អ្នកបើកបរ​ម៉ូតូ គ្មាន​ប័ណ្ណ ត្រូវ​ពិន័យ ៦ ម៉ឺន​រៀល​

ប្រភព៖ CEN
ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ព្រមាន​ថា អ្នកបើកបរ​ម៉ូតូ គ្មាន​ប័ណ្ណបើកបរ ត្រូវ​ពិន័យ ៦ ម៉ឺន​រៀល ខណៈ​អ្នកបើកបរ​ម៉ូតូ ដែលមាន​ប័ណ្ណបើកបរ មាន​ចំនួន​តែ ១៦ ម៉ឺន​នាក់ ក្នុងពេល​ម៉ូតូ​កំពុង​ធ្វើចរាចរ នៅលើ​ផ្លូវ​សាធារណៈ មាន​រហូតដល់​ទៅ ២០៥ ម៉ឺន​គ្រឿង​។ គណៈកម្មាធិការ​ជាតិ​មួយ​នេះ ក៏​អះអាងថា អ្នកបើកបរ ភាគច្រើន គ្មាន​ប័ណ្ណបើកបរ បានន័យថា មិនបាន​ឆ្លងកាត់ សាលារៀន​បើកបរ មិនចេះ​ច្បាប់​ចរាចរ គឺ​ចេះតែ​បើកបរ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ច្រើន រាល់ថ្ងៃ​។​

​លោក​ព្រាប ច័ន្ទ​វិបុល ប្រធាន​ផ្នែក​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៃ​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ជា​ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ ភាគច្រើន គឺ​មិនទាន់មាន​ប័ណ្ណបើកបរ ជាហេតុ​បង្ក​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ច្រើន រាល់ថ្ងៃ​។ បញ្ហា​អ្នកបើកបរ​ម៉ូតូ គ្មាន​ប័ណ្ណបើកបរ​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក កំពុងតែ​រៀបចំ​វិធានការ ធ្វើយ៉ាងណា​ឲ្យ​អ្នកបើកបរ ដែល​មិនទាន់មាន​ប័ណ្ណបើកបរ​នោះ ទៅ​ប្រឡង​យក​ប័ណ្ណបើកបរ បន្ទាប់ពី​គេ​បាន​រៀន​ច្បាប់​ចរាចរ​រួច​។​

​ប្រភព​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា តាមច្បាប់​ចរាចរណ៍​ផ្លូវគោក អ្នកបើកបរ ដោយ​គ្មាន​ប័ណ្ណបើកបរ ត្រូវ​ទទួលរង​ការផាកពិន័យ ជា​ប្រាក់ ឬ​ជាប់ពន្ធនាគារ​។ តែដោយសារ​អ្នកបើកបរ​ម៉ូតូ ភាគច្រើន មិនទាន់មាន​ប័ណ្ណបើកបរ យើង​(​ព្រាប ច័ន្ទ​វិបុល​) បានស្នើ​ឲ្យ​អនុវត្ត​ត្រឹមតែ​ផាកពិន័យ តាមច្បាប់​ថ្មី​សិន ចាំ​ដល់​អ្នកបើកបរ​ម៉ូតូ ភាគច្រើន មាន​ប័ណ្ណ​សិន ចាំ​អនុវត្ត​ការ​បញ្ជូនទៅ​តុលាការ​។​
​ ​
​តាម​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀតថា ម៉ូតូ​ដែល​កំពុង​ធ្វើចរាចរ លើផ្លូវ​សាធារណៈ សព្វថ្ងៃនេះ មាន​ចំនួន​រហូតដល់​ទៅ​ប្រមាណ​ជា ២០៥ ម៉ឺន​គ្រឿង​(​ជាង​ពីរលាន​) តែ​អ្នកបើកបរ​ម៉ូតូ មាន​ប័ណ្ណបើកបរ តែ​ជាង ១៦ ម៉ឺន​នាក់​ទេ​។ សព្វថ្ងៃនេះ នៅមាន​អ្នកបើកបរ​ម៉ូតូ មក​ប្រឡង​យក​ប័ណ្ណបើកបរ តែ​មិន​ច្រើន​ទេ ក្នុង​មួយខែ បានតែ​ប្រហែលជា​ពី ២.០០០ ទៅ ៣.០០០ នាក់ ក្នុងពេលដែល​ម៉ូតូ​ចុះបញ្ជី​ថ្មី មាន​ចំនួន​ដល់​ប្រមាណ​ជា ពីរម៉ឺន​គ្រឿង ក្នុង​មួយខែ​នោះ​។
​អ្នកបើកបរ​ម៉ូតូ មិន​ព្រម​នាំគ្នា មក​រៀន​ច្បាប់​បើកបរ គឺ​មកពី​នគរបាល មិនបាន​ធ្វើការ​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​ចរាចរ​។​
​ ​
​លោក​ព្រាប ច័ន្ទ​វិបុល បានបញ្ជាក់ ដោយ​យោងតាម​របាយការណ៍​ថា គ្រោះថ្នាក់​ចរាចរ សព្វថ្ងៃនេះ ភាគច្រើន បង្កឡើង​ពី​អ្នកប្រើប្រាស់​ម៉ូតូ ដែល​បាន​បើកបរ ប្រសេចប្រសាច​ពេញ​ផ្លូវ មិន​ប្រកាន់​ស្តាំ មិន​គោរព​ស្លាក​សញ្ញា បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​អ្នកដទៃ​។ នេះ​ដោយសារតែ​អ្នក​ទាំងនោះ​មិនចេះ​ច្បាប់​ចរាចរ​។ ចង់​កាត់បន្ថយ​បាន​នូវ​គ្រោះថ្នាក់​ចរាចរ ត្រូវតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​។
​ ​
​មន្ត្រី​ខាងលើ បាន​បន្តទៀតថា ប្រសិនបើ​អនុវត្ត​ត្រឹមតែ​ផាកពិន័យ​តាមច្បាប់​ថ្មី ជំនួស​ការដាក់​ពន្ធនាគា​រ​នោះ អ្នក​បើ​បរ​ម៉ូតូ គ្មាន​ប័ណ្ណបើកបរ ត្រូវ​ប្រឈម​នឹង​ការពិន័យ​ជា​ប្រាក់​ចំនួន ៦ ម៉ឺន​រៀល​។ បើ​នគរបាល​អនុវត្តតាម​ច្បាប់​ថ្មី​នេះ អ្នកបើកបរ​ម៉ូតូ​គ្មាន​ប័ណ្ណ​ភាគច្រើន ប្រាកដជា​នាំគ្នា មក​ប្រឡង​យក​ប័ណ្ណបើកបរ បន្ទាប់ពី​បាន​ឆ្លងកាត់​ការរៀន​ច្បាប់​បើកបរ​រួច បើ​មិន​ដូច្នេះ​ទេ គេ​(​អ្នកបើកបរ​គ្មាន​ប័ណ្ណ​) មិន​នាំគ្នា​មក​រៀន​ច្បាប់​ចរាចរ ដើម្បី​ប្រឡង​យក​ប័ណ្ណបើកបរ​ឡើយ​៕V/L

traffic_cen1
​ម៉ូតូ​បុក​គ្នា​នៅ​ចំ​កណ្តាល​ទ្រូង​ផ្លូវធំ​ល្វឹងល្វើយ​ដោយសារតែ​មិន​ប្រកាន់​ស្តាំ​
Share on Google Plus
    Blogger Comment
    Facebook Comment