រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្តេជ្ញាប្រឹងប្រែង បំពេញការងារ បម្រើជាតិ

ប្រភព:ដើមអម្ពិល
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ដែលទើបតែត្រូវបាន តែងតាំង ជារដ្ឋមន្ត្រីក្រសួងថ្មីនេះ បានថ្លែងពីការប្តេជ្ញាចិត្ត ខ្ពស់ក្នុងការខិតខំ ប្រឹងប្រែងបំពេញការងារ បម្រើជាតិ ស្របតាមកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងធ្វើសមាហរណកម្ម អាជ្ញាធរប្រេងកាត ជាតិកម្ពុជា ឲ្យនៅក្រោមក្រសួងរ៉ែ និងថាមពល កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ នាទីស្តីការ គណៈរដ្ឋមន្ត្រី លោក ស៊ុយ សែម បានមានប្រសាសន៍ថា «តាមនាមឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់របស់ ក្រសួងរ៉ែ និងថាមពល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមប្តេជ្ញាចិត្តថា និងខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការបំពេញការងារ តាមមុខនាទី និងភារៈកិច្ចដ៏ថ្លៃថ្លា ចូលរួមអនុវត្ត កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៥ នៃរដ្ឋសភាក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីជាកិច្ច តបស្នងចំពោះការ ផ្តល់កិត្តិយស និងទំនុកចិត្តរបស់ប្រជាជន ព្រឹទ្ធសភា រដ្ឋសភា និងប្រមុខរាជរដ្ឋាភិបាលផង និងដើម្បីឆ្លើយតប ទៅនឹងបំណងប្រាថ្នារបស់ ប្រជាជនជាម្ចាស់ឆ្នោតទាំងអស់ផង»។

លោកបន្តថា ក្រសួងរ៉ែ និងថាមពល មានបេសកកម្មយ៉ាងធំធេងក្នុងការបង្កើតនូវរបត់ថ្មី យ៉ាងសំខាន់ មួយកម្រិតទៀត ដើម្បីជំរុញប្រើប្រាស់ឲ្យអស់លទ្ធភាពនូវសក្តានុពលនៃវិស័យឧស្សាហកម្ម និស្សារណកម្ម ការធ្វើអាជីវកម្ម ផលិតកម្ម រ៉ែ ប្រេងកាត និងឧស្ម័ន ការពួតផ្គុំកម្លាំងគ្នា រវាងវិស័យថាមពល និងរ៉ែ ប្រេងកាត និងឧស្ម័ន ព្រមទាំងការអភិវឌ្ឍវិស័យអគ្គិសនីជនបទ ការជំរុញពិពិធកម្មប្រភពថាមពល ដែលនឹងជំរុញ ការពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាផ្គត់ផ្គង់អគ្គិសនីថ្លៃសមរម្យឲ្យបានដល់ប្រជាជនទាំងអស់ ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការដែលរដ្ឋាភិបាល សម្រេចបង្កើតក្រសួងរ៉ែ និងថាមពល រួមទាំងការធ្វើសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជា ទៅក្រោម ក្រសួងរ៉ែ និងថាមពល គឺជាកំណែទម្រង់របស់រាជរដ្ឋាភិបាលនីតកាលទី៥ ។

លោកឧបនាយករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើឲ្យមន្រ្តីរាជរបស់ក្រសួងដែលទើបបង្កើតថ្មី ដែលបំបែកចេញពីក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល ឲ្យខិតខំប្រឹងប្រែងបំពេញការរបស់ខ្លួន អស់ពីលទ្ធភាពដើម្បីបម្រើជាតិ និងប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា សមាសភាពមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលវិញរួមមាន៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, លោក អ៊ិត ប្រាំង រដ្ឋលេខាធិការ, លោក ហូ វិចិត្រ រដ្ឋលេខាធិការ, លោក ឌិត ទីណា រដ្ឋលេខាធិការ, លោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការ, លោក ម៉េង សក្កិធារ៉ា រដ្ឋលេខាធិការ, លោកស្រី ប៉ែន ឆដា រដ្ឋលេខាធិការ៕
Share on Google Plus
    Blogger Comment
    Facebook Comment