូច្នេះស្ថានការណ៍បានត្រឡប់ទៅរកភាពប្រក្រតីវិញហើយ»។
រាជរដ្ឋាភិបាល កម្ពុជា បានស្វាគមន៍ភ្ញៀវបណ្តោះអាសន្នភាគច្រើនជាពាណិជ្ជករដែលបារម្ភពីសុវត្ថិភាពហើយបានចាប់ផ្តើមឆ្លងដែនចូលមកប្រទេសនេះ បន្ទាប់ពីរោងចក្រដែលជនបរទេសគ្រប់គ្រងភាគច្រើននៅ ប្រទេសវៀតណាម ហើយដែលក្រុមកុបករ វៀតណាម ជឿថា ជារបស់ជនជាតិ ចិន បានរងការដុតបំផ្លាញកាលពីសប្តាហ៍មុន។
កុបកម្មជាច្រើន បង្កឡើងដោយសារការសម្រេចចិត្តរបស់ ប្រទេសចិន ដែលរើអណ្តូងប្រេងកាតចូលទៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាតំបន់កំពុងមានជម្លោះរវាងប្រទេសទាំងពីរ។
កាលពីថ្ងៃសុក្រ ស្ថានទូតចិន នៅរាជធានីភ្នំពេញ បានផ្ញើលិខិតទៅក្រសួង ការបរទេស របស់ កម្ពុជា ស្នើឲ្យរដ្ឋាភិបាលធានាសុវត្ថិភាពដល់អ្នកដែលភៀសខ្លួន ចិន ដែលចាកចេញពី ប្រទេសវៀតណាម។
តាមគេហទំព័រសារព័ត៌មានរដ្ឋរបស់ចិន ស៊ីនហួរ ឲ្យដឹងថា ជនជាតិចិនជាង ៣ ពាន់នាក់ ត្រូវបានជម្លៀសចេញពី ប្រទេសវៀតណាម គិតមកដល់ថ្ងៃសៅរ៍ចុងសប្តាហ៍។ ទីភ្នាក់ងារនេះរាយការណ៍ដែរថា ជនជាតិចិនពីរនាក់ត្រូវគេសម្លាប់ ហើយមានជាង ១០០ នាក់ទៀត បានរងរបួសដោយសារកុបកម្មនៅក្នុង ប្រទេសវៀតណាម៕ NR
![]() |
ជនជាតិចិនដែលធ្វើការរកសីុនៅវៀតណាម ឆ្លងព្រំដែនមករកសុវត្ថិភាពនៅកម្ពុជា។ រូបថត សហការី |
Blogger Comment
Facebook Comment