ក្លែង​ខ្លួនជា​ព្រះសង្ឃ​បម្រុង​ដើរ​បិណ្ឌបាត តែ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​កំពុង​ប្ដូរ​សំលៀកបំពាក់​

ប្រភព៖ កម្ពុជាថ្មី
កណ្ដាល៖ ដោយសារ​តែ​អត់​មាន​លុយ​ចាយវាយ​បាន​ធ្វើ​ឲ្យ​យុវជន​ម្នាក់​ក្លែងខ្លួន​ជា​ព្រះសង្ឃ​ក្នុង​គោលបំណង​ដើរ​បិណ្ឌបាត​ពី​ប្រជាពលរដ្ឋ តែ​ត្រូវ​បាន​អស់​លក្ខណ៍ ​ខណៈ​ដែល​ជិះ​ម៉ូតូ​ចូល​វត្ត​ក្រពើ​ហា​ក្នុង​គោលបំណង​ប្ដូរ​សំលៀកបំពាក់​ ហើយ​បាន​ជួប​ជាមួយ​សមត្ថកិច្ច ក៏​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​បាន​តែម្តង។​ យុវជន​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៦ និង ២៣​នាទី ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​លើ​កំណាត់​ផ្លូវ មួយ​ខ្សែ​ខាងមុខ​ក្លឹប​ហាត់ប្រាណ wellthy clup ស្ថិត​ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។​មន្ត្រី​នគរបាល​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹង​ថា យុវជន​ដែល​បម្រុង​តែ​ខ្លួន​ជា​ព្រះសង្ឃ​នោះ​មានឈ្មោះ តោ សុវណ្ណ អាយុ​២១​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ម្តុំ​វត្ត​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​​មន្ត្រី​នគរបាល​ខាងលើ​បន្ត​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ កម្លាំង​នគរបាល​បាន​ប្រទះឃើញ​មាន​បុរស​០២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១១០ ចូល​ទៅ​ក្នុង​វត្ត​ក្រពើ​ហា ស្ថិត​ក្នុង​សង្កាត់​ព្រែក​ឫស្សី​ ក្រុង​តាខ្មៅ ។

នៅ​គ្រា​ដែល​បុរស​ទាំង​០២​នាក់​បានឃើញ​សមត្ថកិច្ច​ក៏​នាំគ្នា​ប្រញាប់​ប្រញាល់​​ជិះ​ម៉ូតូ​គេច​ចេញពី​ក្នុង​វត្ត​ភ្លាមៗ​នោះ​កម្លាំង​នគរបាល​មានការ​សង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ។ លុះដល់​ចំណុច​ខាងមុខ​ក្លឹប​ហាត់ប្រាណ wellthy clupស្ថិត​ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ យុវជន​ម្នាក់​ដែល​ជិះ​នៅ​ខាងក្រោយ​បាន​ធ្លាក់​ពីលើ​ម៉ូតូ ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ឆែកឆេរ​ឃើញ​មាន​​ស្បង់ជីវ​នៅក្នុង​ខោ ក៏​សម្រេច​នាំ​យក​ទៅ​កាន់​វត្ត​ក្រពើ​ហា​ដើម្បី​ឲ្យ​ព្រះ​ចៅអធិការ​វត្ត​ផ្សឹក។​មន្ត្រី​នគរបាល​បាន​បន្ត​ថា ក្រោយពី​ធ្វើ​ពិធី​ផ្សឹក​រួចមក​សមត្ថកិច្ច​នគរ​បាល​បាន​ធ្វើ​ការសាកសួរ​ទើប​ដឹង​ថា​យុវជន​ខាងលើ​ក្លែងខ្លួន​ជា​ព្រះសង្ឃ​ក្នុង​គោក​បំណង​ដើរ​បិណ្ឌបាត​ពី​ប្រជាពលរដ្ឋ ដើម្បី​យក​លុយ​ចាយវាយ គឺ​គេ​មិន​មែន​ជា​ព្រះសង្ឃ​ពិតប្រាកដ​នោះ​ឡើយ។​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹក ​រូបគេ​បាន​ជួល​ម៉ូតូឌុប​ជិះ​ពី​ភ្នំពេញ​សំដៅ​មក​ក្រុង​តាខ្មៅ ក្នុង​គោលបំណង​ក្លែងខ្លួន​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌបាត ដោយ​បាន​ជួល​ម៉ូតូឌុប​ក្នុង​តម្លៃ​៣​ម៉ឺន​រៀល។ ពេល​ជិះ​មកដល់​វត្ត​ក្រពើ​ហា​រូបគេ​បាន​ឲ្យ​ម៉ូតូឌុបៗ​ចូល​ទៅ​ក្នុង​វត្ត​ដើម្បី​ដោះ​ខោអាវ​ចេញ រួច​គ្រង​ស្បង់​ជីវ​ដើរ​បិណ្ឌបាត ខណៈ​ពេលនោះ​ក៏បាន​ជួប​ជាមួយ​នគរបាល​ធ្វើ​ឲ្យ​គេ​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង​ក៏​ប្រញាប់​ប្រញាល់​ឲ្យ​ម៉ូតូឌុប​ជិះ​ចេញពី​វត្ត នៅ​គ្រា​ជិះ​ដល់​ចំណុច​កើតហេតុ​ក៏បាន​ធ្លាក់​ពីលើ​ម៉ូតូ​ដោយសារ​តែ​ផ្លូវ​ជង្ហុក​ពេក ហើយក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​តែម្តង​៕

មុន្នី

sochea4-full
Share on Google Plus
    Blogger Comment
    Facebook Comment