ចង្រិត​ដែក​ដ៏​សម្បូរ​ប្រូតេអ៊ីន​នឹង​ទៅ​ដល់​ទីផ្សារ​ចិន បារាំង និង​អាមេរិក

ភ្នំពេញ : តារាភាពយន្ត​ហូលីវូដ​ដ៏​ល្បីល្បាញ​នាង អេនជេលីណា ជោលី បាន​និយាយ​ថា កូនៗ​របស់​នាង​ជក់​ចិត្ត​ញ៉ាំ​ចង្រិត​បំពង​ដូច​នំស្រួយ​កញ្ចប់​អ៊ីចឹង។ ខណៈ​ដែល​ប្រជាជន​កម្ពុជា​ចូលចិត្ត​ទទួលទាន​ចង្រិត​បំពង តើ​សត្វល្អិត​ដ៏​សម្បូរ​ប្រូតេអ៊ីន​នេះ​អាច​នឹង​ទទួល​បាន​ប្រជាប្រិយភាព​លើ​ទីផ្សារ​បរទេស​ដែរ​ឬ​ទេ?
ក្រុមហ៊ុន ចង្រិត​ដែក​ខ្មែរ (Khmer Iron Cricket) គិត​ថា​វា​ពិតជា​អាច​ទៅ​រួច ព្រោះ​ចង្រិត​ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន​ខ្ពស់ ហើយ​វា​អាច​កែច្នៃ​ទៅ​ជា​នំ​ដុត ម្សៅ​ប្រូតេអ៊ីន​ម៉ដ្ឋ និង​ជា​ចង្រិត​សម្ងួត​ប្រឡាក់​គ្រឿង​ដ៏​ឆ្ងាញ់​ពិសា​សមស្រប​នឹង​ទីផ្សារ បរទេស​។ ក្រុមហ៊ុន​មួយ​នេះ​ក៏​យល់​ឃើញ​ទៀត​ថា ចង្រិត​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា​ដែរ​។

131227_20a

លោក ជេរ៉ាត ថេវ៉ង់ណិត និង​​ ហ្វីលីព ឡឺណាំង ស្ថាបនិក​ក្រុមហ៊ុន​ចង្រិត​ដែក​ខ្មែរ​​។

ក្រោយពី​សម្ពោធ​ប្រតិបត្តិការ​នៅ​ខេត្ត​កែប និង​រាជធានី​ភ្នំពេញ​កាលពី​ខែ​មុន ជនជាតិ​បារាំង ជេរ៉ាត ថេវ៉ង់ណិត និង​លោក ហ្វីលីព ឡឺណាំង បាន​ក្លាយ​ទៅ​ជា​អាជីវករ​លក់​អាហារ​ចម្អិន​ពី​សត្វ​ចង្រិត​នៅ​តំបន់​អង្គរ តាមរយៈ​សណ្ឋាគារ​នានា​ដូចជា វិចតូរៀ អង្គរ សណ្ឋាគារបុប្ផាអង្គរ និង​ភោជនីយដ្ឋាន កាស្យា​ជាដើម។
លោក ហ្វីលីព ឡឺណាំង បាន​ឲ្យ​ដឹង​ថា៖ «បច្ចុប្បន្ន​យើង​មាន​ទីតាំង​លក់​២៥ កន្លែង​នៅ​សៀមរាប»។
លោក ជេរ៉ាត ថេវ៉ង់ណិត និង​លោក ហ្វីលីព ឡឺណាំង មាន​បទពិសោធ​រស់នៅ​ប្រទេស​កម្ពុជា​ជាច្រើន​ឆ្នាំ​មក​ហើយ។ អ្នក​ទាំង​ពីរ​ស្វែង​យល់​ថា ទឹកដី​នេះ​មិន​ត្រឹម​តែ​សម្បូរ​ចង្រិត​ទេ សូម្បី​តែ​ការ​បើក​កសិដ្ឋាន​ចិញ្ចឹម​សត្វល្អិត​នេះ​ក៏​មិន​សូវ​ចំណាយ​អស់ច្រើន​ដែរ។ អ្វី​ដែល​សំខាន់​គឺ​សត្វចង្រិត​ផ្ទុក​នូវ​ប្រូតេអ៊ីន​ខ្ពស់​បំផុត​រហូត​ដល់​ទៅ​៥៩​ភាគរយ​ឯណោះ។
ក្រុមហ៊ុន​ចង្រិត​ដែក​ខ្មែរ​របស់​លោក​មាន​លក់​នូវ ចង្រិត​សម្ងួត​ប្រឡាក់​គ្រឿង​ខ្ទឹមស ដែល​គេ​ប្រើ​រយៈពេល​ដុត​ចម្អិន​១៤​ម៉ោង ម្សៅ​ប្រូតេអ៊ីន​បាន​មកពី​ការ​កិន​សត្វចង្រិត​ម៉ដ្ឋ និង​នំ​ដុត​រសជាតិ​កាហ្វេ ដូង និង​ទុរេន​ដែល​មាន​ញាត់​សត្វចង្រិត​ក្នុង​នោះ។
អាហារ របស់​ក្រុមហ៊ុន​លោក​ត្រូវ​បាន​វេចខ្ចប់​យ៉ាង​មាន​សណ្ដាប់ធ្នាប់ ជាមួយ​នឹង​គម្រប​ប្លាស្ទិក​ថ្លា ស័ក្ដិសម​ទៅ​នឹង​ពាក្យ​ស្លោក​ថា ជា«​អាហារ​ឆ្ងាញ់​ពោរពេញ​ដោយ​ថាមពល»។
ទាក់ទិន​នឹង​ពាក្យ​ស្លោក​នេះ លោក ហ្វីលីព ឡឺណាំង បាន​ពន្យល់​ថា៖ «យើង​សាកសួរ​អ្នក​ដែល​បាន​ញ៉ាំ​ចង្រិត​នេះ ពួកគេ​គិត​ថា​ញ៉ាំ​ចង្រិត​ធ្វើឲ្យ​ពួកគេ​មាន​កម្លាំង​ខ្លាំងក្លា»។
លោក បាន​រៀបរាប់​ទៀត​ថា៖ «យើង​ក៏​មាន​លក់​ម្សៅ​ប្រូតេអ៊ីន​បាន​មកពី​ការ​កិន​ចង្រិត​ឲ្យ​ម៉ដ្ឋ។ ម្សៅ​នេះ​អាច​យក​ទៅ​ចម្អិន​លាយ​ជាមួយ​អាហារ​ដូច​ម្សៅស៊ុប​ដែរ ដើម្បី​បន្ថែម​ជីវជាតិ។ នេះ​គឺជា​គោលដៅ​មួយ​របស់​យើង​ក្នុង​ការ​ជួយ​ទប់ស្កាត់​បញ្ហា​កង្វះ​ជីវជាតិ​សម្រាប់​កុមារ​នៅ​កម្ពុជា»។
លោក បាន​ទាក់ទង​បណ្ដា​អង្គការ​ជាច្រើន ក៏​ដូចជា កម្មវិធី​ចំណី​អាហារ​ពិភពលោក​ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​បញ្ហា​ជំងឺ​ខ្វះ ជីវជាតិ​ផង​ដែរ។
ក្រៅពី​តួនាទី​ក្នុង​ការ​ផ្ដល់​ប្រូតេអ៊ីន​ដល់​មនុស្ស សត្វល្អិត​នេះ​ក៏​ត្រូវ​បាន​ភ្ញៀវទេសចរ​មួយ​ចំនួន​ជាប់ចិត្ត​នឹង​រសជាតិ របស់​វា​ផង​ដែរ។
ស្ថាបនិក​ក្រុមហ៊ុន​ទាំង​ពីរ​បាន​រំឭក​ថា៖ «ដើម​ឡើយ​យើង​មិន​គិត​ថា​ភ្ញៀវទេសចរ​អាច​ចាប់​អារម្មណ៍​អាហារ​នេះ​ទេ ប៉ុន្តែ​នៅ​ខេត្ត​កែប ជនបរទេស​ណា​ដែល​បាន​ភ្លក្ស​ចង្រិត​នេះ ស្រាប់តែ​ជាប់​ចិត្ត​នឹង​រសជាតិ​របស់​វា»។
ទោះ​យ៉ាង​ណា ស្ថាបនិក​ក្រុមហ៊ុន​បារាំង​នេះ​ក៏​បាន​ឆ្លងកាត់​នូវ​បញ្ហា​ជាច្រើន​ដែរ ទំរាំ​តែ​ចម្រាញ់​បាន​អាហារ​ធ្វើ​ពី​ចង្រិត​មាន​រសជាតិ​ដូច​ថ្ងៃ​នេះ។
បច្ចុប្បន្ន​ចង្រិត​ជាង​១,៥​លាន​ក្បាល​ត្រូវ​បាន​ពួកគេ​ចិញ្ចឹម​នៅក្នុង​ផ្ទៃដី​៣០០​ម៉ែត្រការ៉េ តាមរយៈ​ការ​ផ្ដល់​អាហារ បន្លែ ល្ពៅ និង​ត្រប់។ ការ​ប្រមូលផល​ត្រូវ​ធ្វើ​ឡើង​រៀងរាល់​៦​សប្ដាហ៍។ ចង្រិត​ទាំងនោះ​ត្រូវ​បាន​ចម្អិន​តាមរូបមន្ត​របស់​ចុងភៅ​ជំនាញ​លោក ជេរ៉ាត ថេវ៉ង់ណិត​។
នៅ​ថ្ងៃ​អនាគត​ឆាប់ៗ​នេះ ក្រុមហ៊ុន​របស់​លោក​គ្រោង​នឹង​នាំ​អាហារ​សត្វល្អិត​នេះ​ទៅ​បរទេស​ថែម​ទៀត​ផង។
លោក ហ្វីលីព ឡឺណាំង បាន​ថ្លែង​ថា៖ «យើង​កំពុង​តែ​ស្រាវជ្រាវ​ផលិត​អាហារ​ប្រូតេអ៊ីន​ពិសេស​សម្រាប់​អ្នក​ហាត់ កីឡា។ យើង​កំពុង​តែ​ពិភាក្សា​គ្នា​ជាមួយ​បណ្ដា​ក្រុមហ៊ុន​នៅ​បារាំង អាមរិក និង​ចិន។ យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ពង្រីក​ទៅ​បរទេស»។
លោក​សង្កត់ធ្ងន់​ថា​៖ «មនុស្ស​គ្រប់​រូប​ចេះ​ញ៉ាំ​សត្វល្អិត លើកលែង​តែ​ជនបរទេស​លោក​ខាង​លិច​ទេ»។
លោក បញ្ជាក់​ថា៖ «សាច់​គោ​មាន​ប្រូតេអ៊ីន​២៨​ភាគរយ សាច់មាន់​២០-២៥​ភាគរយ ត្រី​១០-១៣​ភាគរយ រីឯ​សត្វចង្រិត​វិញ​ផ្ទុក​ប្រូតេអ៊ីន​ដល់​ទៅ​៥៩​ភាគរយ គឺ​វា​ច្រើន​ណាស់»៕
Share on Google Plus
    Blogger Comment
    Facebook Comment