កំពង់ធំ ៖ កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង១០និង១៥នាទីយប់ កងរាជអាវុធហត្ថស្រុកស្ទោង ដឹកនាំដោយលោកវរសេនីយ៍ត្រីយ៍ ឃ៊ុន ប៊ុនហូ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោងបានដឹកនាំមន្ត្រីក្រោមឱវាទស្ទាក់ឃាត់រថយន្ត Range Rover ដឹកទំនិញគេចពន្ធចេញពីខេត្តសៀមរាបឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ។
តាមការឲ្យដឹងពីលោកវរសេនីយ៍ត្រីយ៍ ឃ៊ុន ប៊ុនហូ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោង បានឲ្យដឹងថា នៅយប់ឃាត់រថយន្តដឹកបទល្មើស លោកបានទទួលព័ត៌មានតាមបណ្តាញសម្ងាត់ពីខេត្តសៀមរាបថា មានរថយន្តម៉ាក Range Rover មួយគ្រឿងពណ៌( ស ) អត់ស្លាកលេខបានចរាចរនៅលើកំណាត់ផ្លូវជាតិលេខ៦ ឆ្លងកាត់ស្រុកស្ទោង ទើបលោកបានសុំយោបល់លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងមានការឯកភាពពីលោកព្រះរាជអាជ្ញាខេត្តកំពង់ធំឲ្យលោកដឹកនាំមន្ត្រីក្រោមឱវាទស្ទាក់ឃាត់រថយន្តខាងលើដើម្បីសុំការត្រួតពិនិត្យ ដែលសង្ស័យថា រថយន្តមួយគ្រឿងនេះបានដឹកបទល្មើស លោក ឃ៊ុន ប៊ុនហូ បានបញ្ជាក់ថា ក្រោយពីធ្វើការត្រួតពិនិត្យក៏ប្រទះឃើញមានវ៉ាលីចំនួន៤ ពណ៌ខ្មៅធំៗ បានផ្ទុកទូរស័ព្ទពេញទាំង៤វ៉ាលី ដែលមានម៉ាក LG និង SUMSUNG ក្រោយមកក៏ត្រូវបានឃាត់មនុស្សចំនួន៣នាក់ ដែលមានការពាក់ព័ន្ធ និងការដឹកបទល្មើសគេចពន្ធនេះ ទី១ឈ្មោះ កែវ សុបេ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មី ឃុំ សូត ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទី២ ឈ្មោះ កែវ សុខហេង ជាម្ចាស់ទូរស័ព្ទ អាយុ៦២ឆ្នាំ រស់នៅទីក្រុងភ្នំពេញ ចំណែក១នាក់ទៀតមិនទទួលអត្តសញ្ញាណ ព្រមទាំងវត្ថុតាងមានទូរស័ព្ទចំនួន ១៤៨៣ គ្រឿង ត្រូវបានប្រគល់ជូនលោក សារឹម សារ៉ាន់ ប្រធានរដ្ឋបាល និងគណនេយ្យ សាខាគយរដ្ឋករខេត្តកំពង់ធំនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោង។លោក សារឹម សារ៉ាន់ បានឲ្យដឹងថា ចំពោះបទល្មើសរត់គេចពន្ធដែលមានទូរស័ព្ទចំនួន ១៤៨៣គ្រឿង ត្រូវធ្វើកំណតើហេតុល្មើសច្បាប់គយ បញ្ជូនទៅថ្នាក់លើដើម្បីសុំការសម្រេចវិនិច្ឆ័យ ពីអគ្គនាយកដ្ឋានគយ។ក្នុងនោះដែរលោក សារឹម សារ៉ាន់ បានថ្លែងអំណរគុណដល់កងរាជអាវុធហត្ថស្រុកស្ទោងដែលបានធ្វើកិច្ចសហការល្អ ក្នុងការបង្ក្រាបបទល្មើសគេចពន្ធនេះ៕
ប៊ុន រដ្ឋា


Blogger Comment
Facebook Comment