មានបុរសមួយចំនួនបានលង់ស្នេហ៍ជាមួយនារីណាម្នាក់ដែលខ្លួនបានលួចស្រលាញ់ប៉ុន្តែបុរសនោះបែរជាមិនបានដឹងអ្វីទាំងអស់ថា តើនារីនោះស្រឡាញ់ខ្លួនវិញដែរឬយ៉ាងណានោះឡើយ នេះក៏ព្រោះតែបុរសនោះមិនបានដឹងពីសញ្ញាជាតម្រុយមួយចំនួនដែលនារី នោះបានប្រាប់ឲ្យដឹង។
ជាធម្មតាស្ត្រីមានការអៀនខ្មាស់ច្រើននាងមិនអាចនិយាយចេញនូវពាក្យថា ' ស្រឡាញ់ ' ប្រាប់ដល់បុរសដែលនាងពេញចិត្តនោះឡើយ។ ដូច្នេះអ្វីដែលនាងអាចឆ្លើយតបត្រឡប់ទៅបុរសនោះវិញ បើនាងពេញចិត្តដែរនោះ គឺបានត្រឹមតែជាកាយវិការ ជាសញ្ញាត្រឡប់មកវិញប៉ុណ្ណោះ តែបើបុរសនោះឯងល្ងង់មិនចេះបកស្រាយប្រស្នានៃកាយវិការរបស់នាងទេនោះ គឺច្បាស់ជាត្រូវដេកព្រួយដេកគិតតែម្នាក់ឯងជាមិនខានព្រោះគ្មានចម្លើយជាពាក្យសំដីណាមួយចេញពីមាត់នាងសោះ ស្រួលមិនស្រួលឡើងដើមឈើអើតមើលដំបូលផ្ទះនាងផងក៏មិនដឹង!
បុរសៗត្រូវចាំថាមិនមែនស្ត្រីទាំងអស់ដូចគ្នានោះឡើយ ស្ត្រីខ្លះបើស្រឡាញ់ហ៊ានហាប្រាប់ការពិតតែចំណែកស្ត្រីខ្លះទៀត នៅក្នុងមាយាទជាអ្នកអៀនខ្មាស់គោរពទម្លាប់របស់សង្គមពិតជាមិនហ៊ាន ហាស្តីឲ្យដឹងឡើយ។
តែមានតម្រុយមួយចំនួនដែលស្ត្រីបានបង្ហាញចេញឲ្យដឹងជាសញ្ញាឲ្យដល់បុរសដែលនាងពេញចិត្ត តែវាក៏អាស្រ័យទៅលើបុរសនោះដែរថា តើចេះបកប្រែសញ្ញានោះដែរឬអត់! បើមិនយល់ពីតម្រុយនោះទេច្បាស់ជាត្រូវដេកយំស្រឡាញ់គេតែម្នាក់ឯងមិនខាន!!!!
ខាងក្រោមនេះជាសញ្ញាខ្លះដែលបង្ហាញថាស្ត្រីនោះចូលចិត្តយើងវិញដែរតែមិនទាន់ប្រាកដថានាងស្រឡាញ់យើងនោះឡើយ កុំទាន់អាលអរអី! ចាំទាល់តែតម្រុយនោះកើនច្រើនឡើងសិន សឹមសន្និដ្ឋានថាយ៉ាងណាៗ.......។
១. បើស្ត្រីនោះចូលចិត្តចំណាយពេលជាមួយយើង និងចូលចិត្តនិយាយជាមួយយើង! *បើនាងចូលចិត្តយើង នាងនឹងមិនព្រមឲ្យបាត់បង់ឱកាសបាននៅក្បែរ ឬបានជជែកជាមួយយើងនោះឡើយ។ នាងនឹងព្យាយាមរកឱកាសឲ្យបានជួបជាមួយយើងបាននិយាយលេងជាមួយនាង និងចំណាយពេលជាមួយយើងទោះបីជានាងមានការលំបាកមកជួបយើងយ៉ាងណាក៏ដោយក៏នាងព្យាយាមឲ្យខានតែបានដែរ។ នៅរាល់ពេលដែលយើងនិយាយទៅកាន់នាង នាងតែងផ្ទៀងត្រចៀកស្តាប់ជានិច្ច ទាំងចូលចិត្តឲ្យយើងនិយាយឲ្យនាងស្តាប់ និងសួរតបស្តីពីរូបយើងព្រោះនាងចង់ដឹងច្រើនពីខ្លួនយើងនេះស្តែងឲ្យឃើញថានាងចាប់អារម្មណ៍ចំពោះយើងហើយ។ បើនាងសួរយើងកាន់តែច្រើននោះមានន័យថានាងពេញចិត្តយើង ចង់ដឹងឲ្យបានច្រើនពីយើង នេះគឺជាសញ្ញាមួយល្អ អាចនិយាយបានថាគឺជាការចាប់ផ្តើមមួយពីខាងនាង។ បើសិនជានៅក្នុងការសន្ទនានោះ នាងតែងតែញញឹម និងលួចសម្លឹងមករកយើងផងនោះ នោះវាលែងមានអ្វីជាសង្ស័យឡើយថានាងពិតជាចូលចិត្តយើងក្នុងករណីខ្លះនាងថែមទាំងនៅប្រកៀកជាមួយយើង និងមានកែវភ្នែកមួយចម្លែកជាងធម្មតា។
ប៉ុន្តែបើសិនជានាងងាកចុះឡើងពេលយើងនិយាយទៅរកនាងព្រមទាំងរកឱកាសគេចចេញពីយើងនោះ ស្តែងឲ្យឃើញថានាងមិនពេញចិត្តយើងទេ ជាពិសេសពេលយើងនិយាយទៅរកនាង នាងបែរជាសម្តែងអាការៈមិនចាប់អារម្មណ៍ចំពោះអ្វីដែលយើងនិយាយទេនោះ វាក៏ជាសញ្ញាមួយបង្ហាញថានាងមិនចូលចិត្តយើងដែរ អាចថានាងចង់បានអ្នកផ្សេងនិយាយរកនាង ឬអាចថានាងបែរជាងាកទៅនិយាយជាមួយអ្នកផ្សេងវិញ នោះក៏ជាសញ្ញាថានាងមិនពេញចិត្តយើងដូចគ្នា ដូច្នេះសូមបុរសៗទាំងឡាយចាំទុកជាតម្រាផងបើគិតថាដូច្នេះដែរ...... ។
២. បើសិនជានាងផ្តល់វិធីសម្រាប់ឲ្យយើងទាក់ទងនាង!! * បើនាងពិតជាចូលចិត្ត ឬពេញចិត្តចំពោះយើង នាងនឹងផ្តល់វិធីសម្រាប់ឲ្យយើងទាក់ទងនាងជាមិនខានឡើយ ដោយរាប់ទាំងការបង្ហាញផ្លូវទៅផ្ទះនាង ឲ្យលេខទូរស័ព្ទ ឲ្យអ៊ីម៉ែល ឲ្យឈ្មោះ Chat មកយើង ឬនាំយើងឲ្យស្គាល់ផ្ទះរបស់នាង។
អ្វីដែលប្រាកដជាងគេនោះគឺនាងឲ្យយើងជួយជូននាងទៅផ្ទះនោះគឺជាលេសមួយដែលនាងចង់បង្ហាញថាផ្ទះនាងនៅឯណាក្រែងលោយើងមានបំណងចង់មករកនាង ជួនកាលនាងថែមទាំងណែនាំយើងឲ្យក្រុមគ្រួសារនាងបានស្គាល់ព្រមទាំង នាំយើងចូលក្នុងផ្ទះរបស់នាងផងក៏មាន។
នេះគឺជាឱកាសមួយដ៏កម្រណាស់ បើសិនជាដូចការរៀបរាប់ខាងលើនោះមែន សូមរកឱកាសណាត់ជួបនាងចុះ នាងពិតជាព្រមតាមមិនខាន តែបើនាងប្រកែកសូមកុំបង្ខំ សូមទុកឱកាសឲ្យនាងផង អាចថាពេលណាមួយនាងយល់ព្រមក៏ថាបាន តែមិនត្រូវសុំនាងដោយត្រង់នៅចំពោះមុខឡើយ គួរប្រើទូរស័ព្ទ ឬ Chat ឬអ៊ីម៉ែលធ្វើជាមេអណ្តើកវិញ ព្រោះការសុំណាត់ចេញក្រៅទល់មុខផ្ទាល់តែម្តងនាងអាចមិនហ៊ានឆ្លើយ ថាព្រមទេ ព្រោះនាងខ្មាស់ ហេតុនេះយើងជាបុរសគួរចេះជ្រើសរើសរកពេលវេលាណាមួយសមគួរ ឬយ៉ាងហោចណាស់បានស្គាល់គ្នាបានយូរបន្តិចសិនដែរ មិនគួរបង្ខំនៅគ្រាដំបូងៗនោះឡើយ ព្រោះអាចថានាងត្រូវការពេលខ្លះ ដើម្បីឲ្យស្គាល់ចិត្តយើងសិនដែរ។ រឿងមួយទៀតដែលបុរសត្រូវដឹងដែរនោះ គឺទោះបីមានសញ្ញាថានាងចូលចិត្តយើងក៏ដោយចុះ តែបើពេលយើង Call នាង នាងចាប់ផ្តើមនិយាយមករកយើងភ្លាមនោះមានន័យថាវាជាការពិតហើយ ដែលនាងចូលចិត្តយើងអាចនិយាយថានាងពិតជាស្រឡាញ់យើងដែរ ក៏ថាបាន តែបើសិនជាយើង Call ទៅហើយនាងបែរជារកលេសថានាងរវល់ ឬមិនអាចនិយាយបានទេនោះ ឬក៏ Hang up ទៅវិញ សូមកុំព្យាយាមអី នាងគ្រាន់់តែចូលចិត្តយើងតែមិនស្រឡាញ់យើងទេ ដកចិត្តទៅវិញទៅ កុំត្រដរធ្វើអ្វីទៀតនាំខាតពេលទេ!
បើទោះបីជារវល់យ៉ាងណាក៏ដោយ ឬនៅចំពោះមុខឪពុកម្តាយបងប្អូនមិត្តភក្តិ តែនាងនៅតែរកឱកាសឲ្យបាននិយាយជាមួយយើងនោះ នេះអាចនិយាយបានថាវាជាសំណាងហើយ ព្រោះនាងពិតជាស្រឡាញ់យើងយ៉ាងច្បាស់ណាស់ ព្រោះនាងហ៊ានពុះជ្រែកឧបសគ្គឲ្យតែបានជួបនិយាយជាមួយយើង។ យូរកាលណានាងចំណាយពេលជាមួយយើងគឺច្រើនប៉ុណ្ណោះដែរ ដែលនាងចូលចិត្តយើង ជួនកាលនាងហ៊ានទាំងប្រាប់យើងថា នាងបានយល់សប្តិឃើញយើងទោះបីជាអ្វីដែលនាងនិយាយមកនោះជាការពិតក្តី កុហក់ក្តី តែសឲ្យឃើញថានាងចាប់អារម្មណ៍ចំពោះយើងខ្លាំងណាស់។
៣. នាងតែងណែនាំឲ្យមិត្តភក្តិ ឬក្រុមគ្រួសារនាងបានស្គាល់ * បើនាងពេញចិត្តយើងនាងនឹងណែនាំឲ្យមិត្តភក្តិ ឬក្រុមគ្រួសារនាងបានស្គាល់យើង ព្រមទាំងមិនខ្លាចដើរជាមួយយើងចូលក្នុងចំំណោមអ្នកដែលស្គាល់នាងឡើយ ជួនកាលនាងអាចសំដែងចេញឲ្យឃើញថានាងចូលចិត្តយើងទាំងកណ្តាលចំណោមក៏មានដែរ។
៤. នាងចូលចិត្តប៉ះពាល់យើងញឹកញាប់ * បើសិនជានាងប៉ះពាល់យើងញឹកញាប់ ក្នុងពេលដែលនាងជជែកជាមួយយើងទោះបីអង្គុយ ឈរ ឬដើរក្តី វាជាសញ្ញាថានាងពេញចិត្តយើងណាស់ ឬជួនកាលយើងប៉ះត្រឡប់ទៅនាងវិញទោះដោយអចេតនាក្តី ចេតនាក្តី នាងពេញចិត្តឲ្យប៉ះដោយមិនងាកចេញ នេះក៏ជាតម្រុយមួយបញ្ជាក់ថានាងព្រមក្នុងចិត្តរួចហើយឲ្យយើងប៉ះនាង។ ទោះបីជាពេលនិយាយគ្នានាងមិនបានប៉ះយើងក្តី តែមិនមានន័យថានាងមិនពេញចិត្តយើងនោះឡើយ នេះអាចថាមកពីនាងនៅមិនទាន់ទុកចិត្ត ឬខ្លាចយើងនៅឡើយក៏មាន។ បើភ្នែករបស់នាងដៀងសម្លឹងមករកយើងគ្រប់ពេល ឬលួចសម្លឹងមករកយើងក្នុងក្រសែភ្នែកមួយបែបមាយានោះក៏ជាសញ្ញាថានាងចូលចិត្តយើងដែរ តែមិនមែនមានចិត្តស្រឡាញ់យើងផងក៏ថាបាន តែពិតជានាងចូលចិត្តយើង។
៥. នាងធ្វើត្រាប់តាមយើង * បើយើងសង្កេតឃើញថានាងចូលចិត្តត្រាប់តាមយើងនោះក៏ជាសញ្ញាមួយថានាងចូលចិត្តយើងដែរ តែវាមិនមានន័យជ្រៅពេកនោះទេ ជួនកាលការដែលនាងធ្វើត្រាប់តាមនោះគ្រាន់តែជាការកំប្លែងលេងក៏មានដែរ ឬអាចថានាងចង់ឲ្យបរិយាកាសនោះប្រកបដោយភាពសប្បាយរីករាយក៏ថាបាន។ មានកាយវិការមួយចំនួនដែលនាងអាចស្តែងចេញឲ្យឃើញដូចជាអង្គុយជិតយើង ឲ្យអ្វីមួយមកយើងក្នុងកាយវិការមួយទន់ភ្លន់ប្លែកពីធម្មតា ទាំងនេះជាសញ្ញាមួយប្រាប់ថានាងចូលចិត្តយើងហើយ។
៦. នាងប្រច័ណ្ឌបើមាននារីណាផ្សេងនៅក្បែរយើង * បើយើង និងនាងជាមិត្តនិងគ្នា ហើយមានអ្នកណាមួយផ្សេងទៀត (ជានារី) មកនិយាយរកយើង ឬយើងនិយាយតបជាមួយនារីផ្សេង នាងបែរជាសម្តែងអាការៈមិនពេញចិត្ត ឬមួម៉ៅ នោះបានន័យថានាងច្រណែន នាងប្រច័ណ្ឌ នាងមិនសប្បាយចិត្ត ព្រោះមិនចង់ឲ្យយើងទាក់ទងជាមួយនារីផ្សេងក្រៅពីនាង នេះគឺជាតម្រុយនៃការស្រឡាញ់យ៉ាងច្បាស់ វាអាចទៅលើសពីការចូលចិត្តរួចទៅហើយ ទោះបីនាងមិនបានបង្ហាញឲ្យដឹងក៏ដោយចុះក៏ថាពិតណាស់ថានាងស្រឡាញ់យើងហើយ។
៧. បើនាងសើចពេលយើងនិយាយកំប្លែងលេង * បើនាងចូលចិត្តយើងនាងអាចសើច សូម្បីរឿងមិនត្រូវសើចក៏ដោយចុះ ទោះបីអ្វីដែលយើងនិយាយនោះមិនគួរឲ្យស្តាប់ ក៏នាងចូលចិត្តដែរនោះ។ តែបើនាងសើចទាំងបង្ខំ ឬសើចក្នុងន័យពេបជ្រាយ ក្នុងន័យសើចបែបក្លែងក្លាយ ឬគ្រាន់តែជាការគួរសម ហើយងាកមុខចេញ នោះមានន័យថានាងមិនចូលចិត្តយើងទេ បិទមាត់ឈប់និយាយទៅ។
៨. នាងអាចបង្ហាញភាពស្និទ្ធស្នាលក្នុងចំណោមគេឯង * បើនាងសម្តែងឲ្យឃើញពីការចាប់អារម្មណ៍របស់នាងចំពោះយើង នាងអាចបង្ហាញកាយវិការមួយអាចឲ្យអ្នកនៅជុំវិញយល់បានថានាងពេញចិត្តយើងជាងអ្នកដទៃ ឬជួនកាលនាងធ្វើឲ្យគេឯងដឹងថា យើងនេះមានទំនាក់ទំនងមួយយ៉ាងពិសេសជាមួយនាងត្រង់នេះវាគឺជាកាយវិការមួយយ៉ាងប្រាកដថានាងចង់ឲ្យគេគ្រប់គ្នាដឹងថា យើងគឺជារបស់់នាង។ តែសូមប្រយ័ត្នផងកុំញ៉េះញ៉ោះជាមួយនារីណាផ្សេង ទោះបីនៅចំពោះមុខនាងក្តី នៅឆ្ងាយពីភ្នែកនាងក្តី ព្រោះនាងអាចលួចសួរអ្នកផ្សេងពីយើងកាលបើមានអ្នកណាមួយនិយាយមិនល្អ ប្រាប់នាងនោះវាអាចក្លាយទៅជាថ្នូរប្រច័ណ្ឌមួយមិនខាន។
៩. យើងអាចជួបប្រទះមុខជាមួយនាងញឹកញាប់ * បើសិនជានាងចូលចិត្តយើង នាងអាចរកឱកាសឲ្យបានជួបមុខជាមួយយើងដោយប្រការណាមួយ ទោះជាមិនមានអ្វីជាសំខាន់ក៏ដោយក៏នាងព្យាយាមឲ្យខានតែបាន ដើម្បីបានជួបយើងដែរ ជួនកាលនាងអាចលួចសួរឲ្យដឹងពីដំណើររបស់យើងទីដែលយើងទៅ ឬយើងនៅកន្លែងណាច្រើនជាងគេ ជួនកាលទៅគ្មានរឿងអីសោះ ប៉ុន្តែនាងព្យាយាមរកឱកាសមកនិយាយជាមួយយើងក៏សឹងមាន។
១០. នាងរៀបចំខ្លួនប្លែកខុសពីធម្មតាពេលមកជួបយើង * ក្នុងកាលៈទេសៈមួយ ឬដោយមិនកំណត់ នាងអាចរៀបចំទាំងកាយវិការ ឬមុខមាត់សក់សម្លៀកបំពាក់ ក្លិន ចរិតខុសពីសភាពធម្មតារបស់នាង ដូចជាសក់នាងសិតស្អាតបាត មានលាបក្រេមមាត់ សម្លៀកបំពាក់ខុសប្លែកពីប្រក្រតី នោះអាចបង្ហាញឲ្យឃើញថានាងព្យាយាមឲ្យមានការចាប់អារម្មណ៍ពីយើងហើយ នេះក៏ជាសញ្ញាមួយយ៉ាងច្បាស់ដែរថា យើងកំពុងស្ថិតនៅក្នុងផ្ទាំងស៊ីបរបស់នាង។
១១. ស្ត្រីខ្លះលេងល្បែងតាមចង់ជាមួយយើង * មាននារីខ្លះបានដឹងខ្លួនថា យើងស្រឡាញ់នាង ដូច្នេះនាងក៏ធ្វើជារឹងរូសព្រងើយកន្តើយ តែបានឲ្យតម្រុយតិចតួចមកយើងវិញ ធ្វើឲ្យយើងឆ្ងល់ នេះក៏ជាវិធីមួយចំនួនដែលនារីខ្លះបានធ្វើ ដើម្បីពង្វក់ចិត្តយើង ឲ្យតាមស្រឡាញ់នាងខ្លាំងឡើងៗ ល្បែងបែបការដែលនារីខ្លះធ្វើដូច្នេះ អាចថានាងមានហេតុផលរបស់នាង ទីមួយ : អាចថានាងចង់ដឹងពីទំហំស្រឡាញ់របស់យើងចំពោះនាង ទីពីរ : អាចថានាងចង់ដឹងថា តើការស្រឡាញ់របស់យើងចំពោះនាងមានការតស៊ូដែរឬទេ? តើយើងព្យាយាមតាមស្រឡាញ់នាងដល់កម្រិតណាទៅ បើសិនជាបុរសណាមួយដែលស្រឡាញ់នាងហើយខ្វះការព្យាយាមនិងភាពអំណត់ បុរសនោះអាចមិនមែនជាមនុស្សដែលនាងប្រាថ្នាចង់បានឡើយ តែបុរសដែលតាមនិងស៊ូទ្រាំជាមួយភាពសោះអង្គើយរបស់នាងជាមួយតម្រុយតិចតួចនោះ ទើបបានជាបុរសដែលនាងចង់បាន ព្រោះបុរសនោះ អាចស្រឡាញ់នាងមែនទើបព្យាយាមខាំ្លងបែបនេះ ត្រង់នេះវាគឺជាចំណុចមួយ ដែលបុរសខ្លះត្រូវដឹង។ ក្នុងពេលតែមួយជួនកាលមានបុរសផ្សេងទៀត(ឬច្រើនទៀត) តាមចែចង់នាងដែរ ដូច្នេះនាងអាចមានជម្រើសច្រើន ដើម្បីជ្រើសយកមួយណាដែលនាងយល់ថា អាចឲ្យនាងទទួលយកបាន ជួនកាលទៀតនាងទាក់ទងយើងផង និងទាក់ទងអ្នកផ្សេងផងក្នុងពេលតែមួយ ហើយទំនាក់ទំនងនោះគឺក្នុងក្ដីស្រឡាញ់ដូចគ្នា តែមិនមែនមានន័យថានាងមានចិត្តសាវ៉ា មានចិត្ដរាយមាយនោះទេ ផ្ទុយទៅវិញនោះគឺជាសិទ្ធិរបស់នាងក្នុងការជ្រើសរើសយកអ្នកណាមួយ ក្នុងចំណោមអ្នកទាំងអស់ដែលបានសុំស្រឡាញ់នាង។ ល្បែងបែបនេះគឺតែងមានអ្នកចាញ់ច្រើននិងមានអ្នកឈ្នះតែម្នាក់ប៉ុណ្ណោះគឺនាងខ្លួនឯង ព្រោះនាងអាចរើសបានអ្នកណាម្នាក់ដែលនាងស្រឡាញ់ពិត ដូច្នេះបុរសដែលនាងទទួលយកគឺគ្រាន់តែជាផលនៃការសម្រេចចិត្តរបស់នាងតែប៉ុណ្ណោះ ដូច្នេះបើសិនជាយើងមិនត្រូវបាននាងសម្រេចចិត្តជ្រើសយកទេ សូមកុំតូចចិត្ត នេះគឺមកពីយើងមានអ្វីៗមិនគ្រប់គ្រាន់តាមការចង់បានរបស់នាង។
១២. នាងមានអារម្មណ៍ថាមានសេចក្ដីសុខពេលនៅក្បែរយើង * ទោះបីក្នុងកាលៈទេសៈណាក៏ដោយ បើយើងសង្កេតឃើញថានាងមានអារម្មណ៍ល្អជាមួយយើងនោះបានសេចក្ដីថា នាងចង់ប្រាប់យើងថានាងពោរពេញទៅដោយសេចក្ដីសុខគ្រប់ពេលដែលនាងនៅជាមួយយើង នេះក៏ជាកាយវិការមួយប្រាប់ថានាងចាប់អារម្មណ៍ចំពោះយើងដែរ ប៉ុន្ដែបើយើងសង្កេតឃើញថានាងតែងតែរកវិធីគេចចេញពីយើង ឬមានអារម្មណ៍តោះតើយពេលជួបជាមួយយើង នោះមានន័យថា នាងគ្មានអារម្មណ៍ចំពោះវត្តមានរបស់យើងទេ។ នារីភាគច្រើនមានអារម្មណ៏ថាបុរសណាមួយដែលនាងពេញចិត្ត អាចនិយាយផ្ដោះផ្ដងជាមួយនាងបាននូវគ្រប់ហេតុផលជាមួយពាក្យសំដីមួយជាក់លាក់ច្បាស់ៗប្រកបដោយការយល់ដឹងខ្ពស់ នោះនាងអាចគិតថាបុរសនោះមិនមែនជាមនុស្សដែលចូលចិត្តនិយាយសំដីមិនបានការនោះឡើយ ហើយជាពិន្ទុមួយខ្ពស់សម្រាប់ឲ្យនាងធ្វើការវិនិច្ឆ័យ និងឈានទៅដល់ការសម្រេចចិត្តថា តើយើងជាមនុស្សប្រភេទណា គួរឲ្យនាងស្រឡាញ់ដែរឬទេ ឬក៏រាប់អានត្រឹមជាមិត្ត។ ដូច្នេះបុរសៗគួរគិតឲ្យបានមួយរយដងសិន មុនហាស្ដីទៅនារីដែលខ្លួនស្រឡាញ់ ព្រោះមួយម៉ាត់ៗដែលយើងនិយាយចេញ គឺសឹងជាពិន្ទុរបស់យើងទាំងអស់ និងសូមកុំគិតថានារីជាភេទទន់ខ្សោយតែងគ្មានបញ្ញាឲ្យសោះ នាងអាចឆ្លាតជាងយើងផងក៏មាន។
១៣. នាងចងចាំថ្ងៃពិសេសរបស់យើង * នារីខ្លះព្យាយាមចាំឲ្យបានពីថ្ងៃខែកំណើតរបស់យើងឬថ្ងៃអ្វីមួយដែលនាងគិតថាវាជាថ្ងៃពិសេសសម្រាប់នាង ដូចជាថ្ងៃដែលនាងបានជួបនិយាយជាមួយយើង ថ្ងៃដែលនាងបានស្គាល់យើង បើសិនជានាងរំលឹកឬសួរនាំរកថ្ងៃទាំងនោះ នោះបានសេចក្ដីថា នាងពេញចិត្តយើងទាំងស្រុងហើយ ព្រោះវាជាអ្វីដែលនាងចងចាំនិងចង់ឲ្យយើងចងចាំដែរ តែបើសិនជានាងភ្លាត់សួរយើង ថាតើចាំថ្ងៃនេះ ថ្ងៃនោះដែរឬទេ? តែយើងបែរជាមិនចាំវិញនោះ នាងអាចយល់បានថាយើងចាប់អារម្មណ៍ចំពោះនាងតែខាងក្រៅទេ មិនបានយកចិត្តទុកដាក់បំផុតនោះឡើយ ពិន្ទុរបស់យើងក៏ថយបន្តិចដែរ។
១៤. នាងនិយាយពីអនាគតខាងមុខជាមួយយើង * នារីដែលបាននិយាយថានៅពេលខាងមុខនាងប្រាថ្នាចង់បានយ៉ាងនេះយ៉ាងនោះចង់បានបុរសម្នាក់ដែលអាចធ្វើបែបនេះ បែបនោះ នោះវាមានន័យគ្រប់គ្រាន់ថានាងចង់ស្ដែងចេញពីដួងចិត្តនាងឲ្យបុរសនោះបានដឹងនិងចង់បានការឆ្លើយតបមួយរបស់យើង ត្រឡប់មកវិញ បើនាងគ្មានការចាប់អារម្មណ៍ចំពោះយើងទេ នាងនឹងមិននិយាយចេញពីបំណងអនាគតរបស់នាងឲ្យយើងដឹងឡើយ យើងអាចកាត់យល់បានថា នាងពេញចិត្តយើងហើយទើបនាងនិយាយពាក្យនេះចេញមក ម្យ៉ាងវិញទៀតនោះនាងចង់ដឹងថា តើយើងមានបំណងយ៉ាងណាដែរ បើសិនជានាងនិយាយដូច្នោះ។
១៥. នាងរកឱកាសបានជួយយើង * ស្ដ្រីដែលបង្ហាញឲ្យឃើញពីបំណងរបស់នាងចំពោះយើង គឺមិនមែនតាមរយៈពាក្យសំដីទាំងស្រុងនោះឡើយ ជួនកាល ត្រឹមតែតាមរយៈកាយវិការរបស់នាង គឺល្មមអាចឲ្យយើងយល់បានថានាងពេញចិត្តយើងដែរ។ នាងព្យាយាមជួយដល់កិច្ចការដែលយើងមាន។ នាងជួយជាយោបល់ចំពោះបញ្ហាដែលយើងជួបប្រទះ។ នាងសំដែងឲ្យឃើញពីចិត្តឈឺឆ្អាលចំពោះយើង។ នាងប្រាប់អ្នកផ្សេងថានាងចង់ជួយយើង។ នាងរកឱកាសឲ្យបានមកនិយាយប្រឹក្សាជាមួយយើងពីបញ្ហានានា។ នាងឲ្យយោបល់យើងច្រើនព្រោះតែនាងស្រឡាញ់យើង។
Blogger Comment
Facebook Comment