ភ្នំពេញៈ ក្នុងពេលដ៏ឆាប់ ប្រជាជនកម្ពុជាអាចកាន់តែងាយស្រួលក្នុងការរាយការណ៍អំពីអំពើពុករលួយផ្លូវការ មិនត្រឹមតែជូនអាជ្ញាធរ មិត្តភ័ក្តិ ឬអ្នកជិតខាងប៉ុណ្ណោះទេ គឺជូនពិភពលោកទាំងមូល ដោយសារតែគេជិតចាប់ផ្តើមកម្មវិធីប្រើក្នុងទូរស័ព្ទជាភាសាខ្មែរឈ្មោះថា Bribespot ដែលជាកម្មវិធីរាយការណ៍ពីអំពើពុករលួយ។
ដោយទទួលបាននូវភាពពេញនិយមរួចហើយនៅក្នុងប្រទេសថៃ ដែលមានការរាយការណ៍ ១៩៤ ករណីចាប់តាំងពីចាប់ផ្តើមកម្មវិធីនេះជាភាសាថៃ កាលពីខែសីហា ឆ្នាំមុន កម្មវិធីនេះអនុញ្ញាតអ្នកប្រើប្រាស់កំណត់ទីតាំងលើផែនទី ដែលពួកគេបានក្លាយជាជនរងគ្រោះនៃអំពើពុករលួយ និងបង្ហោះសេចក្តីបរិយាយដ៏ខ្លីអំពីអំពើពុករលួយនោះ។
អ្នកផលិតកម្មវិធី គឺលោក Artas Bartas ដែលកើតនៅប្រទេស Lithuania បានថ្លែងកាលពីម្សិលមិលថា កម្មវិធីជាភាសាខ្មែរនេះនឹងបញ្ចប់នៅត្រឹមសប្តាហ៍ក្រោយ។
ថ្លែងនៅក្នុងសិក្ខាសាលានៅរាជធានីភ្នំពេញ ដែលណែនាំអំពីកម្មវិធីកាលពីម្សិលមិញ លោក ព្រាប កុល នាយកប្រតិបតិ្តនៅអង្គការ តម្លាភាពអន្តរជាតិ កម្ពុជា បានថ្លែងថា កម្មវិធីនេះផ្តល់មធ្យោបាយមួយទៀតដល់ប្រជាជន ដើម្បីដោះស្រាយបញ្ហាសង្គម ជាពិសេស អំពើពុករលួយ។
លោកបានបញ្ជាក់ថា៖ «ជាញឹកញាប់ ប្រជាជននិយាយថា ប្រយុទ្ធប្រឆាំងអំពើពុករលួយ អ្នកត្រូវការឆន្ទៈនយោបាយ … ប៉ុន្តែនៅកម្ពុជាវាពិបាកនឹកស្រមៃថា [អ្នកនយោបាយ]មានឆន្ទៈនយោបាយពិតប្រាកដណាស់។ ប្រសិនបើមេដឹកនាំគ្មានឆន្ទៈនយោបាយ គឺមិនអីទេ។ យើងនឹងរកអ្នកដែលមានឆន្ទៈ»។
កម្មវិធី Bribespot ពុំទាន់មានអ្នកបង្ហោះច្រើនទេ ដោយរបាយការណ៍ប្រហែល ៣២០ ត្រូវបានបង្ហោះលើ Bribespot ទូទៅពិភពលោក គិតមកត្រឹមពេលរសៀលកាលពីម្សិលមិញ។ តាមការប្រៀបធៀប កម្មវិធីចាស់ស្រដៀងគ្នា ហៅថា I Paid a Bribe បានកត់ត្រារបាយការណ៍ស៊ីសំណូកជាង ១៩០០០ នៅក្នុងប្រទេសឥណ្ឌាតែមួយគត់។
លោក Bartas អ្នកផលិតកម្មវិធី បានទទួលស្គាល់ក្នុងសិក្ខាសាលាកាលពីម្សិលមិញថា «ជោគជ័យអ្វីក៏ដោយដែលយើងសម្រេច គឺត្រូវតែនៅថ្នាក់មូលដ្ឋាន» ប៉ុន្តែ លោកបានបន្ថែមថា ការនិយាយតគ្នា និងការលើកទឹកចិត្តពីដៃគូក្នុងស្រុក នឹងជួយឲ្យកម្មវិធីនេះក្លាយជាចំណាប់អារម្មណ៍សាធារណៈ។
លោក Bartas បានលើកឡើងថា៖ «មានកិច្ចពិភាក្សាក្នុងវេទិកា សហគមន៍ជនបរទេស ដោយសារតែអំពើពុករលួយនៅបរទេសជារឿងរកាំចិត្ត … ហើយអ្នកស្រុកមួយចំនួនគិតដូចគ្នាដែរ។ ប៉ុន្តែ ដើម្បីទៅដល់ចំណុចដែលយើងជះឥទិ្ធពលដល់អ្នកបង្កើតគោលនយោបាយ យើងត្រូវតែធ្វើការជាមួយនឹងដៃគូក្នុងស្រុក។
តាមពិតទៅ កម្ពុជាមានរបាយការណ៍ចំនួន ១៩ រួចហើយ ដែលលំអិតគ្រប់យ៉ាងចាប់ពីការបង់ប្រាក់ ២ ដុល្លារ សម្រាប់រូបថតបិទក្នុងទិដ្ឋការ រហូតដល់ទៅប្រាក់សំណូក ៥០០០ ដុល្លារអាមេរិក សម្រាប់«ការជួញឈើខុសច្បាប់»៕ TK
![]() |
កម្មវិធី Bribespot ត្រូវបានគេប្រើប្រាស់រាយការណ៍អំពីអំពើពុករលួយក្នុងប្រទេសថៃ។ រូបថត អ៊ិនធើណេត |
Blogger Comment
Facebook Comment