ប្រភព LookingTODAY
ភ្នំពេញៈ បច្ចុប្បន្ន មានតារាប្រុសស្រីជាច្រើនដួង កំពុងតែមមាញឹក រៀបចំឯកសារ ចេញទៅកើបលុយ នៅក្រៅប្រទេស និងស្រវ៉ា យកប្រជាប្រិយភាព ទាំងក្នុងនិងក្រៅប្រទេស ។ ដោយឡែក តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្ម ភ្លេងរីខដ កញ្ញា គៀត សុវណ្ណាឡាង បែរជាបង្ហាញពីការខ្លាចរអា និងរារែកចិត្ត នៅពេលមានសំណើរ ពីខាង Sponsor នៅក្រៅប្រទេស ទាក់ទងចង់ហៅ នាងចេញទៅសម្តែងម្ដងៗ ពោលគឺពិបាកជាងអូសឫស្សី បញ្ច្រាសចុងទៅទៀត។
តារាចម្រៀង កូនកាត់ចិន កញ្ញា គៀត សុវណ្ណាឡាង បានផ្តល់បទសម្ភាសន៍ឲ្យ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤នេះ ដោយនាង បានអួតប្រាប់ពីគម្រោងការងារថ្មីៗ របស់នាង នៅក្នុងផលិតកម្ម និងភាពរីកចម្រើន ក្នុងអាជីព ជាតារាចម្រៀងមានសន្ទុះកើនឡើង និងមានការមមាញឹកក្នុង ការត្រៀមស្ទីលថ្មីប្លែក សម្រាប់បម្រើ អារម្មណ៍ទស្សនិកជន ។ជាមួយគ្នានេះ កន្លងមក នាងក៏ធ្លាប់មាន Sponsor (អ្នកធានា) ទាក់ទងហៅទៅសម្តែង នៅក្រៅប្រទេសដែរ តែនាងមិនព្រម។
តារាចម្រៀង ដែលវិវត្តន៍ចេញពីតារាសម្ដែង គៀត សុវណ្ណាឡាង បានប្រាប់ឲ្យដឹងថា សម្រាប់ការងារ នៅក្នុងផលិតកម្ម គឺមានការ មមាញឹកច្រើន ក្នុងការស្វែងរកអ្វីដែលថ្មី សម្រាប់បង្ហាញទស្សនិកជន សូម្បីតែបទចម្រៀង ក៏ខាងផលិតកម្ម ខំប្រឹងសម្រឹតសម្រាំង ទុកឲ្យតារាចម្រៀង គ្រប់រូបក្នុងផលិតកម្មដែរ។ នាងនិយាយា “ ពេលកន្លងមកធ្លាប់ មាន Sponsor ទាក់ទងហៅខ្ញុំ ចេញទៅសម្តែង នៅក្រៅប្រទេស ម្តងជាពីរដងដែរ តែខ្ញុំបដិសេធ មិនទាន់ទទួលទេ ព្រោះថា ខ្ញុំមិនដែលឃ្លាតឆ្ងាយ ពីផ្ទះតែម្នាក់ឯង រយៈពេលយូរទេ។ ដូច្នេះសម្រាប់សំណើរចេញទៅក្រៅ ប្រហែលជាលើកពេលប៉ុន្មានឆ្នាំទៀត បានខ្ញុំចាប់ផ្តើមទទួល ដោយសារខ្ញុំនៅក្មេងពេក.. ”។
បុប្ផារូបស្រស់ សាច់សរម៉ដ្ឋរលោង គៀត សុវណ្ណាឡាង បានប្រាប់ទៀតថា ម្យ៉ាងទៀត ក្រៅពីការខ្លាចរអានេះ នាងក៏មិនទាន់ចង់ហក់លោត ចេញទៅក្រៅប្រទេស ដោយសារចង់ទុកពេលពង្រឹងទីផ្សារ ចម្រៀងឲ្យមានលំនឹងសិន ។ បើសិនជាពេលនេះ នាងទទួលការងារច្រើនផង ចេញទៅក្រៅផង នៅក្នុងស្រុក វាអាចធ្វើឲ្យកេរ្តិ៍ឈ្មោះ នាងមិននឹងនរ បោកបក់ទៅតាមខ្យល់ ជាក់ជាមិនខានទេ ។ ប៉ុន្តែសម្រាប់ការងារ នៅក្នុងប្រទេស បើសិនជាមានអ្នកទាក់ទង ចង់ហៅនាងថតរឿង ឬក៏ថតស្ពតអ្វីនោះ អាចមានពេលទំនេរ ទទួលការងារបាន ព្រោះការងារនេះ មិនធ្វើឲ្យប៉ះពាល់ដល់ការងារចម្រៀងរបស់នាង ក្នុងផលិតកម្មឡើយ ៕
Blogger Comment
Facebook Comment