ខ្ញុំ​គ្រាន់​តែ​​ចង់​​ឃើញ​អ្នក​ដែល​ខ្ញុំ​ស្រលាញ់​បា​ន​សុខ​សុភមង្គល​

នេះ​ជារឿងរ៉ាវ​ពិត​នៃ​ជីវិត​ស្នេហា​របស់​បុរស​ម្នាក់ ដែល​បាន​ចាក​ចេញ​ពីមនុស្ស​ស្រី​ជាទីស្រលាញ់​របស់​ខ្លួន​ ដើម្បី​ទុក​ពេលវេលា​ទំនេរ​មួយ​ឲ្យ​នាង​អាច​ជ្រើ​សរើស​បុរស​ដែល​​ល្អ​ជាង​ខ្លួន។
វា​មិនមែន​ជារឿង​ងាយ​ស្រួល​ក្នុង​ចិត្ត​នោះ​ទេ នៅ​ពេល​ដែល​ខ្លួន​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ដក​ក្តីសង្ឃឹម​ចេញពី​ខ្លួន ព្រោះវាត្រូវ​ទទួល​រង​នូវ​ការឈឺចាប់ ស្ទើ​ទ្រាំ​មិនបាន​ នេះ​បើ​តាម​បទពិសោធន៌​ផ្ទាល់​ដែល​បុរស​ម្នាក់​នេះ បានប្រាប់​នាវា។ គាត់ឈ្មោះ ច.ស មានដើម​កំណើត​មកពីភាគ​នារតីនៃ​ប្រទេស​កម្ពុជា។ គាត់បានរៀបរាប់​ប្រាប់​នាវា​ថា៖
ច.ស៖ ចាប់​តាំងពីដំបូង​មក​ ខ្ញុំ​ជាអ្នកចាប់​ផ្តើម​ដោយខ្លួនឯង គឺ​លួច​ស្រលាញ់នាង រហូត​ដល់​ពេល​ដែល​នាង​បាន​ដឹង ខ្ញុំ​ដឹងយ៉ាងច្បាស់​ថា ខ្ញុំ​មិន​​មាន​សំនាង​បាន​រស់​នៅ​ជាមួយ​នាង​ដល់ចាស់​នោះ​ទេ ព្រោះ​អ្វីដែល​នាង​ត្រូវ​ការ​មិនមែន​គ្រាន់​តែ​ជាបុរស​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​និង​នាង តែ​នាង​នៅ​ត្រូវ​ការ​ទ្រព្យ​សម្បត្តិ​​ទៀត។ ពេលនោះ​យើង​គ្រាន់​តែទាក់ទង​គ្នា​តាម​ទូរស័ព្ទ និង​ហ្វេសប៊ុក​តែប៉ុណ្ណោះ។
នាវា៖ ចុះ​ហេតុអ្វី​លោក​នៅ​តែ​ទាក់ទង​នឹងនាង?
ច.ស៖ ពីព្រោះ​ការស្រលាញ់​មួយ​ដែល​វា​ខ្លាំងខ្លា​ពេក​ទៅហើយ..។ តែ​ខ្ញុំ​តែង​បដិសេធ​ជានិច្ច​រាល់​ពេល​ដែល​ចង់ជួប​ខ្ញុំ​​តាំងពីដំបូង ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិនបាច់ជួប​ប្រសើរ​ជាងជួប ព្រោះបើ​ជួប​ហើយ​ គឺច្បាស់ជាត្រូវ​ខកបំណង ហើយ​សោក​ស្តាយពេលវេលា​ដែល​ខ្ញុំ​បាន​សន្សំ​សម្រាប់​នាង​មិន​ខាន តែទីបំផុត​ខ្ញុំ​នៅ​តែ​មិន​អាច​ទ្រាំ​បាន គឺចិត្តចង់ជួប​នាង​មិន​អាច​ប្រកែក​បាន។ នេះជារឿង​ដែល​មិត្ត​ភក្តិ​ខ្ញុំ​និយាយថា វាឆ្កួត តែ​ខ្ញុំ​មិន​គិត​ដូច​គេទេ។
នាវា៖ អញ្ចឹង​ពេល​ជួប​នាង លោកសប្បាយចិត្ត​ណាស់​មែនទេ?
ច.ស៖ មិន​ដូច្នេះទេ សូម្បីនេះ​ជាពេលវេលា​ដែល​ខ្ញុំ​យល់ថា ក្តីសុបិន្ត​បានសម្រេច​ក៏ដោយ តែ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ព្រោះ​ពេល​ដែល​នាង​ជួប​ខ្ញុំ​នេះ គឺជាពេលវេលា​ដែល​នាង​កំពុងព្យាយាម​គេចវេស​ពីមនុស្ស​ម្នាក់ផ្សេង​ទៀត ដែល​នាង​ធ្លាប់​បាន​និយាយប្រាប់​ខ្ញុំ​ថា នាង​ស្រលាញ់​គេខ្លាំង​តាំងពីដើម​មក។
នាវា៖ អូហ៌ ចឹង​មានន័យថា នាង​មានមិត្ត​ប្រុស​រួច​ហើយ​មែន​ទេ មុនពេល​លោកទាក់ទង​នាង?
ច.ស៖ ប្រហែលជា​មិនមែនទេ នាង​មានមិត្ត​ប្រុស​មុនពេល​ខ្ញុំ​ទាក់​ទង​នាង​ទេ គឺខ្ញុំ​អាច​ស្រលាញ់នាង​មុន​ពេល​នាង​មិត្ត​ប្រុស​នោះ​ទៅទៀត តែ​ខ្ញុំ​មិនដែល​ប្រកាន់​នឹង​រឿងនេះ​ទេ ហើយ​កាន់តែ​អាណិត​នាង​នៅ​ពេល​ដែល​នាង​និយាយថា នាង​ធ្លាប់​គេង​យំ​ព្រោះ​តែ​បុរស​ម្នាក់​នោះ។ ខ្ញុំ​ដឹងថា ក្រោយ​ពេលជួប​នាង​ដោយ​ផ្ទាល់ ខ្ញុំ​កំពុង​កសាងកំហុស​មួយ​សម្រាប់​បុរស​ម្នាក់​នោះ និង​ចំពោះ​នាង​ផងដែរ។ ខ្ញុំ​ដឹងថា មិនអាច តែ​ខ្ញុំ​នៅ​តែធ្វើ វាគឺជារឿង​ខុសឆ្គង​សម្រាប់​ខ្ញុំ​ចំពោះ​នាង។
នាវា៖​ ចឹង​សូមលោក​រៀបរាប់​តាំងពីពេល​ដែល​លោកជួប​នាង​រហូត​លោកសម្រេច​ចិត្ត​ចាក​ចេញពីនាង..?
ច.ស៖ មែន​ហើយ! តាំងពីពេលជួប​លើក​ដំបូង ខ្ញុំ​សប្បាយ​តែសំបក​ខាងក្រៅ​ប៉ុណ្ណោះ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​នាង​មានអារម្មណ៌ល្អ ពេលនៅ​ជាមួយ​ខ្ញុំ ទោះជាពេលខ្លះ នាង​នៅ​តែ​នឹកគិត​ពីបុរស​ម្នាក់​នោះ តែខ្ញុំចង់​ឲ្យ​នាង​ញញឹម​តែប៉ុណ្ណោះ ដូច្នេះ​ខ្ញុំ​តែង​និយាយអ្វីៗ​គ្រប់​យ៉ាង​ដែល​ពេលខ្លះ ខ្ញុំ​មិន​ទាំំងដឹងផង គឺដើម្បី​ឲ្យ​នាង​យល់ថា បាននៅ​ជិត​ខ្ញុំ​នាង​មានអារម្មណ៌ល្អ ទោះ​នាង​មិនស្រលាញ់​ពិត​ប្រាកដ​ក៏ដោយ។ កន្លែង​ដែល​នាង​ធ្លាប់​ទៅ​ជាមួយ​មិត្ត​ប្រុស​មុន គឺជាកន្លែង​ដែល​ខ្ញុំ​និង​នាង​ទៅ​ដែរ។ ពេលខ្លះ​នាង​ថា មិន​ស្គាល់កន្លែង​នេះ​ តែ​ខ្ញុំ​ដឹងថា នាង​ស្គាល់ច្បាស់ជាង​ខ្ញុំ​ទៅ​ទៀត ព្រោះអី​? ព្រោះ​ខ្ញុំចង់​តែម្យ៉ាងគត់​គឺ​ផ្តល់​ទំនុកចិត្ត​ឲ្យ​នាង​ថា ខ្ញុំ​មិន​ប្រកាន់និង​រឿងចាស់ៗ​របស់នាង​ទេ។
រឿងមួយ​ទៀត គឺខ្ញុំ​ដឹងខ្លួនឯង​ច្បាស់ណាស់ថា ខ្ញុំ​មិន​សង្ហារ មិន​មានរូបសម្បត្តិ​ដែលសក្តិ​សម​​និង​នាង​ទេ ពេលបានជួប​ខ្ញុំ​ម្តង​ៗ​ នាង​មិន​ចង់​សំលឹង​មើល​មក​ខ្ញុំ​ទេ ព្រោះ​នាង​អាច​នឹង​អន់ចិត្ត​ខ្លួនឯង​ រឺ​មានអារម្មណ៌​សោក​ស្តាយ​នៅពេល​បានចំណាយពេលវេលានៅ​ជាមួយ​បុរស​ដូច​ជាខ្ញុំ។ គ្មានទាំងរូបសម្បត្តិ គ្មានទាំង​ទ្រព្យ​សម្បត្តិ​គឺជា​អ្វីដែល​ខ្ញុំ​​ត្រូវ​គិត​បំផុត​នៅ​ពេល​ដែល​បាននៅជិត​នាង។ អស់​ពេល​មួយរយៈ​ខ្លី គឺ​ដល់​ថ្ងៃ​ខួបកំណើត​របស់នាង ខ្ញុំ​បានត្រឹម​តែ​អំណោយតិច​តួចជួន​ទៅ​នាង តែពេញ​មួយថ្ងៃនោះ​ខ្ញុំ​មានអារម្មណ៌ថា នាង​នឹងចាក​ចេញ​ទៅ​ហើយ គ្រាន់តែ​នាង​មិន​ទាន់​និយាយតែប៉ុណ្ណោះ ដូច្នេះខ្ញុំបានតៀមខ្លួន​ជាស្រេស​ដើម្បី​ទទួក​យក​ពាក្យ​ដោះសារពីនាង។ ជាការពិត ថ្ងៃ​នោះ​នាង​បាន​ផ្ញើសារ​មក​ឲ្យ​ខ្ញុំ​ថា នាងចង់​ផ្តាច់ទំនាក់​ទំនង។
នាវា៖ អូហ៌ មានន័យថា នាង​ជាអ្នកសុំ​ចែក​ផ្លុវ​មុន​មែនទេ?
ច.ស៖​ មែនហើយ នេះជាលើកទីមួយ​ដែល​យើង​ផ្តាច់ទំនាក់ទំនងនិងគ្នា។ កាល់នោះ​ខ្ញុំដឹងថា នាង​ចង់​ផ្តាច់ទំនាក់​ទំនង​ពីខ្ញុំ​ ព្រោះ​នាង​មិន​ចង់​​ឲ្យ​​បុរស​​ម្នាក់​ផ្សេង​ទៀត​​ដឹងថា នាង​កំពុង​មានទំនាក់​ទំនង​ជាមួយ​ខ្ញុំ។ ខ្ញុំ​មិនហ៊ាន​ប្រើពាក្យធ្ងន់ៗ​សម្រាប់​នាង​ទេ គឺកាន់តែ​នឹក​អាណិត​នាង​ទៅ​ទៀត ព្រោះ​នាង​សម្រេច​ចិត្ត​ចាកចេញពីខ្ញុំ ព្រោះនាង​ទទួល​ការ​ផ្តល់​យោបល់ពីមិត្ត​ភក្តិជិតស្និទ្ធឹរបស់នាង។ មិត្ត​នាង​និយាយថា នៅ​ជាមួយខ្ញុំ​គ្មានអនាគត​ទេ តែបើ​នៅជាមួយ​បុរស​ម្នាក់​ដែល​គេណែនាំ​ឲ្យ​នាង​នេះ នឹង​មាន​អនាគត មានទ្រព្យ តែ​មិនប្រាកដ​ថា​មានសុភមង្គល​ទេ។ នាង​ជានារីម្នាក់​ដែល មិនហ៊ាន​អាកាត់រឿង​ធំៗ​ទេ ហេតុនេះទើប​ខ្ញុំ​អាណិត​នាង ម្យ៉ាងទៀត​នាង​ឆាប់ជឿ​គេ និងតែ​ង​យក​រឿង​ខ្លួនឯង​ទៅ​និយាយ​ប្រាប់​គេ។
ថ្ងៃនោះ​ខ្ញុំ បើទោះជា​បានត្រៀមខ្លួន​ហើយ​ក្តី តែ​ខ្ញុំពិតជាពិបាក​ក្នុងខ្លួន គឺមិនខុស​ពីមានរបស់អ្វី​មួយ​កំពុង​ចាក់​ដោត​ក្នុង​ទ្រូង​ទេ ឈឺឆៀប​រក​ស្មានមិនត្រូវ តែខ្ញុំ​នៅព្យាយាម​និយាយ​ពាក្យ​ល្អៗ ពាក្យជួន​ពរ និង​បានផ្តល់​តំលៃ​មួយ​ឲ្យ​នាង​យ៉ាងពិត​ប្រាកដ។
ប៉ុន្មានថ្ងៃ​ក្រោយ នាង​ស្រាប់​តែ​ទំនាក់ទំនង​មក​ខ្ញុំ​វិញ ហើយថា នាង​ចង់​សង​អ្វីដែល​ខ្ញុំ​បានចំណាយ​ទៅ​លើ​នាង គឺ​ពេលវេលា​ជាច្រើន​ដែល​ខ្ញុំ​បានស្រលាញ់នាង នាងចង់តបស្នង​មកវិញ​ទាំងអស់។ មិនគួរ​ឲ្យ​ជឿ​ទេ នាង​វិល​មករកខ្ញុំវិញ ព្រោះនាង​យល់ថា បុរស​ម្នាក់​​ដែល​នាង​កំពុង​សាកល្បង​ចិត្ត​នោះ មិន​មានសន្តានចិត្ត​ល្អ​គ្រប់​គ្រាន់​ទេ ហើយ​ក៏ជាការ​ផ្តល់​យោបល់ពីមិត្ត​ភក្តិរបស់នាង​ផងដែរ។ ខ្ញុំដឹងរឿង​នេះ ខ្ញុំ​កាន់តែ​អាណិត​នាង ទោះជានាង​បានទុកខ្ញុំ​ដូចជា​វត្ថុ​មួយ​ដែល​នាង​អាច​លេង​បានតាមចិត្ត​ក៏ដោយ​ ព្រោះ​នាង​នៅ​ក្មេង​ខ្ចី​មែន ហើយ​ប្រហែល​រាល់​ការសម្រេច​ទាំងឡាយ​របស់​នាង​ពីមុនមក គឺ​ប៉ាម៉ាក់នាង​ជាអ្នកអារកាត់​ទាំងស្រុង ទើប​នាង​មិនមាន​កំលាំង​ក្នុង​ការ​សម្រេច​ដោយ​ខ្លួនឯង ក្រៅ​តែពីការចាំស្តាប់​ និងទទួល​ការណែនាំពីគេ។
ពេល​ដែល​នាង​ចាកចេញ​លើក​ទី​មួយ នាង​បានធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់រស់ជាតិឈឺចាប់ក្នុងបេះ​ដូង​លើក​ដំបូង​ក្នុងឆាកជីវិត តែខ្ញុំសប្បាយចិត្ត​ព្រោះ​ខ្ញុំ​ចង់​ឲ្យ​នាង​ស្វែងរក​បុរស​ដែល​អាច​ផ្តល់អ្វីៗ​សម្រាប់នាង គឺគ្រប់គ្រាន់​សម្រាប់​នាង មិនមែន​ខ្វះខាត គ្រប់​បែប​យ៉ាង​ដូចជាខ្ញុំឡើយ។
ប៉ុន្តែ​ទំនាក់ទំនង​លើក​ទី​២ របស់យើង គឺមិនដូចមុនឡើយ ខ្ញុំ​មិនព្យាយាមជួប​នាង​ទេ។ រាល់ពេលដែលខ្ញុំ​និយាយថាចង់ជួប គឺ​គ្រាន់​តែ​ជា​ពាក្យ​​ដែល​ខ្ញុំចង់សាកល្បង​ចិត្ត​នាងថាតើ​នាង​ចង់ជួប​ខ្ញុំ​ដែររឺក៏អត់ តែ​ដូចខ្ញុំគិត​ចឹង នាង​មិន​ចង់ជួប​ខ្ញុំ​ទេ ទោះ​ពេល​ខ្លះ​នាង​បាន​មករកខ្ញុំ​ពេល​ខ្ញុំ​​កំពុងអង្គុយចាំ តែ​នោះគឺគ្រាន់​តែជាសុជីវធម៌​តែប៉ុណ្ណោះ។
នាវា៖ ចុះ​លោក​ធ្វើ​ដូចម្តេច​ ទើប​សម្រេច​ចិត្ត​ចាកចេញពីនាង..?
ច.ស៖ ក្រោយ​ពេល​ដែល​នាង​និយាយថា នាងចង់​តបស្នង​គ្រប់យ៉ាង​ឲ្យខ្ញុំវិញ នូវទឹក​ចិត្ត​ស្រលាញ់របស់​ខ្ញុំចំពោះ​នាង តែ​នាង​មិន​បានប្តូរផ្តាច់​និង​ពាក្យ​ដែល​នាង​និយាយទេ ព្រោះអ្វីដែល​នាង​ត្រូវ​ការ​នៅ​តែជា ទ្រព្យសម្បត្តិ និង​ភាពស្តុកស្តម្ភ​ដដែល​។ ខ្ញុំ​ដឹង​ច្បាស់ តែខ្ញុំ​នៅ​តែទទួល​យក​នាង​ម្តង​ទៀត ស្រប​ពេល​ដែល​នាង​កំពុង​តែបន្ត​ទំនាក់ទំនង​និង​បុរស​ម្នាក់នោះ​ មិនឈប់។ ជារឿង​ឆោតល្ងង់​របស់ខ្ញុំ ដែល​បង្ខំ​ធ្វើជាបុរស​ល្ងង់​ខ្លៅ ដើម្បី​ផ្តល់​ការជ្រើសរើស​របស់​មនុស្សស្រីដែល​ខ្លួន​ស្រលាញ់។ ខ្ញុំ​មិន​បើកឆាក​ប្រយុទ្ធ​ដើម្បីទាម​ទារ​យក​នាង​មកទេ ព្រោះ​ខ្ញុំ​មិនចង់​ឲ្យ​នាង​ឈឺចាប់​ឡើយ ព្រោះ​ការ​ប្រយុទ្ធ​ដើម្បីទាម​ទារ​យក​ស្នេហា​មួយ គឺលទ្ធផល​គ្មានអ្វី​ក្រៅពីការឈឺចាប់​នោះ​ទេ។
ថ្ងៃបន្ទាប់​មក យើង​មិនដែល​បានចេញ​ទៅណាមកណា​តែពីរនាក់​ទេ ក្នុងពេល​ចងទំនាក់ទំនង​ឡើងវិញ។ ខ្ញុំ​ចាប់​ផ្តើម​គិតថា គោល​បំណង​របស់នាង​នៅ​ពេល​នេះគឺចង់​ឲ្យខ្ញុំ​បង្ហាញ​ឲ្យ​នាង​ឃើញថា អ្វីដែល​ខ្ញុំ​មាន​ អ្វីដែល​ខ្ញុំ​ធ្វើ។ តែខ្ញុំ​ដឹងថា ខ្ញុំ​គ្មានអ្វី​នោះ​ទេ ហើយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ បើក​ផ្លូវ​ឲ្យ​នាង​សារជាថ្មី។ ខ្ញុំ​បានកុហក​នាងជាច្រើន​ដូចជា សាច់ញាតិ​ខ្ញុំ មិនត្រូវ​ការ​នាង​ទេ, ខ្ញុំ​មានប្រាក់ខែ​តិចណាស់, ខ្ញុំគ្រា់​តែជា​ប៉ូលីស​ម្នាក់​ប៉ុណ្ណោះ, ខ្ញុំ​ចង់ចេញ​ទៅបរទេស, បងស្រីខ្ញុំបង្ខំ​ឲ្យ​រៀប​ការ​នឹង​អ្នកផ្សេង ទាំងនេះ​គឺជារឿង​កុហក​ទាំងអស់ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​នាង​អស់​សង្ឍឹម​ពីខ្ញុំ។
គ្រួសារ​ខ្ញុំ​គ្រាន់តែជាអ្នក​ស្រុកស្រែ​សាមញ្ញ ដូច្នេះ​ខ្ញុំ​មិន​អាច​ឲ្យ​មនុស្ស​ម្នាក់​ដែល​មិនធ្លាប់លំបាក​សោះ មករង​ទុក្ខ​នឹង​ខ្ញុំ​បានទេ​ ហើយ​ខ្ញុំ​ដឹង​ថា ម៉ាក់ប៉ារបស់នាង​ក៏​មិនប្រាកដ​ថា​ទទួលយកខ្ញុំដែរ ព្រោះនាង​បាននិយាយប្រាប់ខ្ញុំថា ម៉ាក់ប៉ារបស់នាង​មិនចង់​ឲ្យ​នាង​លំបាក​ទេ។ ម្យ៉ាង​ទៀត ការនិយាយពាក្យ​បែក​គ្នា​លើក​នេះ ក៏​ប្រហែលជាបំណង​របស់នាង​ដែរ គ្រាន់​តែនាង​នៅជាប់ជំពាក់​និង​ខ្ញុំ​​ដោយសម្តីថា តបស្នង​នូវ​អ្វី​ដែល​ខ្ញុំ​បានចំណាយ​មកលើនាងប៉ុណ្ណោះ។
ក្នុងចិត្ត​ខ្ញុំ ពិតជាពិបាកទទួល​យក​ណាស់ ព្រោះខ្ញុំ​មិនចង់​បាត់បង់​នាង​ទេ តែខ្ញុំ​ក៏​មិនអាច​ដណ្តើម​យក​នាង​មក​ ហើយធ្វើ​ឲ្យ​នាង​លំបាក​ក្នុង​ជិវភាព​ឥត​គោលដៅ​របស់ខ្ញុំ​ដែរ។ ទោះ​ខ្ញុំ​មានមុខរបរ មានការងារ តែខ្ញុំ​ដឹងថា ប្រាក់ចំណូល​របស់​ខ្ញុំ​មិន​អាច​បំពេញ​តម្រូវការរបស់​នាង​បាន​ទេ។ ខ្ញុំធ្លាប់​បាន​សាកល្បង​និងនាងថា តើ​នាង​អាច​រងចាំខ្ញុំ​បាន​២ រឺ៣ឆ្នាំទៀត​ទេ..? នាង​បែជា​នៅស្ងៀម តែសំនួរ​មួយ​នេះ​ បែជាត្រូវ​បាន​ឆ្លើយ​ដោយ​មិត្ត​ភក្តិរបស់នាងថា នាង​មិនអាច​នៅ​យូរ​ដល់​ប៉ុណ្ណឹងទេ។
ខ្ញុំ​និយាយជាមួយ​នាងថា យើង​មិនអាច​បន្តទៅមុខ​ទៀត​បានទេ។ នាងស្រាប់​តែ​ឆ្លើយ​ថា ស្រេច​តែចិត្ត ធ្វើ​ម៉េច​បើ​មិនអាច.. ។ ស្តាប់​ទៅ​គឺដឹងថា នាង​ចង់​បែកចេញពីខ្ញុំ​ណាស់...
នាវា៖ តើ​លោក​គិតយ៉ាងម៉េច​នៅ​ពេលនេះ?
ច.ស៖ ខ្ញុំ​គ្រាន់តែចង់​ឲ្យ​នាង​បានសុខ រស់នៅ​ប្រកបដោយសេរីភាព ចង់ធ្វើ​អ្វី​តាមចិត្ត​នាង កុំ​ឲ្យ​មានអ្នកណា​មក​អាកាត់​ឲ្យ​នាង តែចង់​ឲ្យ​នាង​ជួបបុរស​ដែល​យោគ​យល់នាង អត់អោនទោស​កំហុស​របស់នាង ព្រមទទួល​អតីតកា​ល​របស់... ហើយគេត្រូវតែ​មានទ្រព្យ​សម្បត្តិ​ដើម្បីនាង​ផងដែរ..
ខ្ញុំ​ចង់ប្រាប់​ទៅ​នាង​ថា របស់ល្អ បើសិនជារបស់យើង វានឹង​មករក​យើង​ដោយ​ខ្លួនឯង តែបើចង់​ធ្វើជាម្ចាស់​នៃ​របស់ល្អ​នោះ ខ្លួនឯង​ក៏​ត្រូវ​តែ​មាន​ទឹកចិត្តល្អដែរ...
ខ្ញុំ​សោក​ស្តាយ​នាង តែខ្ញុំ​នឹងឈឺចាប់​បើ​នាង​មកនៅជិត​ខ្ញុំ​ហើយ​គ្មានសេចក្តីសុខ...

តើ​លោកអ្នកយល់យ៉ាងម៉េចដែរ ចំពោះ​លោក ច.ស? តើ​ការ​ស្រលាញ់​មនុស្ស​ម្នាក់​គួរតែ​ត្រូវ​ប្រយុទ្ធ​ដើម្បី​ទាមទារ​មក​ទេ? តើ​ត្រូវ​ផ្តល់​សុខ រឺផ្តល់​ទុក្ខ​ឲ្យ​មនុស្ស​ដែល​ខ្លួនស្រលាញ់?
សូមប្រិយមិត្ត​ផ្តល​គំនិត​ឲ្យ​លោក ច.ស ផង...
សូមអរគុណ..!
2378love_and_hurts.jpg
ប្រភពពី នាវា
Share on Google Plus
    Blogger Comment
    Facebook Comment