ភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីឡើងបើកមាន់ប្រលែងឲ្យដើររកស៊ីចំណីរួចហើយនោះបានចូលទៅក្នុងបន្ទប់ជួលវិញ ស្រាប់តែដេកស្លាប់តែម្តង ហើយនគរបាលជំនាញដែលចុះទៅពិនិត្យសន្និដ្ឋានថា បណ្តាលមកពីជំងឺគាំងបេះដូង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជិត៩ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅក្នុងបន្ទប់ជួលភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ៅ ជលសា ភេទប្រុសអាយុ២៨ឆ្នាំស្នាក់នៅផ្ទះជួលខាងលើ មានស្រុកកំណើតនៅភូមិដីក្រហម ឃុំមង្គលរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ព្រឹកឡើងជនរងគ្រោះបានក្រោកឡើងជាដូចសព្វដងរួចហើយប្រលែងមាន់ដែលគាត់ចិញ្ចឹមនៅក្នុងបន្ទប់ជួលនោះ។
ពេលដែលប្រលែងរួចគាត់ក៏ចូល ទៅក្នុងបន្ទប់វិញ លុះរហូតដល់ថ្ងៃបន្តិចអ្នកជិតខាងមិនឃើញគាត់ចេញមកខាងក្រៅផ្ទះក៏បានប្រើក្មេងឲ្យទៅហៅពេលដែលក្មេងទៅហៅអង្រួនមិនងើប ក៏ត្រឡប់មកប្រាប់វិញ។ ពេលនោះអ្នកជិតខាងចូលទៅមើលទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយមិនដឹងតាំងពីពេលណានោះទេ រួចក៏រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះទៅពិនិត្យសព។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចជំនាញសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង រួចក៏ប្រគល់ សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Blogger Comment
Facebook Comment