ចោរ​ប្លន់​ប្រដាប់​អាវុធ​បាញ់រះ​បណ្ដាល​ឲ្យ​​​មនុស្ស​២​នាក់​ស្លាប់​ និង​រង​របួស​ធ្ងន់​ម្នាក់

បាត់ដំបង ​៖ ​ចោរ​មួយ​ក្រុម​មាន​គ្នា​២​នាក់​ស្លៀកពាក់​ស៊ីវិល និង​ពាក់​ម៉ាស់ ដោយ​ម្នាក់​កាន់​AK​និង​ម្នាក់ទៀត​កាន់​កាំភ្លើងខ្លី​បាន​ធ្វើ​សកម្មភាព​ប្លន់​​ផ្ទះ​មួយ​កន្លែង នៅ​ចំណុច​ស្ទឹង​ចក ស្ថិត​ក្នុង​ភូមិ​កកោះ ឃុំ​កកោះ​ ស្រុក​ម៉ោង​ឫស្សី ​ខេត្តបាត់ដំបង ហើយ​ក្នុងករណី​ប្លន់​នេះ​ជនល្មើស​បាន​បាញ់រះ​បណ្ដាល​ឲ្យ​ស្លាប់​២​នាក់ និង​រង​របួស​ធ្ងន់​ម្នាក់។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៤ ហើយ​ម្ចាស់​ផ្ទះ​កើតហេតុ​មានឈ្មោះ ភុ​ន ស្រី ភេទ​ស្រី​អាយុ​៤៩​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​មានកូន​៤​នាក់ មានមុខ​របរ​លក់​ម្ហូប​ពិសេស។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅក្នុង​ករណី​ប្លន់​នេះ គឺ​ជនល្មើស​ម្នាក់​បាន​កាន់​អាវុធ​AK​ចូល​ដល់​ក្នុង​ផ្ទះ​កើតហេតុ ​រួច​ធ្វើ​ការ​បាញ់​ទៅលើ​បុរស​ម្នាក់​ឈ្មោះ​ពឿ​ន ភា​រី ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ស្រុក​ឯក​ភ្នំ ហើយ​ជា​គ្រូបង្រៀន​នៅ​ភូមិ​ចក​តូច ដែល​ឧស្សាហ៍​ចេញចូល​មកលេង​ផ្ទះ​នេះ​ក្នុង​ន័យ​ទំនាក់ទំនង​ស្នេហា​ជាមួយ​កូនស្រី​ម្នាស់​ផ្ទះ។

 ក្រោយមក​ជនល្មើស​បាន​ប្រមូល​ទ្រព្យសម្បត្តិ ក្នុង​នោះ​មាន​លុយ​ខ្មែរ​ចំនួន​៤០​ម៉ឺន​រៀល និង​ខ្សែ​ក​មាស​មួយ​ខ្សែ​ទម្ងន់​៣​ជី រួច​ក៏បាន​ចេញពីផ្ទះ​ហើយ​ក្រឡេក​ឃើញ​កូនប្រុស​និង​កូនស្រី​របស់​ម្ចាស់ផ្ទះ​កំពុង​ដេញ​វាយ​បក្ខពួក​របស់​ខ្លួន​នៅ​ខាងមុខ​ផ្ទះ វា​ក៏បាន​រះ​បន្ត​ទៀត​បណ្ដាល​ឲ្យ​កូនប្រុស​ឈ្មោះ​សឿ​ម ច​ន្នី អាយុ​២២​ឆ្នាំ ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​។

 ដោយឡែក​កូនស្រី​ឈ្មោះ សឿ​ម ផល្លី​អាយុ​២៥​ឆ្នាំ​បាន​រង​របួស​ធ្លាយ​ពោះ និង​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ រីឯ​បក្ខ​ពួកវា​ដែល​កាន់​កាំភ្លើងខ្លី​ក៏​ទំនងជា​រង​របួស​ផង​ដែរ ដោយ​គ្នាវា​បាន​ដឹក​​​ម៉ូតូ​ដែល​ជា​មធ្យោបាយ​របស់​វា​គេចខ្លួន​ចេញទៅ​បាត់។

បើ​តាម​ប្រភព​ព័ត៌មាន​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ករណីនេះ​អាច​ពាក់ព័ន្ធ​នឹង​ស្នេហា​ត្រីកោណ រួម​ផ្សំ​នឹង​ករណី​ប្លន់ ដោយ​ជន​បង្ក​សុទ្ធ​តែ​មាន​វ័យ​ប្រហែល​២០​ឆ្នាំ​៕

M24-a-full
Share on Google Plus
    Blogger Comment
    Facebook Comment