ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល បង្ក្រាប និងចាប់ខ្លួន ចោរប្លន់ លួច កាច់ក ម៉ូតូ និងគាស់ផ្ទះ យ៉ាងសកម្មម្នាក់

ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានបើកការ ស្រាវជ្រាវ និងធ្វើការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ រហូតឈានទៅដល់ ការចាប់ខ្លួន ជនសង្ស័យម្នាក់ ដែលតែងតែ ធ្វើសកម្មភាព យ៉ាងសកម្ម ជំនាញខាងប្លន់ លួច កាច់ក ម៉ូតូ និងគាស់ផ្ទះ របស់ប្រជាពលរដ្ឋ នាពេលកន្លង ទៅនៅក្នុង រាជធានីភ្នំពេញ ។

ជនសង្ស័យដែល ជាមុខសញ្ញា យ៉ាងសកម្ម ក្នុងអំពើប្លន់ លួច កាច់ក ម៉ូតូ និងគាស់ផ្ទះ លួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ខាងលើនេះ ត្រូវបានកម្លាំង នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំ បញ្ជាផ្ទាល់ពីនាយការិយាល័យ ចាប់ខ្លួនកាល ពីវេលាម៉ោងប្រមាណ ១២ថ្ងៃ ត្រង់ទី២៤ ខែឧសភា ឆ្នាំ២០១៤ នៅម្តុំត្រឡោកបែក ខណ្ឌទួលគោក ហើយរៀបចំសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បី ចាត់ការតាមផ្លូវច្បាប់ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ នេះ។

សូមបញ្ជាក់ថា មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា មុនឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យរូបនេះ គឺត្រូវប្រើកម្លាំងនគរបាលជំនាញ ជាច្រើននាក់ និងតាមស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ។

ជាក់ស្តែង នៅពេលចុះប្រតិបត្តិការចាប់ខ្លួន ជនសង្ស័យរូបនេះ បានរត់ និងហោះឡើងលើដំបូល រថយន្តដែលកំពុងធ្វើដំណើរតាមផ្លូវ បំណងគេចខ្លួន តែដោយសារតែកម្លាំង នគរបាល មានច្រើននាក់ និងពួនស្ទាក់ នៅតាមគោលដៅនោះ ទើបអាចដេញចាប់ រូបគេបានភ្លាមៗ នៅពេលនោះតែម្តង។

មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានថ្លែងឲ្យដឹងថា ជនសង្ស័យដែល មានជំនាញ ខាងគាស់ផ្ទះ របស់ប្រជាពលរដ្ឋ កាច់ក លួច និងប្លន់ម៉ូតូតាមដងផ្លូវ យ៉ាងសកម្មខាងលើនេះមាន ឈ្មោះ ឡាច សុផាត ហៅ ម៉ៅ ស្ទីច មុខរបរមិនពិតប្រាកដ ។
សេចក្តីរាយការណ៍ ពីមន្រ្តីនគរបាល ដដែលបានបន្តទៀតថា ក្រោយពីមានករណី ប្លន់ លួច កាច់ក ម៉ូតូ និងគាស់ផ្ទះរបស់ ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញរួចមក ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងលោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ស្នងការរងនគរបាល និងជាប្រធានការិយាល័យ កណ្តាលយុត្តិធម៌ បានដាក់បញ្ជាឲ្យកម្លាំង នគរបាលតាម បណ្តាខណ្ឌ និងកម្លាំងនគរបាលតាមការិយាល័យ ជំនាញ បើការស្រាវជ្រាវ និងធ្វើការស៊ើបអង្កេត ដោយយកចិត្តទុកដាក់ តាមជំនាញរបស់ខ្លួន ធ្វើយ៉ាងណាតាមចាប់ ក្រុមចោរទាំងនេះ ។

មន្រ្តីនគរបាលការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល បានបន្តទៀតថា ក្រោយពីទទួលបាន បទបញ្ជា ពីសំណាក់ ស្នងការ និងស្នងការរង រួចមក កម្លាំងនគរបាល នៃការិយាល័យ ដឹកនាំដោយ នាយការិយាល័យ បាន ធ្វើការស្រាវជ្រាវ តាមជំនាញ រហូតដល់ការ ចាប់ខ្លួន ជនសង្ស័យ ឡាច សុផាត ហៅ ម៉ៅ ស្ទីច ដែលតែងតែធ្វើសកម្មភាព បទល្មើសជាច្រើនករណី នាពេលកន្លងមក ។
បើតាមមន្រ្តី នគរបាល ដដែលនេះ ជនសង្ស័យ ឡាច សុផាត ហៅ ម៉ៅ ស្ទីច ធ្វើសកម្មភាព គាស់ផ្ទះ មួយករណី នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ធ្លាប់ប្លន់ម៉ូតូពីនារី៣នាក់ កំពុងជិះម៉ូតូ តាមផ្លូវ នាពេលយប់ នៅសង្កាត់ស្រះចក និងករណីកាច់កម៉ូតូ របស់ប្រជាពលរដ្ឋ នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នាពេលកន្លងទៅ។

ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ កម្លាំងនគរបាល បានដកហូតនូវវត្ថុមួយចំនួន ផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជា បណ្តោះអាសន្ន នៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ហើយបានរៀបចំសំណុំរឿង បញ្ជូន ជនសង្ស័យទៅកាន់តុលាការដើម្បី ចាត់ការតាមផ្លូវច្បាប់ ៕


Share on Google Plus
    Blogger Comment
    Facebook Comment