លោក គួច ចំរើន នាំថវិកា របស់សាលា រាជធានីភ្នំពេញ ផ្តល់ជូនគ្រួសារសព ដែលក្នុង ការប៉ះ ទង្គិចគ្នា រវាងកម្មករ រោងចក្រ SL និងសមត្ថកិច្ច នៅមុខវត្ត ស្ទឹងមានជ័យ

ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ បាននាំយកថវិកាចំនួន ៥លានរៀល របស់សាលារាជធានីភ្នំពេញ ជូនគ្រួសារសព អ្នកស្រី អេង សុខុម ដែលស្លាប់ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នា រវាងសមត្ថកិច្ច និងបាតុករ នៃរោងចក្រ SL នៅមុខវត្តស្ទឹងមានជ័យកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៣ សម្រាប់ធ្វើបុណ្យ ៧ ថ្ងៃ ជូនសពស្ត្រីរងគ្រោះ ។

លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើនេះ ឈ្មោះ អេង សុខុម អាយុ ៤៩ឆ្នាំ មានទីលំនៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ មានមុខរបរ ជាអ្នកលក់បាយ បានស្លាប់ដោយគ្រាប់កាំភ្លើង ត្រូវចំគល់ដោះខាងស្តាំ ខណ:ដែលស្ត្រីរងគ្រោះកំពុងរុះរើរោងលក់បាយ ។

នាឱកាសនាំយកថវិកា របស់សាលារាជធានីភ្នំពេញ ផ្តល់ជូនលោក ង៉ែត វង្ស ដែលត្រូវជាប្តីនោះ លោក គួច ចំរើន បានមានប្រសាសន៍ សំណេះសំណាល ជាមួយក្រុមគ្រួសារសព ដោយសម្តែងនូវការសោក ស្តាយយ៉ាងខ្លាំង ចំពោះការស្លាប់បាត់បង់ជីវិត របស់ស្ត្រីឈ្មោះ អេង សុខុម ដែលជាជំហរគ្រួសារ ក្នុងការ ប្រកបរបររកស៊ី ចិញ្ចឹមគ្រួសារ និងកូនៗ បានរៀនរហូតដល់ថ្នាក់ បរិញ្ញាបត្រ នូវកូនស្រីច្បងម្នាក់ ។

ជាមួយការចូលរួមរំលែកទុក្ខលំបាក ជាមួយគ្រួសារស្ត្រីរងគ្រោះ លោក គួច ចំរើន សន្យាជួយផ្តល់អាហារូប ករណ៍ ជូនដល់កូនប្រុសពៅរបស់ស្ត្រីរងគ្រោះ ឲ្យរៀនមហាវិទ្យាល័យរយ:ពេល ៤ ឆ្នាំផងដែរ ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលអាជ្ញាធរខណ្ឌ បាននាំយកថវិកាទៅឧបត្ថម្ភ ដល់គ្រួសារស្រ្តីរង គ្រោះនេះ ដែលកាលពីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា លោក ហៀក ចាន់លាង នាំថវិការបស់អភិបាល រាជធានី ភ្នំពេញ ចំនួន៥លានរៀល ចូលរួម រំលែកទុក្ខក្រុមគ្រួសារសពអ្នកស្រី អេង សុខុម ដែលជួបឧប្បតិហេតុ ប៉ះទង្គិចគ្នា រវាងកម្លាំងសមត្ថកិច្ច និងក្រុមបាតុករនៃរោងចក្រ អេស អិល នៅមុខវត្តស្ទឹងមានជ័យ ។
ជាមួយគ្នានេះ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ឧបត្ថម្ភចំនួន ៥០ដុល្លារផងដែរ ៕




Share on Google Plus
    Blogger Comment
    Facebook Comment