ប្រភព ដើមអម្ពិល
-សមត្ថកិច្ចអះអាងថា មានតារាចម្រៀងផ្សេងទៀត កំពុងរកស៊ីបែបនេះ
ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារ អនីតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដឹកនាំដោយតំណាងអយ្យការ នៅវេលាម៉ោងប្រមាណ ៤៖៣០នាទី រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ នេះ បានចុះទៅឃាត់ខ្លួនស្រី្តម្នាក់ ដែលសមត្ថកិច្ច អះអាងថា ជាតារាចម្រៀង នៅផលិតកម្មឆ្លងដែន ឈ្មោះ អូ រស្មី ពីបទនាំក្មេងស្រី មិនទាន់គ្រប់អាយុ ទៅរួមភេទជា មួយអនិកជន ។
ស្រ្តីសង្ស័យជាតារាចម្រៀងរូបនេះ បានប្រាប់ក្មេងស្រីរងគ្រោះថា ក្រោយរួមភេទជាមួយ ភ្ញៀវរួចហើយ នោះនឹងធ្វើឲ្យក្លាយជាតារាចម្រៀង ដ៏ល្បីនៅក្នុងប្រទេសកម្ពុជា។
មន្រ្តីនគរបាល នៃការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ នេះថា ក្រោយពីទទួលពាក្យបណ្តឹង ពីម្តាយក្មេងស្រីរងគ្រោះ ដែលមានអាយុ ប្រមាណ ១៤-១៥ឆ្នាំ កម្លាំងនគរបាល បានសុំគោលការណ៍ពី លោកស្នងការ និងស្នងការរងទទួលផែន ហើយបើកការស្រាវជ្រាវ ទើបឈានទៅការចុះឆែកឆេរ នៅផ្ទះស្រ្តីសង្ស័យ ស្ថិតនៅតាមផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងឃាត់ខ្លួន តារាចម្រៀង រូបនេះតែម្តង។
មន្រ្តីនគរបាលរូបនេះ បានបន្តទៀតថា ស្រ្តីសង្ស័យបានលួងលោម ក្មេងស្រីរងគ្រោះ ដែលជាសិស្សសាលា មិនទាន់គ្រប់អាយុ ទៅរួមភេទជាមួយ ភ្ញៀវជាអនិកជន អស់រយៈពេល២ថ្ងៃ មកហើយ ដោយសន្យាថា នឹងធ្វើឲ្យក្មេងស្រីរងគ្រោះ ក្លាយជាតារាចម្រៀង ដ៏ល្បីនៅក្នុង ប្រទេសកម្ពុជា។
ជាមួយគ្នានេះ ក្រោយការចាប់ខ្លួនស្រ្តីសង្ស័យ ស្រាប់តែមានអន្តរាគមន៍ កើតឡើងជាបន្តបន្ទាប់ សុំឲ្យមានការដោះលែង ប៉ុន្តែដោយមានបទបញ្ជាពីថ្នាក់លើ ស្រ្តីសង្ស័យរូបនេះ នឹងត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការ តាមផ្លូវច្បាប់។
បើតាមមន្រ្តី នគរបាល ដែលចូលរួម នៅក្នុងប្រតិបត្តិការ ខាងលើនេះ បានបញ្ជាក់ថា ស្រ្តីសង្ស័យរូបនេះ គឺជាមុខសញ្ញាចាស់ និងធ្លាប់ធ្វើទង្វើបែបនេះ នាពេលកន្លងទៅ ដែលមានក្មេងស្រីរងគ្រោះ មិនទាន់គ្រប់អាយុ ជាច្រើននាក់ បានចាញ់បោក ហើយធ្លាក់ខ្លួន អស់ព្រហ្មចារីយ៍ ។
តែដោយមានការយកចិត្តទុកដាក់ និងបើកការស្រាវជ្រាវ តាមជំនាញរបស់ខ្លួននោះ ទើបសមត្ថកិច្ច ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ នៅពេលនេះតែម្តង។
យោងតាមចម្លើយសារភាព របស់ស្រ្តីសង្ស័យ សមត្ថកិច្ច បានថ្លែងគូសបញ្ជាក់ទៀតថា មានតារាចម្រៀង មួយចំនួនទៀត ដែលរកស៊ីបែបនេះ ដោយលួងលោម និងបោកបញ្ឆោតក្មេងស្រី មិនទាន់គ្រប់អាយុ ទៅរួមភេទជាមួយភ្ញៀវ ជាអ្នកមានលុយ ដូច្នេះសមត្ថកិច្ច បាននិងកំពុងបើកការ ស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ព្រមទាំងធ្វើការ ព្រមានទុកជាមុន ចំពោះទង្វើខុសច្បាប់បែបនេះ៕
តារាចម្រៀងនៅផលិតកម្មឆ្លងដែន អូ រស្មី ដែលសមត្ថកិច្ចឃាត់ខ្លួន
Blogger Comment
Facebook Comment