ភ្ញៀវ​ទេសចរណ៍​ចាប់ផ្តើម​សម្រុក​មក​លំហែ​ក្នុង​រមណីយដ្ឋាន​ឆ្នេរកែប​កាន់​តែ​ច្រើន​ក្នុង​ឆ្នាំ​២០១៤

ប្រភព KPT
​កែ​ប ៖ ក្នុង​ឆ្នាំ​២០១៤​នេះ​ថ្វី​ត្បិត​អាកាសធាតុ​មាន​សភាព​ក្តៅហែង ប៉ុន្តែ​រមណីយដ្ឋាន​ឆ្នេរកែប​បែរជា​សំបូរ​ភ្ញៀវ​ទេសចរណ៍​ដ៏​ច្រើន​បាន​រំកិល​ខ្លួន​មក​កំសាន្ត​លំហែ​យ៉ាង​ពពាក់ពពូន​ទៅវិញ​។​ បើ​យើង​ក្រលេកមើល​នៅ​តាម​?ជាច្រើន​ស្ថិត​តាម​បណ្តោយ​ឆ្នេរ​វិញ កន្លែង​ណា​ក៏​មាន​មនុស្ស​អង្គុយ​ត្រៀបត្រា គាប់​ជួន​បច្ចុប្បន្ន​ទីតាំង​ឆ្នេរ​លេង​ទឹក​ត្រូវ​បាន​ចាក់​ខ្សាច់​បន្ថែម​ផង​នោះ​រឹត​តែ​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​ទេសចរណ៍​កាន់តែ​ជាប់ចិត្ត​ផ្តោត​អារម្មណ៍​មួយ​កំរិត​ទៀត​។​

 ជាទូទៅ​ការ​ដើរ​លំហែ​ក្នុង​រមណីយដ្ឋាន​ឆ្នេរកែប ទោះជា​ភ្ញៀវ​ជាតិ​ ឬ​អន្តរជាតិ​ក៏ដោយ​គេ​តែងតែ​មាន​អារម្មណ៍​ស្រស់ស្រាយ ព្រោះតែ​គេ​បាន​ស្រង់​នូវ​ជំនោរ​ដ៏​ត្រជាក់​បរិ​សុ​ទ្រ​ពី​លំហ​សមុទ្រ កត្តា​ដ៏​គួរ​ឲ្យ​រីករាយ​នោះ​គឺ​គេ​បាន​អង្គុយ​មើល​ទេសភាព​នៃ​តំបន់​ភ្នំ​កែប ដែល​មាន​ដើមឈើ​ពណ៌​បៃ​តង​ស្រស់ ហើយ​ការ​គយគន់​ទិដ្ឋភាព​តាម​មាត់​ឆ្នេរ មើល​រលក​សមុទ្រ​ និង​អង្គុយ​មើល​ព្រះអាទិត្យ​ហៀ​ប​អស្តង្គត​ផង​ដែរ​។​ ដោយឡែក​ក្រុម​អាជីវករ​នានា​នៅពេល​មាន​មនុស្ស​ចូល​មក​លំហែ​ក្នុង​រមណីយដ្ឋាន​ខេត្ត​កែប ដ៏​ច្រើន​បែបនេះ​មាន​ការ​សប្បាយ​រីករាយ ដោយសារ​ការ​ប្រកប​មុខរប​រ​ទទួលទាន​ក៏​មាន​ភាព​ងាយ​ស្រួល ហើយ​មុខទំនិញ​អ្វី​ក៏​លក់ដាច់​ដែរ​។

 ​គេ​បាន​កត់​សម្គាល់​ឃើញថា ក្នុង​តំបន់​ឆ្នេរកែប​ក្រៅពី​ការ​ភ្លក្ស​នូវ​អាហារ​ប្រភេទ​គ្រឿង​សមុទ្រ ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​តែងតែ​មិនអាច​ភ្លេច​នូវ​អាហារ​ដ៏​មាន​ឱជារស​ជាច្រើន​មុខ​ទៀត​ពិសេស​ការទិញ​វត្ថុ​អនុស្សាវរីយ៍​គ្រប់​ប្រភេទ​ដែល​ជា​ស្នាដៃ​តាក់តែង​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដូចជា​សម្ភារៈ​ធ្វើ​អំពី​សំណក​សត្វ​សមុទ្រ មាន​សំបកខ្យង សំបក​គ្រែង​ជាដើម​។​ ក្រុម​អ្នក​លក់ដូរ​តាម​មាត់​ឆ្នេរ​បាន​លើក​ឡើង​ស្របគ្នា​ថា ចាប់​តាំង​ការ​បញ្ចប់​ពិធីបុណ្យ​សមុទ្រ រហូត​មក​ទល់​ថ្ងៃ​បញ្ចប់​ការងារ​បោះឆ្នោត​ក្រុម​ប្រឹក្សា រាជធានី ខេត្ត មនុស្ស​ក៏​ចាប់ផ្តើម​សម្រុក​មក​កំសាន្ត​នៅ​រមណីយដ្ឋាន​ឆ្នេរកែប កាន់តែ​ទ្វេ​ឡើង​បើ​ទោះ​ជា​អាកាសធាតុ​ត្រ​ក្តៅហែង ប៉ុន្តែ​ក្រុម​ភ្ញៀវ​ទាំង​នោះ​បាន​ដេក​សំដិល​លើ​វាល​ខ្សាច់​ដ៏​រំភើយ​ទៅវិញ​។​

ពួកគាត់​បាន​និយាយ​ទៀត​ថា ថ្វី​ត្បិត​ភ្ញៀវ​ទេសចរណ៍​បាន​បបួលគ្នា​មកលេង​ខេត្ត​កែប​យ៉ាង​ច្រើន ប៉ុន្តែ​ភ្ញៀវ​មួយចំនួន​ពុំសូវ​មក​អង្គុយ​ក្នុង​ខ្ចុះ​នោះ​ទេ ដោយ​គេ​តែង​នាំគ្នា​អង្គុយ​ក្រោម​ម្លប់​ដើមឈើ​តាម​ខឿន​មាត់​ឆ្នេរ ដើម្បី​នាំ​កូនចៅ​ពិសារ​អាហារ​ទៅវិញ ហើយ​មឹក បង្គា​ឬ​ក្តាមសេះ​គេ​ច្រើនតែ​ទៅ​កុម្ម៉ង់​ទិញ​ដោយ​ខ្លួនឯង នៅ​តាម​ស្តង់​តែម្តង​។ ​ក្រុម​អាជីវករ​បាន​អះអាង​ថា ឥឡូវ​មាន​ភ្ញៀវ​ទេសចរណ៍​សម្រុក​មក​កំសាន្ត​កាន់តែ​ច្រើន​គឺ​មាន​សន្ទុះ​ខ្លាំង​ជាង​ឆ្នាំ​២០១៣​ទៅទៀត​។​ ​

ទាក់ទិន​នឹង​កំណើន​អ្នក​ទេសចរណ៍​ក្នុង​ឆ្នាំ​២០១៤​នេះ លោក កែន ស​ត្ថា អភិបាល​នៃ​គ​ណៈ​អភិបាលខេត្ត​កែប បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ខេត្ត​កែប​បាន​នឹង​កំពុង​រីកមុខ​មាត់​ថ្មី​ជា​បណ្តើរៗ​ធ្វើ​ឲ្យ​មា​នការ​ទទួលស្គាល់​ពី​សំណាក់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ចូល​មក​សម្រាកលំហែ​កំសាន្ត​ និង​ស្នាក់នៅ​កាន់តែ​ច្រើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយ​បង្កើត​បាន​នូវ​មុខរបរ​បង្កើន​ប្រភព​ចំណូល​ធ្វើ​ឲ្យ​ជីវភាព ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ឡើងជា​លំដាប់ ហើយ​សង្ឃឹមថា ក្នុង​ពេល​បច្ចុប្បន្ន​ និង​ពេល​អនាគត​ខេត្ត​កែប​ពិតជា​មុខព្រួញ​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត ដោយសារតែ​ខេត្ត​មួយ​នេះ​ជា​ខេត្ត​មាន​ភាព​បៃតង និង​ខៀវស្រងាត់ ស្តែង​ចេញពី​ធម្មជាតិ​ពិតៗ​។​

 យ៉ាងណាមិញ​ខេត្ត​កែប​ដែល​ជា​រមណីយដ្ឋាន​មួយ​ដ៏​តូច​ច្រឡឹង​នេះ បច្ចុប្បន្ន​បាន​នឹង​កំពុង​បន្ត​ការអភិវឌ្ឍន៍​ស្ទើរ​គ្រប់​តំបន់ ពិសេស​ការស្ថាបនា​ផ្លូវ​ថ្មី​១​ខ្សែ ចាប់ពី​កំពង់ផែ​កោះទន្សាយ​ឆ្ពោះទៅ​ឆ្នេរ​អង្កោល​ដែល​មាន​ប្រវែង​សរុប​ជាង​១៤​គីឡូម៉ែត្រ​នោះ ឥឡូវ​ត្រូវ​បាន​មន្ទីរ​ជំនាញ​អនុវត្ត​តាម​គម្រោង​បាន​ប្រមាណ​៨០%​ហើយ ចំណែក​គម្រោង​សេសសល់​ក៏​ត្រូវ​បាន​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​ពិនិត្យ​វាស់វែង​សម្រាប់​អនុវត្ត​ផែនការ​បន្ត​ទៀត ដោយ​សង្ឃឹមថា​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ផ្លូវ​១​ខ្សែ​ស្ថិត​តាម​មាត់​ឆ្នេរ​ដែល​ជា​អំណោយ​របស់​រាជរដ្ឋាភិបាល​នឹង​បាន​រួចរាល់​ជា​ស្ថាពរ​សម្រាប់​ទុកជា​ចំណង​ដៃដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ហើយ​ក្រុម​អ្នក​ទេសចរណ៍​ក៏​លែង​ពិបាក​ទៀត​ដែរ បើ​ចង់​ទៅលេង​ឆ្នេរ​អង្កោល​ពិតជា​បាន​គយគន់​ទេសភាព​ព្រៃកោងកាង​នៅ​តាម​មាត់​ឆ្នេរ​យ៉ាង​ត្រជាក់​ភ្នែក​មិន​ខាន​៕ ​

tithya-22-i-
Share on Google Plus
    Blogger Comment
    Facebook Comment