ឃាត់ខ្លួន​ អ្នកចែកចាយ ថ្នាំញៀនម្នាក់​ និងអ្នកប្រើប្រាស់​ ៣នាក់​ បញ្ជូនមក ស្នងការខេត្ត

បាត់ដំបងៈកម្លាំងនគរបាលក្រុងបាត់ដំបង បានឃាត់ខ្លួនអ្នកចែកចាយថ្នាំញៀនម្នាក់និងអ្នកប្រើប្រាស់ ៣នាក់ កាលពីវេលាម៉ោង១៧និង៣០នាទី ល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និងរឹបអូសបានម៉ាទឹកកក១កញ្ចប់ និងសម្ភារមួយចំនួនទៀត នាំយកមកអធិការក្រុង ដើម្បីសាកសួរ រួចកសាងសំណុំរឿង បញ្ជូនមកស្នងការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

លោក ស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌ នគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ជុន សុជិនណា ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នផ្ទះជួល ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង (ជាអ្នកចែកចាយ) ទី២ ឈ្មោះ សុខ គឹមហាក់ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ទី៣ ឈ្មោះ មាន សារ៉េត ភេទស្រី អាយុ ២៨ឆ្នាំ និងទី៤ ឈ្មោះ សែម ស្រីនី ភេទស្រី អាយុ២៧ឆ្នាំ ២នាក់នេះ រស់នៅភូមិ.សង្កាត់ចំការសំរោង ក្រុងបាត់ដំបង (៣នាក់ខាងក្រោមជាអ្នកប្រើប្រាស់)។

លោក ស៊ន កុសល បានបញ្ជាក់ថា បន្ទាប់ពីបានទទួលបានទទួលព័ត៌មានថា មានករណីចែកចាយថ្នាំញៀនភ្លាម លោកបានដឹកនាំកម្លាំងចុះបង្ក្រាប ក្នុងបទល្មើស ជាក់ស្តែង នៅក្នុងបន្ទប់ជួល ដោយឃាត់ខ្លួនជនសង្ស័យបាន ៤នាក់ ក្នុងនោះប្រុសម្នាក់ ស្រី៣នាក់ ព្រមទាំងរឹបអូសបានថ្នាំញៀន ២កញ្ចប់ (កញ្ចប់ធំ១ស្មើ និង៧.៥៨ក្រាម និងកញ្ចប់តូច១ស្មើនិង០.៩៣ក្រាម) ជញ្ជីងថ្លឹងថ្នាំញៀន១ ទូរស័ព្ទ ២គ្រឿង និងលុយ១០០ដុល្លារ នាំយកមកសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាអ្នករកស៊ីចែកចាយថ្នាំញៀន ពិតប្រាកដមែន និង៣នាក់ទៀត គ្រាន់តែជាអ្នកប្រើប្រាស់ថ្នាំញៀនប៉ុណ្ណោះ។ បន្ទាប់ពី បានចម្លើយសារភាពជនសង្ស័យហើយ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅស្នងការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

Photo by DAP-News
Photo by DAP-News
Share on Google Plus
    Blogger Comment
    Facebook Comment