ភ្នំពេញ៖ កម្មកររោងចក្រអូសេអង់ ប្រមាណជា១៦៥០នាក់ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤នេះ បានបន្តសកម្មភាពធ្វើកូដកម្ម ខណៈក្រសួងការងារបញ្ជូន សំណុំរឿងទៅក្រុមប្រឹក្សាដោះស្រាយបន្ត។
រហូតមកដល់ រសៀលថ្ងៃទី២៧ ខែឧសភា ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជូនករណីកម្មករធ្វើកូដកម្ម ដោយសារតែថៅកែរោងចក្រ អូសេអង់មានគម្រោងបិទទ្វារ ទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលហើយ ដើម្បីឲ្យក្រុមប្រឹក្សា មួយនេះដោះស្រាយបន្ត។
អគ្គលេខាធិការ សម្ព័ន្ធសហជីពចលនាកម្មករ លោក ឆេង ឈាន់ បានឲ្យដឹងថា បន្ទាប់ពីមានការជួបប្រជុំគ្នារវាង ភាគីពាក់ព័ន្ធ មួយចំនួនរួមមាន ក្រសួងការងារ តំណាងរោងចក្រ តំណាងសហជីព និងតំណាងកម្មករ ដើម្បីដោះស្រាយបញ្ហាឲ្យកម្មករ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ មិនបានសម្រេច ក៏បន្តមកពេលរសៀលទៀត ប៉ុន្តែរោងចក្រនៅតែមិនយល់ព្រម ជាមួយក្រុមកម្មករតាមការ ទាមទាររបស់ពួកគេ៥០ភាគរយ នៃប្រាក់ខែគោល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ក្នុងអំឡុងពេលរោងចក្រព្យួរការងាររយៈពេល១ខែ។
លោកបន្តថា នៅក្នុងកិច្ចជំនួបនៅព្រឹកថ្ងៃទី២៧ ខែឧសភារវាងភាគីពាក់ព័ន្ធ តំណាងកម្មករទាមទារលក្ខខណ្ឌការងារ៤ចំណុច គឺទី១-ស្នើឲ្យក្រុមហ៊ុនផ្តល់ប្រាក់៥០ នៃប្រាក់ខែគោល និងប្រាក់ អត្ថប្រយោជន៍ផ្សេងៗ ក្នុងរយៈពេល១ខែ ដែលរោងចក្រព្យួរការងារ១ខែនេះ ទី២-បើកលុយខ្វះនាពេលកន្លងមកឲ្យកម្មករវិញ ទី៣-បើកលុយឲ្យកម្មករ ដែល ធ្វើការបណ្តែត និងទី៤-បើមិនឲ្យប្រាក់កម្មករទាំងអស់នេះទេ ត្រូវ បញ្ចប់កិច្ចសន្យាដោយ គិតឲ្យតាមច្បាប់ការងារ។
សូមបញ្ជាក់ថា ក្រុមកម្មករ ចំនួន១៦៥០នាក់ ដែលបម្រើការងារ នៅរោងចក្រ អូ សេ អង់ ស្ថិត នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានផ្ទុះ ដកម្មតាំង ពីថ្ងៃទី២៤ ខែឧសភា មកម្ល៉េះ ព្រោះមិនមានទំនុក ចិត្តទៅរោងចក្រ បន្ទាប់ពីថៅកែបានប្រកាសផ្អាក ការងារមួយខែ ដោយសារអះអាង ថា មិនមានការងារ សម្រាប់ ក្រុមកម្មករ៕


Blogger Comment
Facebook Comment