ខេត្តកំពង់ឆ្នាំង៖ម៉ូតូធុនធំបានបើកបុកជាមួយម៉ូតូម៉ាកសង់កូរ៉េកាលពីវេលាម៉ោងជិត៦ល្ងាចថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៤នៅតាមបណ្តោយផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ ១១៨-១១៩ ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យមនុស្ស ៤នាក់ បានរងរបួសធ្ងន់។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសម្នាក់ឈ្មោះ អៀត មេសា ជិះម៉ូតូម៉ាក FZ ពាក់ស្លាកលេខ ភ្នំពេញ ១BQ-៨១៤៥ ជិះគ្នា ៣នាក់ ធ្វើដំណើរពីលិចទៅកើត បើកយ៉ាងលឿន នៅពេលមកដល់ចំណុចកើតហេតុ ក៏មានបុរសម្នាក់ឈ្មោះ សួស ឌន ជិះម៉ូតូសេ១០០កូរ៉េពណ៌ក្រហម ធ្វើដំណើរបត់ច្រាស់ទិសគ្នា ក៏ត្រូវម៉ូតូធំម៉ាក FZ បុកបណ្តាលអោយប៉ើង ខ្ទាតពេញផ្លូវតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង និងជួយអន្តរាគមន៍ ដឹកបញ្ជូនជនរងគ្រោះ មកសង្គ្រោះនៅមន្ទីរពេទ្យ រីឯមធ្យោបាយបង្កទាំង២ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកបរិបូរណ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយ តាមនីតិវិធី៕
Blogger Comment
Facebook Comment