អ្នកយកព័ត៌មានជាន់ខ្ពស់របស់កាសែតThe Nationលោក ប្រាវីត រ៉ូហ្សាណាភ្រូក(Pravit Rojanaphruk)កាលពីថ្ងៃម្សិលមិញបានចូលបង្ហាញខ្លួនតាមបញ្ជារបស់ក្រុមប្រឹក្សាយោធា និងត្រូវបាននាំខ្លួនទៅកាន់កន្លែងឃុំឃាំងនៅបន្ទាយទាហាន។
និពន្ធនាយករបស់ក្រុមហ៊ុនកាសែត Nation Multimedia Group បានអំពាវនាវអោយរបបយោធាគោរពសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិរបស់ប្រជាជនក្នុងការទទួលបានព័ត៌មាន។
លោកថេបឆៃ បាននិយាយថា”ជាពិសេសក្នុងពេលមានវិបត្តិដូចនេះ ការទទួលបានព័ត៌មានរបស់ប្រជាជនវាសំខាន់ណាស់។និងប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់មួយក្នុងការរក្សាអោយសាធារណជនយល់ដឹងតាមរយៈរបាយការណ៍សេរីនិងឯករាជ្យ”។
ប្រាវីត អ្នកសរសេរចុះខ្ទង់កាសែតThe Nationដែលមិនចេះសំចៃមាត់ បានថតរូបដូច្នេះ ក្នុងពេលត្រូវ យោធាហៅទៅបង្ហាញខ្លួនជាមួយអ្នកកាសែតមួយចំនួនទៀត កាលពីថ្ងៃ២៥ឧសភា
លោកបាននិយាយទៀតថា លោកគាំទ្រជាខ្លាំងការអំពាវនាវរបស់បណ្តាអង្គការសារព័ត៌មានធំៗរបស់ថៃ ដែលសុំអោយរបបយោធាលុបចោលរាល់បញ្ជាដែលចេញក្រោយរដ្ឋប្រហារដែលរឹតត្បឹតប្រព័ន្ធផ្សព្វផ្សាយ។
ក្នុងពេលជាមួយគ្នា ក្លឹបអ្នកកាសែតថៃ បានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវអោយរដ្ឋាភិបាលយោធាគោរពសេរីភាពនៃការបញ្ចេញមតិនិងសិទ្ធិអ្នកកាសែតដើម្បីបានធ្វើកិច្ចការដោយសេរី។ក្លឹបក៏បានអំពាវនាវអោយដោះលែងអ្នកកាសែតដែលត្រូវបានឃុំខ្លួននិងដកចេញកំហិតសារព័ត៌មាន។
ពួកអ្នកកាសែតស្ថិតចំណោមក្រុមមនុស្សដែលត្រូវយោធាកោះហៅទៅបង្ហាញខ្លួន នៅពេលវិទ្យុ ទូរទស្សន៍នឹងត្រូវបានអនុញ្ញាតអោយផ្សាយធម្មតាឡើងវិញ ដរាបណាសភាពការណ៍វិលមករកភាពប្រក្រតី៕
Blogger Comment
Facebook Comment