ព្រះសីហនុៈ សពកម្មករទូកនេសាទម្នាក់ ត្រូវបានគេប្រទះឃើញរួចអូស យកមកលើគោក បន្ទាប់ពីបាត់ខ្លួនចំនួន៥ថ្ងៃ ។
ប្រភពពីម្ចាស់ទូកនេសាទ ឈ្មោះ គី លាភភី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅតំបន់ទំនប់រលក កោះព្រាប ស្ថិតក្នុងក្រុមទី១១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង១៥និង០០នាទី ទូកនេសាទរបស់គាត់ បើកបរដោយឈ្មោះ យិត ហ៊ាង ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅលើទូក និងកូនដៃទូក២នាក់រួមមាន៖ ទី១.ឈ្មោះ ដឿ សុន ភេទប្រុស អាយុ ៤៩ឆ្នាំ ជាកូនដៃទូក ទី២.ឈ្មោះ ប៊ុន ធឿន (ហៅក្របី) ភេទប្រុស អាយុ៣៥ឆ្នាំ ជាកូនដៃទូកដូចគ្នា ស្រុកកំណើតនៅខេត្តសៀមរាប ស្នាក់នៅក្រុម៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (សព) ។
រហូតដល់ម៉ោង ២០និង០០នាទី ទូកនេសាទរបស់គាត់ ក៏បានធ្វើដំណើរទៅដល់ផែតាអ៊ួន កោះស្តេច (ឃុំកោះស្តេច) ខេត្តកោះកុង ក៏តៃកុងទូកបានឡើងលើកោះ ដើម្បីហូបបង្អែម ដោយ២នាក់កូនដៃទូកនៅចាំមើលទូក ។ បន្ទាប់មកឈ្មោះ ប៊ុន ធឿន ក៏បានឡើងតាមក្រោយមិនដឹងទៅណានោះទេ ។ លុះក្រោយមកតៃកុងទូកក៏ត្រលប់មកវិញ ហើយចាំបាត់ៗក៏ចេញនេសាទជាមួយឈ្មោះ ដឿ សុន តែ២នាក់ទៅ ។
រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង១៥និង០០នាទី តៃកុងទូកក៏បានទូរស័ព្ទ ប្រាប់រូបគាត់ពីករណីនេះ ហើយក៏បានត្រលប់មកវិញ ដោយម្នាក់ៗទន្ទឹងរង់ចាំមើលដំណឹង តែបាត់ឈឹងរហូត ។ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង ៧ព្រឹក ឈ្មោះ ជួន សុភាព ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនេសាទ រស់នៅក្រុមទី៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចេញនេសាទ ជាមួយកូនដៃទូក ចំនួន៣នាក់ផ្សេងទៀត ក៏បានប្រទះឃើញសពជនរងគ្រោះ កំពុងអណ្តែតនៅកោះដូង ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ក៏អូសសពមកកន្លែងម្ចាស់ ទូករបស់ជនរងគ្រោះ នៅតំបន់ទំនប់រលកវិញ ។
រហូតមកដល់រសៀលថ្ងៃនេះ សពជនរងគ្រោះសមត្ថកិច្ច កំពុងធ្វើកោសល្យវិច័យនៅឡើយ ដោយមិនទាន់អាចបញ្ជាក់ ប្រាប់ពីមូលហេតុនៃការស្លាប់នេះ នៅឡើយទេ ។ ប្រភពសមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា ប្រពន្ធកូនរបស់ជនរងគ្រោះ បានមកទំនាក់ទំនងជាមួយសមត្ថកិច្ចរួចរាល់អស់ហើយ ដើម្បីយកសពជនរងគ្រោះ ទៅ បូជានៅវត្តឥន្ធញ្ញាណ (ហៅវត្តក្រោម) ក្នុងក្រុងព្រះសីហនុនេះ បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចរាល់ ៕

Blogger Comment
Facebook Comment