ប្រភព ដើមអម្ពិល
កោះកុងៈ នៅវេលាម៉ោង ១២,១៥នាទីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០១៤ មានគ្រោះថ្នាក់ចរាចរមួយបានកើត ឡើងបណ្ដាល ឱ្យមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ ដែលកំពុងត្រូវបានសង្គ្រោះពីក្រុមគ្រូពេទ្យបង្អែក ខេត្ដ។ ឧប្បតិហេតុការណ៍នេះ បានកើតឡើងនៅចំណុចចំណោតជិតស្ពានតាតៃ ឃុំតាតៃ ស្រុកកោះកុង ខេត្ដកោះកុង។ រថយន្ដដែលធ្លាក់ជ្រោះ ប្រភេទយីឌុបពាក់ស្លាកលេខ ភ្នំពេញ,៣ បេ,៤៣៨០ ដែលបានធ្វើដំណើរមកពីភ្នំពេញដោយនៅលើរថយន្ដមានដឹកថ្មកាវែតពេញ។
ប្រភពព័ត៌មានពីលោក ស៊ុន ឃាម អធិការនគរបាលស្រុកកោះកុង បានប្រាប់ឱ្យដឹងតាមទូរសព្ទ័នៅវេលាម៉ោង ១និង២០នាទី ក្រោយកើតហេតុបន្តិចថា ចំពោះគ្រោះថ្នាក់ចរាចរខាងលើនេះ បើតាមការពិនិត្យរបស់សមត្ថកិច្ច ឃើញរថយន្ដដឹកធ្ងន់ចុះចំណោត ហើយដាច់ហ្វ្រាំងមិនស៊ី ហើយបើកដល់ត្រង់ផ្លូវបត់ទៀតបណ្ដាលឱ្យរេចង្កូតចូលទៅជ្រោះតែម្ដង បណា្ដលឱ្យរថយន្ដធ្លាក់ជាច្រើនត្រឡប់ខូចខាតស្ទើរទាំងស្រុង។
លោកបានបន្ដថា នៅលើរថយន្ដនោះមានមនុស្សជិះទាំងអស់ចំនួន៣នាក់ ២នាក់រងរបួសធ្ងន់ និងម្នាក់ត្រូវ រថយន្ដកិនពីលើស្លាប់ភ្លាមៗតែម្ដង។ ជនរងគ្រោះដែលរងរបួសនោះមានឈ្មោះ ជាតិ ពៅ អាយុ ៥២ឆ្នាំ ជាអ្នកបើកបរ មានទីលំនៅភូមិអំពិលទឹក ឃុំវិហារហ្លួង ស្រុកល្វាឯម ខេត្ដកណ្ដាល និងឈ្មោះ ឈួន ស្រីញ៉ាញ់ ភេទស្រី អាយុ ៣៩ឆ្នាំ ទាំង២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់។ ចំណែកឯ កូនប្រុសដែលបានស្លាប់នៅនឹងកន្លែងកើតហេតុនោះ មាន ឈ្មោះ កន ចំរ៉ុង អាយុ៩ឆ្នាំ។
លោកបានបន្ដថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងរបស់លោកចុះមកដល់ភ្លាម ហើយជួយគាស់រថយន្ដ ដើម្បីជួយសង្រោះមនុស្សតែជួយបាន២នាក់ប្ដីប្រពន្ធ ចំណែកកូនប្រុសបានស្លាប់ភ្លាមៗ ដោយត្រូវរថយន្ដកិន ត្រូវ ក្បាលសំបែតដូចចេកចៀន ហើយព្រោះវៀនត្រូវធាយចេញមកក្រៅទៀត។ ជាចុងក្រោយលោកសូមឱ្យអ្នកបើកបរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ វាមើលពុំឃើញទេ ហេតុដូច្នេះ ត្រូវមានការប្រុងប្រយ័ត្ន មុនពេលបើកបរត្រូវពិនិត្យឱ្យគ្រប់ជ្រុងជ្រោយ កុំមានការធ្វេសប្រហែសឱ្យសោះ៕
Blogger Comment
Facebook Comment