ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានហៅការបំផ្ទុះគ្រាប់បែកនៅក្បែរផ្សារមួយកន្លែង ក្នុងក្រុងស៊ិនជែង ដែលកកកុញដោយហ្វូងមនុស្សនោះថា ជាអំពើភេរវកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។
លោកប្រធានធិបតី ស៊ី តាមរយៈសេចក្តីថ្លែងការណ៍របស់លោក បានថ្លែងថា ប៉ូលីស នឹងបង្កើនការល្បាត និងត្រួត ពិនិត្យសន្តិសុខ ផ្តោតសំខាន់លើគោលដៅរបស់ភេរវករ ព្រមទាំងទប់ស្កាត់មិនឲ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។
លោកស៊ី ក៏បានស្នើសុំអាជ្ញាធរមូលដ្ឋាន ជួយដោះស្រាយបញ្ហានេះ ឲ្យបានលឿន និងថែទាំអ្នករងរបួស ដោយការយកចិត្តទុកដាក់ និងផ្ដល់នូវសមានទុក្ខដល់គ្រួសារ នៃជនរងគ្រោះ។
លោកបានបន្តថា រដ្ឋាភិបាលចិន នឹងបន្តខិតខំក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការព្យាយាមឲ្យបានកាន់តែ ខ្លាំងថែមទៀត ក្នុងការការពារស្ថិរភាពសង្គម។
បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ ក៏បានឲ្យដឹងផងដែរថា ក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែក ក្រុមការងារ ដែល ដឹកនាំដោយរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈលោក ហ្គូ សៀងគន បានចាកចេញទៅទីក្រុងស៊ីនជែង ដើម្បីត្រួត ពិនិត្យ និងដោះស្រាយបញ្ហានៅកន្លែងកើតហេតុ។
អាជ្ញាធរបានឱ្យដឹងថា មកទល់ពេលនេះ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ គ្រាដែលប៉ូលីស កំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។
សូមបញ្ជាក់ថា នៅវេលាម៉ោង ប្រមាណ ៧ និង៥០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤នេះ (ម៉ោងនៅក្រុងប្រទេសចិន) គ្រាប់បែកមួយបានផ្ទុះឡើង ជាមួយផ្សែងយ៉ាងខ្មួលខ្មាញ់ នៅក្បែរផ្សារមួយកន្លែងស្ថិតក្នុងក្រុងស៊ីនជែង ភាគពាយ័ព្យប្រទេសចិន ទីដែលមានមនុស្សកំពុងចរាចរណ៍ជាច្រើននាក់ផងដែរ។ ការបំផ្ទុះគ្រាប់បែកនេះ បណ្តាលឲ្យជនជាតិចិន ៣១នាក់ បានស្លាប់ និងជាង ៩០នាក់ផ្សេងទៀត បានរងរបួស។
បើតាមស៊ិនហួ បានបន្តឲ្យដឹងថា នៅមុនពេលកើតមានហេតុការផ្ទុះគ្រាប់បែកនេះ មានសាក្សីបានឃើញរថយន្ត ២គ្រឿង ត្រូវបានគេ បើកចូលក្នុងហ្វូងមនុស្ស ហើយគប់គ្រាប់បែកចេញពីរថយន្តបណ្តាលឲ្យផ្ទុះឡើងតែម្តង៕

Blogger Comment
Facebook Comment