ឃាត់ខ្លួន យុវជនសង្ស័យម្នាក់ ពីបទ លក់ និងរក្សាទុក គ្រឿងញៀន ខុសច្បាប់

ប្រភព៖ ដើមអម្ពិល
ព្រះសីហនុ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន នៃ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួន នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលា ម៉ោង ៧និង៣០នាទី ត្រង់ចំណុចក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ខណៈ ជនសង្ស័យ កំពុងធ្វើការចែកចាយកញ្ឆាក្រៀម នៅតាមទីសាធារណៈ។

លោកវរសេនីយ៍ទោ សាន់ ប៊ុនថន នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានគរ បាលខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ហាយ សុផាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រះទន្លេ ឃុំសង្ឃរ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង មានមុខរបររត់ម៉ូតូឌុប មានទីលំនៅមិនពិតប្រាកដ ។ ចំពោះវត្ថុតាងរឹបអូសបាន រួមមាន កញ្ឆា ក្រៀមចំនួន៤កញ្ចប់ – ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូ១គ្រឿង ។

លោក សាន់ ប៊ុនថន ក៏បានបញ្ជាក់ផងដែរ ជនសង្ស័យដែលបានឃាត់ខ្លួន នាពេលនេះ គឺជាមុខសញ្ញា ចាស់ដែលកម្លាំង របស់លោកតាមប្រមាញ់ជាច្រើនលើកច្រើនសារមកហើយ នាពេលថ្មីៗកន្លងទៅនេះ កម្លាំងរបស់លោកក៏បានស្ទាក់ចាប់ឃាត់ខ្លួនម្តងដែរ ។ ដោយកាលនោះ ជនសង្ស័យបានដឹងខ្លួនមុនបាន គេចខ្លួនបាត់ស្រមោល រហូតនៅថ្ងៃឃាត់ខ្លួនជនសង្ស័យ ក៏បានបង្ហាញខ្លួន ហើយក៏ត្រូវកម្លាំងរបស់លោក ចាប់ខ្លួនបានទាំងព្រឹកតែម្តង ។

សមត្ថកិច្ចក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ជនសង្ស័យនេះ ជាមុខសញ្ញាចែក ចាយគ្រឿងញៀនយ៉ាងសកម្មបំផុត នៅតំបន់ឆ្នេរអូឈើទាល និងឆ្នេអូត្រេះ ក្រុងព្រះសីហនុ។ បច្ចុប្បន្ន ជន សង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលា ដំបូងខេត្តព្រះសីហនុ ដើម្បីវិនិច្ឆ័យទោសទៅតាមច្បាប់ ៕

T-0244

Share on Google Plus
    Blogger Comment
    Facebook Comment