ប្រច័ណ្ឌសង្សារវាយប៉ោងមុខ, ប៉ូលិសឃាត់ខ្លួនបុរសម្នាក់

ប្រភព៖ CEN
ភ្នំពេញ: យុវជន​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន បន្ទាប់ពី​ផឹកស្រា​ស្រវឹង ហើយ​ប្រច័ណ្ឌ​មិត្តស្រី​របស់ខ្លួន​ទៅនឹង​បុរស​ផ្សេង​។ ដែល​ហេតុការណ៍​ប្រើ​អំពើហិង្សា​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១៨​វិច្ឆិកា​នេះ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ច្រកចូល​ផ្លូវលំ​ក្លោងទ្វារវត្ត​តា​ភេ​ន សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ប៉ូលិស​ប៉ុស្តិ៍​កំបូល​បាន​ឲ្យ​ដឹងថា ជនដៃដល់​ឈ្មោះ​ប៊ុន សុធា អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​-​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​។ ចំណែក​មិត្តស្រី​រង​នូវ​អំពើហិង្សា​ឈ្មោះ ថាច់ អៀង អាយុ​២៤​ឆ្មាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ជាមួយគ្នា រងរបួស​មុខមាត់​។ ដកហូត​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ម៉ាក Smash ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1BM-8993​។​
​ប៉ូលិស​បន្តថា ដំបូង​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​រហូតដល់​ស្រវឹង ហើយ​បាន​ប្រច័ណ្ឌ​មិត្តស្រី​របស់​ខ្លួ​នៅ​នឹង​បុរស​ផ្សេង រួច​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ​។ នៅតាម​ផ្លូវ​ពួកគេ​ឈ្លោះប្រកែក​ពាក្យសម្តី​គ្នា​រហូត លុះ​មកដល់​ក្លោងទ្វារវត្ត​តា​ភេ​ន ក៏​ឈប់​ម៉ូតូ ហើយ​វាយ​និង​ទាត់​ធាក់​មិត្តស្រី​របស់ខ្លួន​ប៉ង​មុខមាត់​។ ឃើញ​ដូច្នេះ​អ្នករត់ម៉ូតូឌុប​ក៏​ជួយ​ឃាត់ និង ប្តឹង​ប៉ូលិស​។​
​ភ្លាមៗ​នោះ​ប៉ូលិស​ក៏​ចុះ​ធ្វើ​អន្តរាគមន៍​ដេញចាប់បាន​ជនដៃដល់​នៅ​ម្តុំ​ត្រពាំង​ទួល ចងស្លាបសេក (​អត់​មាន​ខ្នោះ​) រួច​បញ្ជូនទៅ​ប៉ុស្តិ៍​។ នៅ​ទីនោះ​ឳ​ពុក ម្តាយ​ពួកគេ​ទាំងសងខាង​ជួបគ្នា ជេរ​គ្នា​ផ្អើល​ពេញ​ប៉ុស្តិ៍​ប៉ូលិស​៕​

ពួកគេទាំងពីរនាក់កំពុងអង្គុយចរាចគ្នានៅប៉ុស្តិ៍ប៉ូលិស ក្រោយពេលសង្សារប្រុសវាយមិត្តស្រីនៅតាមផ្លូវ ដោយសារប្រច័ណ្ឌ
ប៉ូលិសកំពុងចងដៃជនល្មើស ដែលវាយមិត្តស្រី ក្នុងរឿងប្រច័ណ្ឌ ក្រោយពេលផឹកស្រាស្រវឹង(រូបពាក់អាវខ្មៅ)
typing_freind_cen1
នារីរងគ្រោះ ថាច់ អៀង ត្រូវសង្សារវាយប៉ោងមុខ
Share on Google Plus
    Blogger Comment
    Facebook Comment