ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) គ្រោងប្ដឹងមន្ត្រី ៤រូប ទៅតុលាការ ព្រោះតែភាពយឺតយ៉ាវក្នុងការចូលទៅប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ នៅឆ្នាំ២០១៤នេះ បន្ទាប់ពីមន្ត្រីចំនួន ៥.១៧៩រូប បានទៅប្រកាសទ្រព្យសម្បិត្តរួចរាល់ហើយនោះ។
នៅក្នុងកិច្ចប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅថ្ងៃទីអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០១៤ក្រោមវត្តមានលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានឲ្យដឹងថា ការប្រកាសទ្រព្យសម្បត្តិនិងបំណុលតាមរបប២ឆ្នាំ នៃឆ្នាំ២០១៤ មានមន្រ្តី ៥.១៧៩រូប បានទៅប្រកាសទ្រព្យសម្បិត្ត។ នៅសល់ ៤រូបទៀត ដែលអង្គភាពប្រឆាំងអំពើពុករលួយតាមយ៉ាងគៀក ជំរុញឲ្យមកប្រកាសទ្រព្យសម្បត្តិមុន នឹងអង្គភាពចាត់វិធានការណ៍ប្ដឹងទៅតុលាការ។
កិច្ចប្រជុំខាងលើបន្តថា «អ្នកទាំង៤នាក់ខាងលើអង្គភាពប្រកាសផ្សព្វផ្សាយជាសាធារណៈ ឲ្យមកប្រកាសទ្រព្យសម្បត្តិច្រើនដងមកហើយ»។
សូមបញ្ជាក់ថា មានមន្រ្តី ១៤១រូប បានប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងខែឧសភា ឆ្នាំ២០១៤នេះ ក្នុងនោះ ១១៧រូប មកប្រកាសដោយការតែងតាំងថ្មី និង២១រូប មកប្រកាសទ្រព្យសម្បត្តិ ដោយចប់អាណត្តិលាឈប់ ឬចូលនិវត្តន៍៕
Blogger Comment
Facebook Comment