បាត់ដំបងៈ កម្លាំងនគរបាលក្រុងបាត់ដំបង និងប៉ោយប៉ែត ដឹកនាំដោយលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានចុះឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ពាក់ព័ន្ធនឹងការចរាចរ លុយដុល្លារ ក្លែងក្លាយរាប់ម៉ឺន នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ នៅផ្ទះជនសង្ស័យ ក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សយ វ៉ាន់ស័ក្ក ភេទប្រុស អាយុ៥០ឆ្នាំ ជាមន្ត្រីយោធាភូមិភាគ៥ ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជាមួយការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានរកឃើញ និង ដកហូត លុយដុល្លារក្លែងក្លាយជាច្រើនម៉ឺនដុល្លារ តែមិនទាន់បានបញ្ជាក់ពីចំនួនពិតប្រាកដនោះទេ។
ក្រោយឃាត់ខ្លួនមន្ត្រីយោធា ជាជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅឃុំ ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។
សូមបញ្ជាក់ការឈានដល់ការឃាត់ខ្លួន ជនសង្ស័យសយ វ៉ាន់ស័ក្ក នេះ គឺក្រោយពីកម្លាំងនគរបាលក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នឹងជាបក្ខពួកឈ្មោះ តាំង ធារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ កាលពីថ្ងៃទី១៦ ខែមករា ម្សិលមិញ នៅភូមិក្បាលស្ពាន សង្កាត់ក្បាលស្ពាន ក្រុងប៉ោយប៉ែត ដោយរឹបអូស បានលុយដុល្លារក្លែងក្លាយ ជាច្រើនម៉ឺនដុល្លារផងដែរ៕

Blogger Comment
Facebook Comment