ខេត្តស្ទឹងត្រែង: លោកអភិបាលរងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងម្នាក់បានស្លាប់ ក្នុងឧបទ្ទេវហេតុក្រឡាប់រថយន្ត នៅភូមិ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីម៉ោងជាង៤ល្ងាច ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤។
លោក ឆុន ពុទ្ធី អភិបាលរងស្រុកថាឡាបរិវ៉ាត់ ឲ្យដឹងថាអភិបាលរងស្រុកម្នាក់ដែលស្លាប់ដោយក្រឡាប់រថយន្តឈ្មោះ ហែម ធូ មានស្រុកកំណើត ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ សាកសពត្រូវបានភរិយារបស់គាត់ ដឹកទៅដល់លំនៅស្ថាន នៅម៉ោង១២យប់។
លោក ឆុន ពុទ្ធី បានបន្តថា ដំណឹងមរណៈភាព លោក ហែម ធូ គឺជាការបាត់បង់ធនធានថ្នាក់ដឹកនាំម្នាក់ដែលប្រជាពលរដ្ឋស្រឡាញ់ និងរាប់អាន។ ដោយឡែកអភិបាលរងស្រុកផ្សេងទៀតក៏បានចូលនិវត្តន៍អស់ហើយ។
លោកចាន់ប៊ីប្រធានប៉ុស្តិ៍រដ្ឋបាលឃុំពុទ្រាស្រុកជ័យសែនខេត្តព្រះវិហារបាននិយាយថារថយន្តក្រឡាប់នោះម៉ាកកាមរីឆ្លាមជិះគ្នាពីរនាក់។មុនពេលកើតហេតុ រថយន្តនេះទំនងជាធ្វើដំណើរពីខេត្តកំពង់ធំហើយឆ្លងកាត់ខេត្តព្រះវិហារមកកាន់ខេត្តស្ទឹងត្រែង។ ប៉ុន្តែមកដល់វាលស្រែគ្មានផ្ទះអ្នកស្រុកក្នុងភូមិពុទ្រាឃុំពុទ្រាស្រុកជ័យសែនក៏ក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយតែម្តង។
លោក ចាន់ ប៊ី បានបន្ថែមថា រថយន្តនោះទំនងជាបើកបរក្នុងល្បឿនលឿន ទើបបណ្តាលឱ្យរេចង្កូតធ្លាក់ទៅក្នុងប្រឡាយបែបនោះ។ ក្រោយពីគ្រោះថ្នាក់មន្ត្រីនគរបាលប៉ុស្តិ៍និងកម្លាំងវិស្វកម្មក៏បានជួយសង្គ្រោះទៅកាន់មន្ទីរពេទ្យខេត្តព្រះវិហារ។
លោកប្រធានប៉ុស្តិ៍បន្តថា ដោយសារតែជនរងគ្រោះរងបួសធ្ងន់ធ្ងរពេក ទើបគ្រូពេទ្យមិនអាចជួយបានបណ្តាលឱ្យបាត់បង់ជីវិត។ ស្ត្រីរួមដំណើរម្នាក់ទៀតបានរងរបួសស្រាល៕T/c

Blogger Comment
Facebook Comment