នីកូ ឆក់យក សុខ ពិសី ពីកណ្តាប់ដៃ ខេមរៈ សេរីមន្ត
ជាថ្មីម្តងទៀត តាំងពីផលិតកម្មសាន់ដេ សម្រុកថតភាពយន្តខ្នាតធំមក គេតែងសង្កេតឃើញតារាចម្រៀង សុខ ពិសី រមែងចាប់ដៃគ្នាជាមួយនឹងតារាចម្រៀងកំពូលលោក ខេមរៈ សេរីមន្ត ហើយការចាប់ដៃគ្នារបស់ពួកគេក៏រមែងទទួលបានការគាំទ្រយ៉ាង ខ្លាំងផងដែរ។
ក្រៅពីការចាប់ដៃគ្នាថតចម្រៀងកាយវិការ សុខ ពិសី បានរួមគ្នាសម្តែងជាតួឯកក្នុងភាពយន្តខ្នាតធំរឿង ព្រាយដែកគោល និង ព្រាយក្បាលប្រាំបី ជាដើម ហើយបើតាមការបង្ហើបពីបុគ្គលិករបស់ផលិតកម្មសាន់ដេ បានឲ្យដឹងថា ភាពយន្តរបស់ពួកគេបានធ្វើឲ្យម្ចាស់ផលិតកម្មចំណេញប្រាក់រាប់ ម៉ឺនដុល្លារ។
ប៉ុន្តែការចាប់ដៃគ្នារបស់ពួកគេទាំងពីរនៅពេល នេះនឹងលែងមានទៀតហើយ ដោយសារតែតារាចម្រៀងសាច់សភ្លឺថ្លា សុខ ពិសី ត្រូវបានតារាចម្រៀងចំណូលថ្មីលោក នីកូ ឆាបឆក់យកពីតារាចម្រៀង ខេមរៈ សេរីមន្ត ហើយថែមទាំងឆក់យកតំណែងជាតួឯកពី សេរីមន្ត ទៀតផង។
ជារឿងភ្ញាក់ផ្អើលមួយ ស្ងាត់ៗស្រាប់តែផលិតកម្មសាន់ដេ ប្រកាសរៀបចំកម្មវិធីក្រុងពាលី ថតភាពយន្តខ្នាតធំ ដែលមានចំណងជើងថា «សង្សារខ្មោច» កាលពីចុងសប្តាហ៍មុន ហើយតួឯកនៅក្នុងរឿងដ៏ធំប្រចាំឆ្នាំនោះបែរជាតារាចម្រៀង នីកូ និង សុខ ពិសី មិនមែន ខេមរៈ សេរីមន្ត ទៅវិញ។ ភ្លាមនោះ ទស្សនិកជនបានលាន់មាត់ថា នីកូ បានដណ្តើមតំណែង និងដៃគូពី ខេមរៈ សេរីមន្ត។
ការទម្លាក់តារាចម្រៀង ខេមរៈ សេរីមន្ត ពីតំណែងតួឯកក្នុងភាពយន្តថ្មីនេះ នាំឲ្យមានការលើកឡើងថា នឹងនាំឲ្យ សេរីមន្ត មានការអាក់អន់ស្រពន់ចិត្តជាក់ជាមិនខាន ស្របពេលដែលលេចឮថា តារារូបនេះកំពុងស្ថិតនៅក្នុងការតាមអូសទាញឲ្យចូលផលិតកម្មថោន នោះ។
ប៉ុន្តែនៅពេលចោទសួរអំពីរឿងនេះ លោក ឡាយ សុខហុក ចាងហ្វាងផលិតកម្មសាន់ដេ ឲ្យដឹងថា នៅឆ្នាំនេះ ផលិតកម្មសាន់ដេ នឹងធ្វើឲ្យទស្សនិកជនមានភាពភ្ញាក់ផ្អើលតែម្តង ពោលគឺកាលពីប៉ុន្មានឆ្នាំកន្លងមក ផលិតកម្មសាន់ដេ ផលិតភាពយន្តខ្នាតធំតែមួយរឿងតែប៉ុណ្ណោះ តែនៅឆ្នាំ២០១៤នេះ សាន់ដេ នឹងផលិតភាពយន្តខ្នាតធំរហូតដល់ទៅ ៣ រឿងតែម្តង។
លោក បាននិយាយថា៖«ខ្ញុំគិតថា នៅពេលនេះ វិស័យភាពយន្តខ្មែរមានទីផ្សារកាន់តែធំ និងទទួលបានការគាំទ្រកាន់តែច្រើន ពិសេសការផលិតភាពយន្តងាយស្រួលនៅក្នុងការការពារកម្មសិទ្ធិបញ្ញា ជាងការផលិតបទចម្រៀង។ ដូច្នេះនៅឆ្នាំនេះ យើងផលិតរឿងខ្នាតធំចំនួន៣រឿង ផ្សេងៗគ្នាតែម្តង»។
លោក សុខហុក បានបញ្ជាក់ថា៖«នេះមិនមែនជាការលើកតារាណាម្នាក់ ហើយក៏មិនមែនទម្លាក់តារាយើងណាម្នាក់ដែរ គឺពួកគេទទួលបានការងារបន្ថែមដូចគ្នា រឿងទី១ សង្សារខ្មោច នេះ គឺ នីកូ និងសុខ ពិសី និងនៅសល់ពីររឿងទៀត គឺ សេរីមន្ត និង ឆាយ វីរៈយុទ្ធ រីឯតួស្រី យើងនឹងគិតជាក្រោយ»។
តារាចម្រៀង នីកូ បានឲ្យដឹងថា នេះជាកិត្តិយសមួយរបស់លោក ដែលផលិតកម្មសាន់ដេ បានផ្តល់ឲ្យ ហើយនេះជាការចាប់ផ្តើមការសម្តែងភាពយន្តជាលើកដំបូងផងដែរនៅ ផលិតកម្មសាន់ដេ ។
តារារូបនេះថា៖«តំណែងតួឯកចាប់ដៃគ្នា ជាមួយ សុខ ពិសី ជាការចាត់ចែងរបស់សាន់ដេ ហើយខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់ភាពយន្តនេះ។ ខ្ញុំគិតថា នៅក្នុងភាពយន្តនេះមិនទាន់មានចំណុចណាមួយជាឧបសគ្គធំសម្រាប់ ខ្ញុំទេ»។
ដោយឡែកតារាចម្រៀង សុខ ពិសី វិញបានសម្តែងការយល់ឃើញថា ការផ្លាស់ប្តូរមកចាប់ដៃគ្នាជាមួយនឹង នីកូ គឺជារសជាតិថ្មីមួយសម្រាប់នាង បើប្រៀបធៀបនឹងអតីតដៃគូលោក ខេមរៈ សេរីមន្ត។ ពិសី និយាយថា៖«លោក សេរីមន្ត និង នីកូ សុទ្ធតែជាមនុស្សមានសមត្ថភាព ដូច្នេះខ្ញុំនឹងទទួលបានរសជាតិមួយផ្សេងទៀត ហើយសម្រាប់រឿង សង្សារខ្មោច នេះ ខ្ញុំនឹងខិតខំសព្វបែបយ៉ាងដើម្បីធ្វើឲ្យបានល្អ»៕
Blogger Comment
Facebook Comment