ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរហើយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលមានសង្ឃឹមរស់តិចតួចបំផុត នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរមួយដែលបង្កឡើងដោយរថយន្តម៉ាកកូរ៉ូឡា បើកបរដោយនារីវ័យក្មេងម្នាក់ក្នុងស្ថានភាពស្រវឹងជោគជាំបានបុកអ្នកជិះម៉ូតូ ខណៈដែលបើកបរបញ្ជ្រាសទិសគ្នាពេញទំហឹង បន្ទាប់មកនារីប្រមឹករូបនោះពេលចុះពីលើរថយន្តហើយអង្អែលឡានរួចបាននិយាយថា អរគុណឡានដែលជួយជីវិតនាង ហើយនាងអះអាងថា ស្រវឹងតិចៗព្រោះទើបចេញពីខារ៉ាអូខេ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង ៤០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ទល់មុខផ្ទះសំណាក់រស្មីអរុណរះ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកកូរ៉ូឡាសេរីឆ្នាំ១៩៩៨ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V 0649 បើកបរដោយនារីវ័យក្មេងម្នាក់ឈ្មោះ ហួត ដាវី អាយុ ២៣ឆ្នាំ រស់នៅសង្កាត់ព្រែកខណ្ឌ សែន សុខ ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី០៥ ពាក់ស្លាកលេខ រ-5163ភព1 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ធ្ងរ ហើយបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។
បើតាមសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តបង្ក បើកបរដោយនារីម្នាក់បើកបរក្នុងស្ថានភាពស្រវឹងជោគជាំក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ដោយសារខាងមុខមានរោងការ ហើយនៅចំណុចនោះរាងកោងបន្តិច ក៏ប្រឹងទាញចង្កូតមកឆ្វេងចូលចំណែកផ្លូវអទីភាព ម្ខាងទៀតជួនពេលនោះមានម៉ូតូជនរងគ្រោះ ដែលបើកបរបញ្ច្រាសទិសគ្នាក៏បុកពេញទំហឹងផ្លោងមនុស្សបុកបែកកញ្ចក់ឡានខាងមុខ រហូតដល់លើដំបូលឡាន ហើយរមៀលមកវិញទូលទៅជាមួយឡានជាង៥០ម៉ែត្រ និង អូសម៉ូតូ ជាង២០ ទើបទៅមុខលែងរួចបណ្តាលឲ្យជនរងគ្រោះ បែកក្បាលលៀនគ្រាប់ភ្នែក បាក់ជើងឆ្វេងម្ខាង របួសធ្ងន់ធ្ងរ មិនសង្ឃឹមថារស់នោះទេ ហើយបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
ប្រភពដដែលបានបន្តថា នារីបង្កពេលចុះពីលើឡាននិយាយថាអរគុណឡានដែលបានជួយជីវិតនាង ហើយនាងអះអាងថាទើបនឹងចេញមកពីខារ៉ាអូខេស្រវឹងតិចៗ ។ ក្រោយកើតហេតុ ប៉ូលិសចរាចរក្រុងបានចុះវាស់វែងហើយនាំយករថយន្ត និង អ្នកបរទៅស្នងការក្រុងរង់ចាំដោះស្រាយតាមច្បាប់ ៕
ឌីរៀ


Blogger Comment
Facebook Comment